2. «បពិត្រព្រះរាជា ទូលបង្គំមានកិត្តិយសធំណាស់ ដោយអាចឆ្លើយការពារខ្លួន នៅចំពោះព្រះភ័ក្ត្រព្រះករុណាថ្ងៃនេះ អំពីពាក្យបណ្ដឹងទាំងប៉ុន្មានដែលសាសន៍យូដាចោទទូលបង្គំ
3. ដ្បិតព្រះករុណាជ្រាបយ៉ាងច្បាស់អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និងអំពីសេចក្ដីដែលគេនិយមជជែកវែកញែក។ ហេតុនេះ សូមទ្រង់មេត្តាព្រះសណ្ដាប់ទូលបង្គំ ដោយអនុគ្រោះផង។
4. ជនជាតិយូដាទាំងមូលស្គាល់ប្រវត្តិរបស់ទូលបង្គំ តាំងពីក្មេងមកស្រាប់ហើយ គេក៏ដឹងថាតាំងពីដើមមក ទូលបង្គំរស់នៅកណ្ដាលចំណោមជនជាតិរបស់ទូលបង្គំ និងនៅក្រុងយេរូសាឡឹមរបៀបណាដែរ។
5. គេបានស្គាល់ទូលបង្គំ តាំងពីយូរមកហើយ ពីដើម ទូលបង្គំជាអ្នកខាងគណៈផារីស៊ី* ដែលជាគណៈតឹងរ៉ឹងជាងគេក្នុងសាសនារបស់យើង ប្រសិនបើពួកគេចង់ ពួកគេអាចធ្វើជាសាក្សីបាន។
6. ប៉ុន្តែ ឥឡូវនេះ គេយកទូលបង្គំមកវិនិច្ឆ័យទោស ព្រោះតែសេចក្ដីសង្ឃឹមលើព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរស*របស់យើង។
7. កុលសម្ព័ន្ធ*ទាំងដប់ពីររបស់យើងនាំគ្នាគោរពបម្រើព្រះជាម្ចាស់ ទាំងយប់ ទាំងថ្ងៃ ឥតឈប់ឈរ ដោយសង្ឃឹមថា ព្រះបន្ទូលសន្យានោះនឹងបានសម្រេច។ បពិត្រព្រះរាជា ជនជាតិយូដាបានចោទប្រកាន់ទូលបង្គំ ព្រោះតែសេចក្ដីសង្ឃឹមនេះហើយ។
8. ចុះហេតុដូចម្ដេចបានជាអស់ លោកយល់ថា ការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ ឲ្យរស់ឡើងវិញ ជាការមួយមិនគួរឲ្យជឿដូច្នេះ!
9. ចំណែកឯទូលបង្គំផ្ទាល់ ពីដើម ទូលបង្គំយល់ឃើញថា ត្រូវតែប្រឆាំងនឹងព្រះនាមព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតគ្រប់យ៉ាងទាំងអស់
10. ហើយទូលបង្គំបានប្រព្រឹត្តដូច្នេះ នៅក្រុងយេរូសាឡឹមមែន គឺទូលបង្គំបានទទួលច្បាប់អនុញ្ញាតពីក្រុមនាយកបូជាចារ្យ* ដើម្បីចាប់អស់អ្នកដែលជឿលើព្រះអម្ចាស់ជាច្រើននាក់យកទៅឃុំឃាំង។ នៅពេលគេសម្លាប់អ្នកទាំងនោះ ទូលបង្គំក៏យល់ស្របជាមួយដែរ។
11. ទូលបង្គំតែងចូលទៅក្នុងសាលាប្រជុំ*នានាជាញឹកញាប់ ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំឲ្យគេលះបង់ចោលជំនឿរបស់ខ្លួន។ ទូលបង្គំខឹងគេជាខ្លាំងពន់ពេក រហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានា នៅបរទេសផង។
12. ហេតុនេះហើយបានជាទូលបង្គំធ្វើដំណើរទៅក្រុងដាម៉ាស ទាំងទទួលអំណាច និងការអនុញ្ញាតពីក្រុមនាយកបូជាចារ្យ។
13. បពិត្រព្រះរាជា នៅតាមផ្លូវ ប្រមាណជាថ្ងៃត្រង់ ទូលបង្គំបានឃើញពន្លឺមួយភ្លឺជាងពន្លឺថ្ងៃទៅទៀត ចាំងពីលើមេឃមកលើទូលបង្គំ និងលើអ្នកដែលរួមដំណើរជាមួយទូលបង្គំ។