កិច្ចការ 27:26-39 Khmer Standard Version (KHSV)

26. គឺ​សំពៅ​យើង​នឹង​ត្រូវ​ទៅ​កឿង នៅ​កោះ​ណា​មួយ​ជា​មិន​ខាន»។

27. សំពៅ​យើង​បាន​រសាត់​អណ្ដែត​លើ​ផ្ទៃ​សមុទ្រ​អាឌ្រា អស់​រយៈ​ពេល​ដប់‌បួន​ថ្ងៃ​មក​ហើយ។ ពេល​នោះ ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ ពួក​អ្នក​សំពៅ​នឹក​សង្ស័យ​ថា ប្រហែល​ជា​មក​ជិត​ដល់​ដី​គោក​ហើយ។

28. គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ឃើញ​ថា​មាន​ជម្រៅ សាម‌សិប​ប្រាំ‌ពីរ​ម៉ែត្រ។ លុះ​ទៅ​មុខ​បន្តិច គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ម្ដង​ទៀត ឃើញ​ថា មាន​ជម្រៅ ម្ភៃ​ប្រាំ​បី​ម៉ែត្រ។

29. ដោយ​ខ្លាច​ក្រែង​សំពៅ​រសាត់​ទៅ​ប៉ះ​នឹង​ថ្ម ពួក​គេ​ទម្លាក់​យុថ្កា​បួន នៅ​ខាង​កន្សៃ ហើយ​ទន្ទឹង​រង់‌ចាំ​ភ្លឺ។

30. ពួក​អ្នក​សំពៅ​ចង់​រត់​ចោល​សំពៅ គេ​ក៏​នាំ​គ្នា​សម្រូត​សំប៉ាន​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​យក​លេស​ថា គេ​ចង់​ទាញ​យុថ្កា​ទៅ​ដាក់​នៅ​ខាង​ក្បាល​សំពៅ​វិញ។

31. លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​នាយ​ទាហាន និង​កូន​ទាហាន​ថា៖ «ប្រសិន​បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ អស់​លោក​ប្រាកដ​ជា​ពុំ​អាច​រួច​ជីវិត​បាន​ឡើយ»។

32. ពួក​ទាហាន​ក៏​កាប់​ផ្ដាច់​ខ្សែ ទម្លាក់​សំប៉ាន​នោះ​ទៅ​ក្នុង​សមុទ្រ​បាត់​ទៅ។

33. លុះ​ទៀប​ភ្លឺ លោក​ប៉ូល​អញ្ជើញ​គេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ ដោយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​បាន​ទ្រាំ​តម​អាហារ​អស់​រយៈ​ពេល​ដប់‌បួន​ថ្ងៃ​មក​ហើយ បង‌ប្អូន​ពុំ​បាន​ពិសា​អ្វី​សោះ។

34. ដូច្នេះ សូម​បង‌ប្អូន​អញ្ជើញ​ពិសា​ទៅ ដើម្បី​ឲ្យ​បាន​រួច​ជីវិត ដ្បិត​នៅ​ក្នុង​ចំណោម​បង‌ប្អូន សូម្បី​តែ​សក់​មួយ​សរសៃ​របស់​បង‌ប្អូន​ក៏​មិន​បាត់​ផង»។

35. លោក​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​យក​នំប៉័ង​មក​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា រួច​លោក​កាច់​បរិភោគ។

36. ពេល​នោះ អ្នក​ដែល​នៅ​ក្នុង​សំពៅ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ គេ​ក៏​បរិភោគ​ទាំង​អស់​គ្នា។

37. នៅ​ក្នុង​សំពៅ​នោះ យើង​មាន​គ្នា​ទាំង​អស់​ពីរ​រយ​ចិត‌សិប​ប្រាំ​មួយ​នាក់។

38. កាល​បរិភោគ​ឆ្អែត​ហើយ គេ​ក៏​លើក​បាវ​ស្រូវ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​ស្រាល​សំពៅ។

39. លុះ​ភ្លឺ​ឡើង អ្នក​សំពៅ​មើល​ស្រុក​នោះ​មិន​ស្គាល់​ទេ គេ​ឃើញ​តែ​ឆក​សមុទ្រ ដែល​មាន​វាល​ខ្សាច់។ គេ​បាន​សម្រេច​ចិត្ត​ចូល​សំពៅ​ទៅ​បង្កឿង​នៅ​ទី​នោះ ប្រសិន​បើ​អាច​ចូល​ទៅ​បាន។

កិច្ចការ 27