23. ក្រោយពីបានរួចខ្លួនហើយ លោកពេត្រុស និងលោកយ៉ូហាន នាំគ្នាទៅជួបពួកបងប្អូន រៀបរាប់អំពីសេចក្ដីទាំងប៉ុន្មានដែលពួកមហាបូជាចារ្យ និងពួកព្រឹទ្ធាចារ្យបាននិយាយ។
24. កាលពួកគេឮដូច្នោះ គេរួមចិត្តគំនិតគ្នា ហើយបន្លឺសំឡេងទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ ព្រះអង្គបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើនៅទីនោះ
25. ព្រះអង្គមានព្រះបន្ទូលដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបុព្វបុរស*យើងខ្ញុំថា៖ “ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយ នាំគ្នាបង្កើតកោលាហល? ហេតុអ្វីបានជាប្រជារាស្ដ្រនានា មានគំនិតឥតខ្លឹមសារដូច្នេះ?
26. ពួកស្ដេចនៅលើផែនដី និងពួកមេដឹកនាំពួតដៃ រួមគំនិតគ្នាប្រឆាំងនឹងព្រះអម្ចាស់ ហើយប្រឆាំងនឹងព្រះគ្រិស្ដ*របស់ព្រះអង្គ”។
27. ប្រាកដមែន! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនទាស-ពីឡាត បានរួមគ្នាប្រឆាំងនឹងព្រះយេស៊ូជាអ្នកបម្រើដ៏វិសុទ្ធ*របស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងអភិសេក ទាំងមានសាសន៍ដទៃទៀត និងប្រជារាស្ត្រអ៊ីស្រាអែលសមគំនិតផង។
28. គេនាំគ្នាប្រព្រឹត្តដូចព្រះអង្គបានកំណត់ទុកជាមុន តាមឫទ្ធិបារមី និងតាមព្រះតម្រិះរបស់ព្រះអង្គ។
29. ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមជ្រាបសេចក្ដីគំរាមរបស់ពួកគេ ហើយសូមប្រោសប្រទានឲ្យពួកអ្នកបម្រើព្រះអង្គថ្លែងព្រះបន្ទូលដោយចិត្តអង់អាចមោះមុតផង
30. សូមសម្តែងបារមីឲ្យអ្នកជំងឺបានជា ឲ្យមានទីសម្គាល់ និងឫទ្ធិបាដិហារិយ៍កើតឡើង ក្នុងព្រះនាមព្រះយេស៊ូ ជាអ្នកបម្រើដ៏វិសុទ្ធ*របស់ព្រះអង្គ»។
31. កាលពួកគេទូលអង្វរព្រះជាម្ចាស់ដូច្នោះរួចហើយ កន្លែងដែលគេជួបជុំគ្នានោះក៏រញ្ជួយ គេបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយចិត្តអង់អាច។
32. អ្នកជឿទាំងអំបាលម៉ានមានចិត្តថ្លើមតែមួយ គ្មានអ្នកណាម្នាក់នឹកគិតថាទ្រព្យសម្បត្តិដែលខ្លួនមាន ជារបស់ខ្លួនផ្ទាល់នោះឡើយ គឺគេយកមកដាក់ជាសម្បត្តិរួមទាំងអស់។
33. ក្រុមសាវ័ក*បានប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា ហើយនាំគ្នាផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់យេស៊ូមានព្រះជន្មរស់ឡើងវិញ។ ព្រះជាម្ចាស់ទ្រង់សម្តែងព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់ ដល់ពួកគេទាំងអស់គ្នា។
34. ក្នុងចំណោមពួកគេ គ្មាននរណាខ្វះខាតអ្វីឡើយ។ អស់អ្នកដែលមានដីធ្លី ឬផ្ទះសម្បែងនាំគ្នាលក់ដីធ្លី និងផ្ទះនោះ យកប្រាក់
35. មកជូនក្រុមសាវ័ក។ បន្ទាប់មក អ្នកជឿទាំងអស់គ្នាទទួលចំណែក តាមសេចក្ដីត្រូវការរៀងៗខ្លួន។
36. មានបុរសម្នាក់ ឈ្មោះយ៉ូស្វេ ជាពួកលេវី ស្រុកកំណើតនៅកោះគីប្រុស ក្រុមសាវ័កបានដាក់ឈ្មោះគាត់ថា បារណាបាស ប្រែថា «អ្នកលើកទឹកចិត្តគេ»។
37. គាត់បានលក់ចម្ការរបស់គាត់ ហើយយកប្រាក់មកជូនក្រុមសាវ័កដែរ។