14. ពេលនោះ យើងខ្ញុំដួលទាំងអស់គ្នា ហើយទូលបង្គំបានឮសំឡេងពោលមកកាន់ទូលបង្គំជាភាសាហេប្រឺថា “សូល សូលអើយ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ? អ្នកខំប្រឹងតយុទ្ធនឹងខ្ញុំ ដូចគោជល់នឹងជន្លួញដូច្នេះមិនកើតទេ”។
15. ទូលបង្គំបានតបទៅវិញថា “លោកម្ចាស់អើយ តើលោកជានរណា?”។ ព្រះអម្ចាស់មានព្រះបន្ទូលមកទូលបង្គំវិញថា “ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។
16. ចូរក្រោកឈរឡើង ខ្ញុំបង្ហាញខ្លួនឲ្យអ្នកឃើញ មកពីខ្ញុំបានជ្រើសរើសអ្នកឲ្យបម្រើ ព្រមទាំងធ្វើជាបន្ទាល់អំពីហេតុការណ៍ដែលខ្ញុំបង្ហាញឲ្យអ្នកឃើញ នៅពេលនេះ និងហេតុការណ៍ឯទៀតៗ ដែលខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញនៅពេលខាងមុខ។
17. ខ្ញុំបានរំដោះអ្នកឲ្យរួចពីសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ។ ខ្ញុំចាត់អ្នកឲ្យទៅរកសាសន៍ទាំងនោះ
18. ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់មារ*សាតាំង បែរមករកព្រះជាម្ចាស់វិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលព្រះជាម្ចាស់ប្រោសឲ្យបានវិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។
19. បពិត្រព្រះរាជា ទូលបង្គំពុំបានជំទាស់នឹងការអស្ចារ្យដែលទូលបង្គំនិមិត្តឃើញនោះឡើយ។
20. ទូលបង្គំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹមនៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃឲ្យកែប្រែចិត្តគំនិត និងបែរមករកព្រះជាម្ចាស់ ដោយប្រព្រឹត្តអំពើផ្សេងៗបញ្ជាក់ថា គេពិតជាកែប្រែចិត្តគំនិតមែន។
21. មកពីហេតុនេះហើយបានជាសាសន៍យូដានាំគ្នាចាប់ទូលបង្គំនៅក្នុងព្រះវិហារ* ព្រមទាំងប៉ុនប៉ងប្រហារជីវិតទូលបង្គំផង។
22. ប៉ុន្តែ ដោយព្រះជាម្ចាស់ការពារទូលបង្គំរហូតមកទល់ថ្ងៃនេះ បានជាទូលបង្គំនៅតែផ្ដល់សក្ខីភាពអំពីព្រះអង្គ នៅចំពោះមុខអ្នកតូចអ្នកធំ។ ទូលបង្គំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកព្យាការី* និងលោកម៉ូសេ បានថ្លែងទុកអំពីហេតុការណ៍ដែលត្រូវតែកើតមាននោះឡើយ
23. ពោលគឺព្រះគ្រិស្ដ*បានរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ទ្រង់នឹងប្រទានដំណឹងអំពីពន្លឺនៃការសង្គ្រោះ ប្រាប់សាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ»។
24. កាលលោកប៉ូលកំពុងមានប្រសាសន៍ការពារខ្លួនដូច្នេះ លោកភេស្ទុសក៏បន្លឺសំឡេងឡើងយ៉ាងខ្លាំងថា៖ «ប៉ូលអើយ អ្នកវង្វេងស្មារតីហើយ! គឺអ្នករៀនសូត្រច្រើនពេក បានជាត្រឡប់ទៅជាវង្វេងស្មារតីដូច្នេះ!»។
25. លោកប៉ូលតបវិញថា៖ «សូមជម្រាបឯកឧត្ដមភេស្ទុស ខ្ញុំបាទមិនមែនវង្វេងស្មារតីទេ ផ្ទុយទៅវិញ ខ្ញុំបាទនិយាយតែពាក្យពិត មានន័យត្រឹមត្រូវ។