1. កាលបានរួចជីវិតហើយ យើងដឹងថា កោះនោះឈ្មោះ កោះម៉ាល់ត៍។
2. អ្នកកោះនោះបានទទួលយើង ដោយចិត្តសប្បុរស រកអ្វីប្រៀបផ្ទឹមពុំបាន។ គេអញ្ជើញយើងទាំងអស់គ្នាមកជុំវិញភ្នក់ភ្លើងមួយយ៉ាងធំ ដែលគេបានដុត ដ្បិតពេលនោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់ណាស់ផង។
3. លោកប៉ូលរើសមែកឈើមួយកងមកបោះក្នុងភ្លើង ស្រាប់តែមានពស់វែកមួយលូនចេញមក ដោយកម្ដៅភ្លើង ហើយចឹកដៃលោកជាប់។
4. កាលអ្នកកោះនោះឃើញពស់ចឹកដៃលោកជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះយុត្តិធម៌ មិនទុកឲ្យគាត់នៅរស់រានមានជីវិតដែរ»។
5. លោកប៉ូលបានរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើង តែលោកពុំឈឺចុកចាប់អ្វីទេ។
6. អ្នកកោះនោះរង់ចាំមើលលោកប៉ូលហើមខ្លួន ឬក៏ត្រូវដាច់ខ្យល់ស្លាប់។ ប៉ុន្តែ ក្រោយពីចាំមើលអស់រយៈពេលយ៉ាងយូរមក គេឃើញថាគ្មានហេតុអាក្រក់កើតដល់លោកសោះ គេក៏ដូរគំនិត ហើយបែរជាពោលថាលោកប៉ូលជាព្រះវិញ។
7. នៅជិតនោះ មានដីមួយកន្លែង ដែលជាកម្មសិទ្ធិរបស់មេកន្ទ្រាញកោះ ឈ្មោះពូព្លាស។ គាត់បានទទួលយើងឲ្យស្នាក់នៅយ៉ាងរាក់ទាក់ ចំនួនបីថ្ងៃ។
8. ឪពុករបស់លោកពូព្លាសសម្រាន្ដនៅលើគ្រែ ព្រោះគាត់គ្រុនផង មួលផង។ លោកប៉ូលបានចូលទៅក្នុងផ្ទះគាត់ ហើយអធិស្ឋានដាក់ដៃ*ពីលើ និងប្រោសគាត់ឲ្យបានជា។
9. អ្នកជំងឺឯទៀតៗនៅលើកោះឃើញគាត់ជាដូច្នេះ គេក៏នាំគ្នាមកដែរ ហើយបានជាទាំងអស់គ្នា។
10. ពួកគេបានសម្តែងការគោរពគ្រប់យ៉ាង ចំពោះយើង។ នៅពេលយើងចេញដំណើរ ពួកគេបានជួយឧបត្ថម្ភនូវអ្វីៗដែលយើងត្រូវការ។
11. បីខែក្រោយមក យើងចុះសំពៅមួយឈ្មោះ «ឌីអូស្គួរ» ជាសំពៅមកពីក្រុងអលេក្សានទ្រា ដែលបានចតនៅកោះនោះក្នុងអំឡុងពេលរដូវរងា។
12. លុះមកដល់ក្រុងស៊ីរ៉ាគូស យើងបានស្នាក់នៅទីនោះបីថ្ងៃ។
13. បន្ទាប់មក យើងបានសសៀរតាមឆ្នេរសមុទ្រទៅដល់ក្រុងរេគាម។ ស្អែកឡើង មានខ្យល់បក់មកពីទិសខាងត្បូង ហើយក្នុងរវាងតែពីរថ្ងៃ យើងមកដល់ក្រុងពូទីយ៉ូលី។
14. នៅក្រុងនោះ យើងបានជួបពួកបងប្អូន គេអញ្ជើញយើងឲ្យស្នាក់នៅជាមួយអស់រយៈពេលប្រាំពីរថ្ងៃ។រីឯដំណើររបស់យើងទៅកាន់ក្រុងរ៉ូម បានប្រព្រឹត្តដូចតទៅ:
15. ពួកបងប្អូននៅក្រុងរ៉ូមដឹងដំណឹងអំពីយើង ក៏នាំគ្នាធ្វើដំណើររហូតទៅដល់ផ្សារអាប់ភាស និងភូមិផ្ទះសំណាកបីខ្នង ដើម្បីទទួលយើង។ កាលលោកប៉ូលឃើញបងប្អូនទាំងនោះ លោកបានអរព្រះគុណព្រះជាម្ចាស់ ហើយមានចិត្តក្លាហានឡើងវិញ។
16. លុះយើងមកដល់ក្រុងរ៉ូមហើយ អាជ្ញាធរអនុញ្ញាតឲ្យលោកប៉ូលនៅផ្ទះមួយ តាមបំណងចិត្តលោក តែគេដាក់ទាហានម្នាក់ឲ្យនៅយាមលោក។