8. ឪពុករបស់លោកពូព្លាសសម្រាន្ដនៅលើគ្រែ ព្រោះគាត់គ្រុនផង មួលផង។ លោកប៉ូលបានចូលទៅក្នុងផ្ទះគាត់ ហើយអធិស្ឋានដាក់ដៃ*ពីលើ និងប្រោសគាត់ឲ្យបានជា។
9. អ្នកជំងឺឯទៀតៗនៅលើកោះឃើញគាត់ជាដូច្នេះ គេក៏នាំគ្នាមកដែរ ហើយបានជាទាំងអស់គ្នា។
10. ពួកគេបានសម្តែងការគោរពគ្រប់យ៉ាង ចំពោះយើង។ នៅពេលយើងចេញដំណើរ ពួកគេបានជួយឧបត្ថម្ភនូវអ្វីៗដែលយើងត្រូវការ។
11. បីខែក្រោយមក យើងចុះសំពៅមួយឈ្មោះ «ឌីអូស្គួរ» ជាសំពៅមកពីក្រុងអលេក្សានទ្រា ដែលបានចតនៅកោះនោះក្នុងអំឡុងពេលរដូវរងា។
12. លុះមកដល់ក្រុងស៊ីរ៉ាគូស យើងបានស្នាក់នៅទីនោះបីថ្ងៃ។
13. បន្ទាប់មក យើងបានសសៀរតាមឆ្នេរសមុទ្រទៅដល់ក្រុងរេគាម។ ស្អែកឡើង មានខ្យល់បក់មកពីទិសខាងត្បូង ហើយក្នុងរវាងតែពីរថ្ងៃ យើងមកដល់ក្រុងពូទីយ៉ូលី។
14. នៅក្រុងនោះ យើងបានជួបពួកបងប្អូន គេអញ្ជើញយើងឲ្យស្នាក់នៅជាមួយអស់រយៈពេលប្រាំពីរថ្ងៃ។រីឯដំណើររបស់យើងទៅកាន់ក្រុងរ៉ូម បានប្រព្រឹត្តដូចតទៅ:
15. ពួកបងប្អូននៅក្រុងរ៉ូមដឹងដំណឹងអំពីយើង ក៏នាំគ្នាធ្វើដំណើររហូតទៅដល់ផ្សារអាប់ភាស និងភូមិផ្ទះសំណាកបីខ្នង ដើម្បីទទួលយើង។ កាលលោកប៉ូលឃើញបងប្អូនទាំងនោះ លោកបានអរព្រះគុណព្រះជាម្ចាស់ ហើយមានចិត្តក្លាហានឡើងវិញ។
16. លុះយើងមកដល់ក្រុងរ៉ូមហើយ អាជ្ញាធរអនុញ្ញាតឲ្យលោកប៉ូលនៅផ្ទះមួយ តាមបំណងចិត្តលោក តែគេដាក់ទាហានម្នាក់ឲ្យនៅយាមលោក។
17. បីថ្ងៃក្រោយមក លោកប៉ូលអញ្ជើញអ្នកមុខអ្នកការ ក្នុងចំណោមជនជាតិយូដាឲ្យមកជួបលោក។ លុះគេមកជួបជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំពុំបានធ្វើអ្វីប្រឆាំងនឹងប្រជាជាតិយើង ឬក៏ទាស់នឹងប្រពៃណីបុព្វបុរស*យើងទេ តែគេបានចាប់ខ្ញុំឃុំឃាំងនៅក្រុងយេរូសាឡឹម និងបញ្ជូនខ្ញុំមកក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម៉ាំង។
18. កាលពួករ៉ូម៉ាំងសួរចម្លើយខ្ញុំរួចរាល់ហើយ គេចង់ដោះលែងខ្ញុំវិញ ព្រោះគេពុំឃើញខ្ញុំមានកំហុសអ្វី គួរនឹងមានទោសដល់ជីវិតនោះឡើយ។
19. ប៉ុន្តែ ជនជាតិយូដាបាននាំគ្នាជំទាស់ ជាហេតុបង្ខំឲ្យខ្ញុំសុំឡើងមកដល់ព្រះចៅអធិរាជ។ រីឯខ្ញុំវិញ ខ្ញុំគ្មានគោលបំណងនឹងចោទប្រកាន់ប្រជាជាតិរបស់ខ្ញុំទេ។
20. ហេតុនេះហើយបានជាខ្ញុំសុំជួប និងសុំនិយាយជាមួយបងប្អូន ដ្បិតខ្ញុំជាប់ចំណង ព្រោះតែសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល»។
21. អ្នកទាំងនោះតបវិញថា៖ «យើងពុំបានទទួលសំបុត្រអ្វីពីស្រុកយូដាស្ដីអំពីលោកឡើយ ហើយក៏គ្មានបងប្អូនណាម្នាក់មករាយការណ៍ ឬនិយាយអាក្រក់ពីលោកដែរ។
22. យើងចង់ស្ដាប់លោកមានប្រសាសន៍អំពីគំនិតរបស់លោក ព្រោះយើងដឹងថាមានគេជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។
23. គេបានណាត់ពេលជួបលោកប៉ូលម្ដងទៀត នៅថ្ងៃណាមួយ។ លុះដល់ថ្ងៃនោះហើយ មានមនុស្សច្រើនជាងមុនមកផ្ទះលោកប៉ូល។ លោកបានវែកញែក និងធ្វើជាបន្ទាល់អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ប្រាប់គេតាំងពីព្រឹករហូតដល់ល្ងាច ដោយលើកយកគម្ពីរវិន័យរបស់លោកម៉ូសេ និងគម្ពីរព្យាការី*មកពន្យល់បញ្ជាក់ប្រាប់គេអំពីព្រះយេស៊ូ។