កិច្ចការ 5:1-9 Khmer Standard Version (KHSV)

1. មាន​បុរស​ម្នាក់​ឈ្មោះ អាណា‌ណាស ភរិយា​ឈ្មោះ​សាភី‌រ៉ា។ គាត់​ក៏​បាន​លក់​ដី​របស់​គាត់​ដែរ

2. ហើយ​សម​គំនិត​ជា​មួយ​ភរិយា ទុក​ប្រាក់​មួយ​ចំណែក​សម្រាប់​ខ្លួន​ឯង រួច​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ជូន​ក្រុម​សាវ័ក*។

3. លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អាណា‌ណាស​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​មារ*​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក រហូត​ដល់​ទៅ​កុហក​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ហើយ​ទុក​ប្រាក់​ដែល​លក់​ដី​បាន​នោះ​មួយ​ចំណែក​ដូច្នេះ?

4. កាល​ដើម​ឡើយ ដី​នោះ​ជា​កម្មសិទ្ធិ​របស់​អ្នក លុះ​ដល់​អ្នក​លក់​ផុត​ទៅ ប្រាក់​ដែល​បាន​មក​នោះ​អ្នក​អាច​ប្រើ‌ប្រាស់​តាម​ចិត្ត! ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មាន​គំនិត​ប្រព្រឹត្ត​យ៉ាង​ហ្នឹង? អ្នក​បាន​កុហក​ព្រះ‌ជាម្ចាស់ គឺ​មិន​មែន​កុហក​មនុស្ស​ទេ»។

5. កាល​អាណា‌ណាស​បាន​ឮ​ពាក្យ​នេះ ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ។ រីឯ​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ក៏​ស្ញែង​ខ្លាច​ជា​ខ្លាំង។

6. ពួក​យុវជន​នាំ​គ្នា​មក​រុំ​សព​អាណា‌ណាស ហើយ​សែង​យក​ទៅ​កប់។

7. ប្រមាណ​ជា​បី​ម៉ោង​ក្រោយ​មក ភរិយា​របស់​អាណា‌ណាស​ចូល​មក​ដល់ ដោយ​មិន​បាន​ដឹង​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ​ឡើយ។

8. លោក​ពេត្រុស​សួរ​នាង​ថា៖ «សូម​ប្រាប់​ខ្ញុំ​មក​មើល៍ តើ​ប្ដី​នាង និង​នាង​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណេះ​មែន​ឬ?»។ នាង​ឆ្លើយ​ថា៖ «ចា៎ស! បាន​ប្រាក់​ប៉ុណ្ណឹង​មែន»។

9. លោក​ពេត្រុស​ក៏​មាន​ប្រសាសន៍​ទៅ​នាង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សម​គំនិត​គ្នា​ល្បង‌ល​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ដូច្នេះ? មើល៍‌ហ្ន៎! ពួក​អ្នក​ដែល​បាន​បញ្ចុះ​សព​ប្ដី​នាង​មក​ដល់​នៅ​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​នាង​យក​ទៅ​ដែរ»។

កិច្ចការ 5