4. ប៉ុន្តែ ក្នុងចំណោមអស់អ្នកដែលបានឮព្រះបន្ទូល មានមនុស្សជាច្រើនជឿ ហើយចំនួនពួកគេបានកើនឡើង ប្រមាណប្រាំពាន់នាក់។
5. លុះស្អែកឡើង ពួកមេដឹកនាំ ពួកព្រឹទ្ធាចារ្យ* និងពួកអាចារ្យ* ប្រជុំគ្នានៅក្រុងយេរូសាឡឹម
6. ជាមួយលោកមហាបូជាចារ្យ*អាណ លោកកៃផា លោកយ៉ូហាន លោកអលេក្សានត្រុស និងក្រុមគ្រួសាររបស់នាយកបូជាចារ្យទាំងអស់។
7. លោកទាំងនោះបានបញ្ជាឲ្យគេនាំលោកពេត្រុស និងលោកយ៉ូហានមកឈរនៅមុខអង្គប្រជុំ រួចសួរថា៖ «អ្នកបានធ្វើការនេះសំអាងលើអំណាចអ្វី? ក្នុងនាមនរណា?»។
8. ពេលនោះ លោកពេត្រុសបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* លោកមានប្រសាសន៍ទៅគេថា៖
9. «សូមជម្រាបអស់លោកជាអ្នកដឹកនាំប្រជាជន និងអស់លោកព្រឹទ្ធាចារ្យ! ថ្ងៃនេះ អស់លោកសួរចម្លើយយើងខ្ញុំពីអំពើល្អ ដែលយើងខ្ញុំសង្គ្រោះអ្នកពិការឲ្យបានជា តាមរបៀបណានោះ។
10. សូមអស់លោក និងប្រជារាស្ដ្រអ៊ីស្រាអែលទាំងមូលជ្រាបថា បុរសដែលឈរនៅមុខអស់លោកទាំងមានសុខភាពល្អនេះបានជា ដោយសារព្រះនាមព្រះយេស៊ូគ្រិស្ដ* ជាអ្នកភូមិណាសារ៉ែត ដែលអស់លោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។
11. ព្រះអង្គហ្នឹងហើយជា“ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ”។
12. ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។
13. កាលក្រុមប្រឹក្សាជាន់ខ្ពស់*ឃើញលោកពេត្រុស និងលោកយ៉ូហាន មានចិត្តអង់អាចដូច្នេះ គេងឿងឆ្ងល់ណាស់ ដ្បិតគេដឹងថាលោកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថាលោកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូ។
14. ប៉ុន្តែ ពួកគេរកពាក្យឆ្លើយតបវិញមិនបានសោះ ព្រោះឃើញបុរសដែលបានជានោះឈរនៅជាមួយស្រាប់។
15. ពួកគេក៏បញ្ជាឲ្យលោកទាំងពីរចេញពីអង្គប្រជុំ ហើយពិគ្រោះគ្នាថា៖
16. «តើយើងគួរធ្វើអ្វីដល់អ្នកទាំងពីរនេះ? ដ្បិតអ្នកក្រុងយេរូសាឡឹមទាំងមូលដឹងច្បាស់ថា គេធ្វើទីសម្គាល់អស្ចារ្យមួយដ៏វិសេស ដែលយើងមិនអាចបដិសេធបាន។
17. ដូច្នេះ តោងយើងហាមប្រាម និងគំរាមគេ កុំឲ្យប្រកាសប្រាប់នរណាអំពីឈ្មោះនោះតទៅទៀតឡើយ ដើម្បីកុំឲ្យរឿងនេះលេចឮខ្ចរខ្ចាយដល់ប្រជាជន»។