18. នៅថ្ងៃបន្ទាប់ ដោយខ្យល់ព្យុះបក់បោកមកខ្លាំងពេក គេបានទម្លាក់ទំនិញចោល។
19. នៅថ្ងៃទីបី សូម្បីតែពួកអ្នកសំពៅ ក៏បោះគ្រឿងប្រដាប់សំពៅចោលដែរ។
20. យើងមើលថ្ងៃ ឬផ្កាយមិនឃើញអស់រយៈពេលជាច្រើនថ្ងៃ ហើយដោយខ្យល់ព្យុះនៅតែមានសន្ទុះខ្លាំងដដែល នៅទីបំផុត យើងក៏លែងមានសង្ឃឹមថានឹងបានរួចជីវិត។
21. យើងពុំបានបរិភោគអ្វីជាយូរថ្ងៃមកហើយ។ លោកប៉ូលក៏ក្រោកឈរ នៅកណ្ដាលចំណោមអស់អ្នកដែលនៅក្នុងសំពៅ ហើយមានប្រសាសន៍ថា៖ «បើបងប្អូនស្ដាប់ខ្ញុំ ហើយមិនចាកចេញពីកោះក្រែតមកទេនោះ បងប្អូនពិតជាមិនត្រូវអន្តរាយខូចខាតដូច្នេះទេ។
22. ប៉ុន្តែ សូមបងប្អូនកុំអស់សង្ឃឹមអី! គ្មាននរណាម្នាក់ក្នុងចំណោមបងប្អូនត្រូវបាត់បង់ជីវិតឡើយ គឺមានតែសំពៅប៉ុណ្ណោះទេដែលត្រូវអន្តរាយ។
23. ព្រោះពីយប់មិញ មានទេវតា*របស់ព្រះជាម្ចាស់ ដែលខ្ញុំជឿ និងគោរពបម្រើ បានមកជិតខ្ញុំ
24. ប្រាប់ថា “ប៉ូលអើយ កុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខព្រះចៅអធិរាជ ហើយដោយព្រះជាម្ចាស់ប្រោសប្រណីអ្នក ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នក ឲ្យបានរួចជីវិតផងដែរ”។
25. ហេតុនេះ បងប្អូនអើយ ចូរមានចិត្តក្លាហានឡើង ដ្បិតខ្ញុំជឿទុកចិត្តលើព្រះជាម្ចាស់ថា នឹងបានសម្រេចដូចព្រះអង្គមានព្រះបន្ទូលមែន
26. គឺសំពៅយើងនឹងត្រូវទៅកឿង នៅកោះណាមួយជាមិនខាន»។
27. សំពៅយើងបានរសាត់អណ្ដែតលើផ្ទៃសមុទ្រអាឌ្រា អស់រយៈពេលដប់បួនថ្ងៃមកហើយ។ ពេលនោះ ប្រមាណជាពាក់កណ្ដាលអធ្រាត្រ ពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។
28. គេបោះខ្សែសម្ទង់ទៅក្នុងទឹកឃើញថាមានជម្រៅ សាមសិបប្រាំពីរម៉ែត្រ។ លុះទៅមុខបន្តិច គេបោះខ្សែសម្ទង់ទៅក្នុងទឹកម្ដងទៀត ឃើញថា មានជម្រៅ ម្ភៃប្រាំបីម៉ែត្រ។
29. ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួន នៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។
30. ពួកអ្នកសំពៅចង់រត់ចោលសំពៅ គេក៏នាំគ្នាសម្រូតសំប៉ានចុះទៅក្នុងសមុទ្រ ដោយយកលេសថា គេចង់ទាញយុថ្កាទៅដាក់នៅខាងក្បាលសំពៅវិញ។
31. លោកប៉ូលមានប្រសាសន៍ទៅនាយទាហាន និងកូនទាហានថា៖ «ប្រសិនបើអ្នកទាំងនេះមិននៅក្នុងសំពៅទេ អស់លោកប្រាកដជាពុំអាចរួចជីវិតបានឡើយ»។
32. ពួកទាហានក៏កាប់ផ្ដាច់ខ្សែ ទម្លាក់សំប៉ាននោះទៅក្នុងសមុទ្របាត់ទៅ។