14. ដោយស្ដេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ទូលស្ដេចពីរឿងលោកប៉ូលថា៖ «លោកភេលិចបានទុកបុរសម្នាក់ នៅក្នុងទីឃុំឃាំង។
15. កាលទូលបង្គំទៅក្រុងយេរូសាឡឹម ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នៃសាសន៍យូដាបាននាំគ្នាប្ដឹងពីគាត់ ដោយសុំឲ្យទូលបង្គំកាត់ទោសគាត់។
16. ទូលបង្គំបានប្រាប់លោកទាំងនោះវិញថា ជនជាតិរ៉ូម៉ាំងពុំធ្លាប់បញ្ជូននរណាម្នាក់ទៅឲ្យគេសម្លាប់ ដោយមិនបានឲ្យនិយាយតទល់ជាមួយអ្នកដើមចោទ ព្រមទាំងឆ្លើយការពារខ្លួនចំពោះពាក្យចោទជាមុនសិននោះឡើយ។
17. លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ ទូលបង្គំបានអង្គុយនៅទីកាត់ក្ដី និងឲ្យគេនាំបុរសនោះមក ឥតបង្អង់ឡើយ។
18. ពួកដើមចោទក៏នៅទីកាត់ក្ដីដែរ តែគេពុំបានចោទគាត់ពីអំពើអាក្រក់ណាមួយ ដូចទូលបង្គំនឹកស្មាននោះទេ
19. គឺមានតែជជែកវែកញែកអំពីរឿងសាសនារបស់គេ និងអំពីបុរសម្នាក់ឈ្មោះយេស៊ូ ដែលបានស្លាប់ ហើយលោកប៉ូលថា នៅមានជីវិតរស់នោះតែប៉ុណ្ណោះ។
20. ចំណែកឯទូលបង្គំវិញ ទូលបង្គំមិនដឹងជាត្រូវគិតដូចម្ដេច ចំពោះការជជែកវែកញែកបែបនេះ ទូលបង្គំបានសួរគាត់ថា ចង់ទៅក្រុងយេរូសាឡឹម ឲ្យគេកាត់ក្ដីអំពីរឿងទាំងនេះឬទេ
21. តែលោកប៉ូលបានសុំឡើងទៅព្រះមហាក្សត្រាធិរាជ ដើម្បីសុំឲ្យព្រះអង្គកាត់ក្ដី។ ទូលបង្គំចេញបញ្ជាឲ្យគេឃុំគាត់ទុក រហូតដល់ពេលទូលបង្គំនឹងបញ្ជូនគាត់ទៅព្រះចៅអធិរាជ»។
22. ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកភេស្ទុសថា៖ «ខ្ញុំក៏ចង់ស្ដាប់បុរសនោះនិយាយដែរ»។ លោកតបវិញថា៖ «ព្រះករុណាអាចស្ដាប់គាត់នៅថ្ងៃស្អែក»។
23. លុះស្អែកឡើង ព្រះបាទអគ្រីប៉ា និងម្ចាស់ក្សត្រីយ៍បេរេនីស បានយាងចូលក្នុងសាលសវនាការយ៉ាងអធិកអធម ដោយមានពួកនាយទាហានជាន់ខ្ពស់ និងពួកនាម៉ឺនធំៗនៅក្រុងនោះ ហែហមមកជាមួយផង។ គេនាំលោកប៉ូលមកតាមបញ្ជារបស់លោកភេស្ទុស។
24. លោកភេស្ទុសមានប្រសាសន៍ថា៖ «សូមទូលព្រះរាជា និងជម្រាបអស់លោក ដែលនៅទីនេះ។ បុរសដែលព្រះរាជា និងអស់លោកឃើញនេះ ជាអ្នកដែលជនជាតិយូដាទាំងមូល ទាំងនៅក្រុងយេរូសាឡឹម ទាំងនៅក្រុងនេះ បាននាំគ្នាមកជួបខ្ញុំ ហើយស្រែកថា គាត់មិនត្រូវរស់តទៅទៀតទេ។
25. ចំពោះខ្ញុំវិញ ខ្ញុំយល់ឃើញថាគាត់ពុំបានប្រព្រឹត្តអ្វីខុស ដែលត្រូវមានទោសដល់ជីវិតនោះឡើយ ប៉ុន្តែ ដោយខ្លួនគាត់ផ្ទាល់បានសុំឡើងទៅព្រះចៅអធិរាជ ខ្ញុំក៏សម្រេចចិត្តបញ្ជូនគាត់ទៅព្រះអង្គ។
26. ខ្ញុំគ្មានមូលហេតុអ្វីច្បាស់លាស់ ដើម្បីសរសេរសេចក្ដីរាយការណ៍ថ្វាយព្រះមហាក្សត្រាធិរាជ អំពីសំណុំរឿងគាត់ទាល់តែសោះ។ ហេតុនេះហើយបានជាខ្ញុំឲ្យគេនាំគាត់មកជួបអស់លោក ជាពិសេស ជួបព្រះករុណាផ្ទាល់។ ដូច្នេះ នៅពេលសួរចម្លើយគាត់រួច ខ្ញុំនឹងមានមូលហេតុ សរសេរសេចក្ដីរាយការណ៍បាន។
27. ខ្ញុំយល់ឃើញថា បើបញ្ជូនអ្នកទោស ដោយមិនបញ្ជាក់អំពីពាក្យចោទទៅជាមួយផងទេនោះ ដូចជាគ្មានន័យអ្វីសោះឡើយ»។