18. ក្រុមប្រឹក្សាក៏ហៅសាវ័កទាំងពីរមក ហើយហាមប្រាមមិនឲ្យនិយាយ និងបង្រៀនអំពីព្រះនាមព្រះយេស៊ូជាដាច់ខាត។
19. លោកពេត្រុស និងលោកយ៉ូហាន មានប្រសាសន៍តបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើល នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គួរឲ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬធ្វើតាមបង្គាប់របស់ព្រះអង្គ?
20. យើងខ្ញុំឈប់និយាយអំពីហេតុការណ៍ដែលយើងខ្ញុំបានឃើញ បានឮនោះពុំកើតទេ»។
21. ក្រុមប្រឹក្សាជាន់ខ្ពស់រកហេតុ ដើម្បីដាក់ទោសលោកទាំងពីរមិនបាន ក៏គំរាមសាជាថ្មីទៀត រួចដោះលែងឲ្យទៅវិញ ដ្បិតប្រជាជនលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ចំពោះហេតុការណ៍ដែលកើតមាននោះគ្រប់ៗគ្នា។
22. រីឯបុរសដែលបានជាដោយរបៀបអស្ចារ្យនោះ មានអាយុជាងសែសិបឆ្នាំហើយ។
23. ក្រោយពីបានរួចខ្លួនហើយ លោកពេត្រុស និងលោកយ៉ូហាន នាំគ្នាទៅជួបពួកបងប្អូន រៀបរាប់អំពីសេចក្ដីទាំងប៉ុន្មានដែលពួកមហាបូជាចារ្យ និងពួកព្រឹទ្ធាចារ្យបាននិយាយ។
24. កាលពួកគេឮដូច្នោះ គេរួមចិត្តគំនិតគ្នា ហើយបន្លឺសំឡេងទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ ព្រះអង្គបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើនៅទីនោះ
25. ព្រះអង្គមានព្រះបន្ទូលដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបុព្វបុរស*យើងខ្ញុំថា៖ “ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយ នាំគ្នាបង្កើតកោលាហល? ហេតុអ្វីបានជាប្រជារាស្ដ្រនានា មានគំនិតឥតខ្លឹមសារដូច្នេះ?
26. ពួកស្ដេចនៅលើផែនដី និងពួកមេដឹកនាំពួតដៃ រួមគំនិតគ្នាប្រឆាំងនឹងព្រះអម្ចាស់ ហើយប្រឆាំងនឹងព្រះគ្រិស្ដ*របស់ព្រះអង្គ”។