8. គាត់ក៏ស្ទុះឈរឡើង ហើយដើរបាន។ គាត់ចូលក្នុងព្រះវិហារជាមួយសាវ័កទាំងពីររូប ទាំងដើរផង លោតផង និងសរសើរតម្កើងព្រះជាម្ចាស់ផង។
9. ប្រជាជនទាំងអស់បានឃើញគាត់ដើរ និងឮគាត់សរសើរតម្កើងព្រះជាម្ចាស់
10. គេស្គាល់ជាក់ថា អ្នកនោះហើយដែលតែងអង្គុយសុំទាននៅខ្លោងទ្វារព្រះវិហារ*ឈ្មោះ «ទ្វារលំអ» គេក៏ភ័យស្ញប់ស្ញែង ហើយងឿងឆ្ងល់ជាខ្លាំងអំពីហេតុការណ៍ដែលកើតមានដល់គាត់។
11. បុរសនោះនៅជាប់ជាមួយលោកពេត្រុស និងលោកយ៉ូហានជានិច្ច។ ប្រជាជនទាំងមូលភ័យស្ញប់ស្ញែងណាស់ គេរត់ទៅចោមរោមលោកទាំងពីរនៅថែវសាឡូម៉ូន។
12. លោកពេត្រុសឃើញដូច្នោះ ក៏មានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «បងប្អូនអ៊ីស្រាអែលអើយ! ហេតុដូចម្ដេចបានជាបងប្អូនងឿងឆ្ងល់អំពីហេតុការណ៍នេះ? ហេតុដូចម្ដេចបានជាបងប្អូនសម្លឹងមើលមកយើងខ្ញុំដូច្នេះ? តើបងប្អូនស្មានថា យើងខ្ញុំបានប្រោសបុរសនេះឲ្យដើររួច មកពីឫទ្ធានុភាពរបស់យើងខ្ញុំផ្ទាល់ ឬមកពីយើងខ្ញុំចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់?
13. ព្រះរបស់លោកអប្រាហាំ របស់លោកអ៊ីសាក និងរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងទាំងអស់គ្នា ទ្រង់បានប្រទានសិរីរុងរឿងមកព្រះយេស៊ូ ជាអ្នកបម្រើព្រះអង្គ។ បងប្អូនបានចាប់បញ្ជូនព្រះយេស៊ូទៅឲ្យគេកាត់ទោស ថែមទាំងបដិសេធមិនទទួលស្គាល់ព្រះអង្គ នៅចំពោះមុខលោកពីឡាត នៅពេលដែលលោកចង់ដោះលែងព្រះអង្គទៀតផង។
14. បងប្អូនបានបដិសេធមិនទទួលស្គាល់ព្រះដ៏វិសុទ្ធ ព្រះដ៏សុចរិត ហើយបែរជាទាមទារសុំឲ្យគេដោះលែងឃាតកទៅវិញ។
15. បងប្អូនបានឲ្យគេធ្វើគុតម្ចាស់នៃជីវិត ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍នេះ។
16. ដោយសារយើងខ្ញុំជឿលើព្រះនាមព្រះយេស៊ូ គឺព្រះនាមព្រះអង្គហ្នឹងហើយ បានធ្វើឲ្យបុរសដែលបងប្អូនឃើញ ហើយស្គាល់នេះ មានកម្លាំងឡើងវិញ។ គាត់បានជាទាំងស្រុង ដោយសារជំនឿលើព្រះយេស៊ូ ដូចបងប្អូនឃើញស្រាប់។
17. បងប្អូនអើយ ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នា និងពួកនាម៉ឺនរបស់បងប្អូន បានប្រព្រឹត្តដូច្នោះទាំងមិនដឹងខ្លួន។
18. ប៉ុន្តែ ព្រះជាម្ចាស់បានធ្វើឲ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលព្រះអង្គប្រកាសទុកជាមុន តាមរយៈព្យាការីទាំងអស់ គឺថា ព្រះគ្រិស្ដរបស់ព្រះអង្គត្រូវតែរងទុក្ខលំបាក។
19. ហេតុនេះ សូមកែប្រែចិត្តគំនិត ហើយវិលមករកព្រះជាម្ចាស់វិញ ដើម្បីឲ្យព្រះអង្គលុបបំបាត់បាបរបស់បងប្អូន។
20. ព្រះអម្ចាស់នឹងប្រទានឲ្យបងប្អូនបានស្គាល់ពេលសម្រាក ព្រមទាំងប្រទានព្រះគ្រិស្ដយេស៊ូមកបងប្អូន ដូចព្រះអង្គគ្រោងទុកជាមុន។
21. ឥឡូវនេះ ព្រះយេស៊ូគ្រិស្ដគង់នៅឯស្ថានបរមសុខ* រហូតដល់ព្រះជាម្ចាស់រៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចទ្រង់មានព្រះបន្ទូលទុក តាមរយៈពួកព្យាការីដ៏វិសុទ្ធ*របស់ព្រះអង្គ នៅជំនាន់ដើមស្រាប់។
22. លោកម៉ូសេមានប្រសាសន៍ថា: “ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនអ្នករាល់គ្នា អ្នករាល់គ្នាត្រូវស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ប្រាប់។
23. រីឯអស់អ្នកដែលមិនព្រមស្ដាប់ព្យាការីនេះ នឹងត្រូវដកចេញពីចំណោមប្រជារាស្ដ្រ”។
24. ព្យាការីទាំងប៉ុន្មានដែលបានថ្លែងព្រះបន្ទូល គឺចាប់តាំងពីលោកសាំយូអែលរៀងមក សុទ្ធតែបានថ្លែងទុកអំពីពេលសព្វថ្ងៃនេះ។