5. យើងបានឆ្លងសមុទ្រ ជិតស្រុកគីលីគា និងស្រុកប៉ាមភីលា ហើយមកដល់ក្រុងមីរ៉ា ក្នុងស្រុកលូគា។
6. នៅក្រុងនោះ លោកនាយទាហានរកបានសំពៅមួយ មកពីស្រុកអលេក្សានទ្រា ហើយត្រូវចេញទៅស្រុកអ៊ីតាលី គាត់ក៏នាំយើងចុះសំពៅនោះ។
7. សំពៅទៅមុខសន្សឹមៗអស់រយៈពេលជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដូស ទាំងលំបាកបំផុត។ ដោយខ្យល់បក់មកពីមុខ យើងក៏បត់សំពៅទៅរកជ្រោយសាលម៉ូន សសៀរតាមបណ្ដោយកោះក្រែតវិញ។
8. យើងបន្តដំណើរយ៉ាងលំបាក តាមបណ្ដោយកោះនោះ ហើយក៏បានមកដល់កន្លែងមួយឈ្មោះ “កំពង់ស្អាត” ដែលនៅជិតក្រុងឡាសេ។
9. យើងបានខាតពេលជាច្រើនថ្ងៃ ហើយសំពៅទៅមុខកាន់តែពិបាក ដ្បិតពេលនោះ ជាពេលក្រោយថ្ងៃពិធីបុណ្យតមអាហារ។ លោកប៉ូលជូនយោបល់គេថា៖
10. «ខ្ញុំយល់ថា បើយើងបន្តដំណើរទៅមុខទៀតនោះ គ្រោះថ្នាក់ណាស់ មិនត្រឹមតែធ្វើឲ្យខូចខាតទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងមានគ្រោះថ្នាក់ដល់ជីវិតយើងទៀតផង»។
11. ប៉ុន្តែ លោកនាយទាហានបានទុកចិត្តអ្នកបើកសំពៅ និងនាយសំពៅជាងពាក្យរបស់លោកប៉ូល។
12. ដោយកំពង់ផែនោះមិនមែនជាកន្លែងស្រួលស្នាក់អាស្រ័យ នៅរដូវរងា អ្នកសំពៅភាគច្រើនបានសម្រេចចិត្តឲ្យចេញសំពៅទៅមុខទៀត។ ប្រសិនបើអាចធ្វើបាន គេចង់ទៅដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រែត ដែលបែរទៅរកទិសនិរតី និងទិសពាយ័ព្យ ដើម្បីស្នាក់នៅទីនោះក្នុងរដូវរងា។
13. ពេលនោះ មានខ្យល់បក់មកតិចៗពីទិសខាងត្បូង ពួកគេយល់ឃើញថាជាឱកាសល្អសម្រាប់គម្រោងការរបស់គេ គេក៏នាំគ្នាស្រាវយុថ្កា ហើយចេញសំពៅសសៀរៗកោះក្រែតទៅ។
14. ប៉ុន្តែ បន្តិចក្រោយមក មានខ្យល់ព្យុះមួយយ៉ាងខ្លាំង ឈ្មោះ «ខ្យល់ព្យុះអ៊ើរ៉ាគ្លីដូន» បក់ពីកោះមក
15. នាំសំពៅទៅតាមខ្យល់ ហើយដោយយើងពុំអាចធ្វើឲ្យសំពៅបើកបញ្ច្រាសខ្យល់វិញបាន យើងក៏បណ្ដោយឲ្យសំពៅរសាត់ទៅតាមខ្យល់ទៅ។
16. ពេលមកដល់ខាងត្បូងកោះតូចមួយឈ្មោះកោះក្លូដេ យើងបានលើកសំប៉ានឡើង ទាំងពិបាក
17. បន្ទាប់មក យើងយកខ្សែពួរសម្រាប់ប្រើនៅគ្រាមានអាសន្ន មកចងព័ទ្ធជុំវិញសំពៅ ការពារកុំឲ្យធ្លាយ។ យើងក៏បានទម្លាក់ឈើបណ្ដែតចុះដែរ ក្រែងលោសំពៅទៅកឿងនៅឈូងសមុទ្រសៀរទីស រួចហើយទុកឲ្យសំពៅរសាត់ទៅតាមខ្យល់។
18. នៅថ្ងៃបន្ទាប់ ដោយខ្យល់ព្យុះបក់បោកមកខ្លាំងពេក គេបានទម្លាក់ទំនិញចោល។
19. នៅថ្ងៃទីបី សូម្បីតែពួកអ្នកសំពៅ ក៏បោះគ្រឿងប្រដាប់សំពៅចោលដែរ។
20. យើងមើលថ្ងៃ ឬផ្កាយមិនឃើញអស់រយៈពេលជាច្រើនថ្ងៃ ហើយដោយខ្យល់ព្យុះនៅតែមានសន្ទុះខ្លាំងដដែល នៅទីបំផុត យើងក៏លែងមានសង្ឃឹមថានឹងបានរួចជីវិត។
21. យើងពុំបានបរិភោគអ្វីជាយូរថ្ងៃមកហើយ។ លោកប៉ូលក៏ក្រោកឈរ នៅកណ្ដាលចំណោមអស់អ្នកដែលនៅក្នុងសំពៅ ហើយមានប្រសាសន៍ថា៖ «បើបងប្អូនស្ដាប់ខ្ញុំ ហើយមិនចាកចេញពីកោះក្រែតមកទេនោះ បងប្អូនពិតជាមិនត្រូវអន្តរាយខូចខាតដូច្នេះទេ។
22. ប៉ុន្តែ សូមបងប្អូនកុំអស់សង្ឃឹមអី! គ្មាននរណាម្នាក់ក្នុងចំណោមបងប្អូនត្រូវបាត់បង់ជីវិតឡើយ គឺមានតែសំពៅប៉ុណ្ណោះទេដែលត្រូវអន្តរាយ។
23. ព្រោះពីយប់មិញ មានទេវតា*របស់ព្រះជាម្ចាស់ ដែលខ្ញុំជឿ និងគោរពបម្រើ បានមកជិតខ្ញុំ
24. ប្រាប់ថា “ប៉ូលអើយ កុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខព្រះចៅអធិរាជ ហើយដោយព្រះជាម្ចាស់ប្រោសប្រណីអ្នក ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នក ឲ្យបានរួចជីវិតផងដែរ”។
25. ហេតុនេះ បងប្អូនអើយ ចូរមានចិត្តក្លាហានឡើង ដ្បិតខ្ញុំជឿទុកចិត្តលើព្រះជាម្ចាស់ថា នឹងបានសម្រេចដូចព្រះអង្គមានព្រះបន្ទូលមែន