14. ពេលនោះ យើងខ្ញុំដួលទាំងអស់គ្នា ហើយទូលបង្គំបានឮសំឡេងពោលមកកាន់ទូលបង្គំជាភាសាហេប្រឺថា “សូល សូលអើយ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ? អ្នកខំប្រឹងតយុទ្ធនឹងខ្ញុំ ដូចគោជល់នឹងជន្លួញដូច្នេះមិនកើតទេ”។
15. ទូលបង្គំបានតបទៅវិញថា “លោកម្ចាស់អើយ តើលោកជានរណា?”។ ព្រះអម្ចាស់មានព្រះបន្ទូលមកទូលបង្គំវិញថា “ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។
16. ចូរក្រោកឈរឡើង ខ្ញុំបង្ហាញខ្លួនឲ្យអ្នកឃើញ មកពីខ្ញុំបានជ្រើសរើសអ្នកឲ្យបម្រើ ព្រមទាំងធ្វើជាបន្ទាល់អំពីហេតុការណ៍ដែលខ្ញុំបង្ហាញឲ្យអ្នកឃើញ នៅពេលនេះ និងហេតុការណ៍ឯទៀតៗ ដែលខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញនៅពេលខាងមុខ។
17. ខ្ញុំបានរំដោះអ្នកឲ្យរួចពីសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ។ ខ្ញុំចាត់អ្នកឲ្យទៅរកសាសន៍ទាំងនោះ
18. ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់មារ*សាតាំង បែរមករកព្រះជាម្ចាស់វិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលព្រះជាម្ចាស់ប្រោសឲ្យបានវិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។
19. បពិត្រព្រះរាជា ទូលបង្គំពុំបានជំទាស់នឹងការអស្ចារ្យដែលទូលបង្គំនិមិត្តឃើញនោះឡើយ។
20. ទូលបង្គំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹមនៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃឲ្យកែប្រែចិត្តគំនិត និងបែរមករកព្រះជាម្ចាស់ ដោយប្រព្រឹត្តអំពើផ្សេងៗបញ្ជាក់ថា គេពិតជាកែប្រែចិត្តគំនិតមែន។
21. មកពីហេតុនេះហើយបានជាសាសន៍យូដានាំគ្នាចាប់ទូលបង្គំនៅក្នុងព្រះវិហារ* ព្រមទាំងប៉ុនប៉ងប្រហារជីវិតទូលបង្គំផង។
22. ប៉ុន្តែ ដោយព្រះជាម្ចាស់ការពារទូលបង្គំរហូតមកទល់ថ្ងៃនេះ បានជាទូលបង្គំនៅតែផ្ដល់សក្ខីភាពអំពីព្រះអង្គ នៅចំពោះមុខអ្នកតូចអ្នកធំ។ ទូលបង្គំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកព្យាការី* និងលោកម៉ូសេ បានថ្លែងទុកអំពីហេតុការណ៍ដែលត្រូវតែកើតមាននោះឡើយ
23. ពោលគឺព្រះគ្រិស្ដ*បានរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ទ្រង់នឹងប្រទានដំណឹងអំពីពន្លឺនៃការសង្គ្រោះ ប្រាប់សាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ»។
24. កាលលោកប៉ូលកំពុងមានប្រសាសន៍ការពារខ្លួនដូច្នេះ លោកភេស្ទុសក៏បន្លឺសំឡេងឡើងយ៉ាងខ្លាំងថា៖ «ប៉ូលអើយ អ្នកវង្វេងស្មារតីហើយ! គឺអ្នករៀនសូត្រច្រើនពេក បានជាត្រឡប់ទៅជាវង្វេងស្មារតីដូច្នេះ!»។
25. លោកប៉ូលតបវិញថា៖ «សូមជម្រាបឯកឧត្ដមភេស្ទុស ខ្ញុំបាទមិនមែនវង្វេងស្មារតីទេ ផ្ទុយទៅវិញ ខ្ញុំបាទនិយាយតែពាក្យពិត មានន័យត្រឹមត្រូវ។
26. ព្រះរាជាក៏ជ្រាបអំពីហេតុការណ៍ទាំងនេះរួចស្រេចទៅហើយដែរ ខ្ញុំបាទហ៊ាននិយាយនៅចំពោះមុខព្រះអង្គ ដោយឥតភ័យខ្លាចឡើយ ដ្បិតខ្ញុំបាទជឿជាក់ថា ព្រះរាជាជ្រាបទាំងអស់ ព្រោះហេតុការណ៍នេះមិនមែនកើតឡើងស្ងាត់ៗ នៅកៀនកោះណាមួយនោះទេ។
27. បពិត្រព្រះរាជា តើព្រះអង្គជឿពួកព្យាការីឬទេ? ទូលបង្គំដឹងថាព្រះអង្គពិតជាជឿមែន!»។
28. ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «នៅតែបន្តិចទៀត អ្នកមុខជាធ្វើឲ្យខ្ញុំទៅជាគ្រិស្ដបរិស័ទហើយ!»។
29. លោកប៉ូលទូលតបវិញថា៖ «ទោះបីនៅតែបន្ដិចទៀត ឬយូរទៀតក្ដី ទូលបង្គំអង្វរព្រះជាម្ចាស់ សូមទ្រង់ប្រោសប្រណី មិនត្រឹមតែដល់ព្រះរាជាប៉ុណ្ណោះទេ គឺដល់អស់លោកដែលកំពុងស្ដាប់ទូលបង្គំនៅថ្ងៃនេះ សូមឲ្យព្រះរាជា និងអស់លោកបានដូចទូលបង្គំដែរ លើកលែងតែការជាប់ច្រវាក់នេះចេញ!»។
30. ព្រះរាជា លោកទេសាភិបាល ព្រមទាំងម្ចាស់ក្សត្រីយ៍បេរេនីស និងអ្នកឯទៀតៗដែលអង្គុយនៅទីនោះ បាននាំគ្នាក្រោកឡើង
31. ហើយចាកចេញទៅ ទាំងនិយាយគ្នាថា៖ «បុរសនេះពុំបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ច្រវាក់ឡើយ»។
32. ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅកាន់លោកភេស្ទុសថា៖ «ប្រសិនបើបុរសនេះមិនបានសុំឡើងទៅដល់ព្រះចៅអធិរាជទេនោះ យើងអាចដោះលែងគាត់បាន»។