1. បន្ទាប់ពីបានទៅដល់ស្រុកនោះបីថ្ងៃ លោកភេស្ទុសធ្វើដំណើរពីក្រុងសេសារា ឆ្ពោះទៅក្រុងយេរូសាឡឹម។
2. ពួកនាយកបូជាចារ្យ* និងពួកអ្នកធំនៃជនជាតិយូដាបាននាំគ្នាទៅជួបលោក ដើម្បីប្ដឹងពីលោកប៉ូល។
3. ពួកគេបានទទូចសុំឲ្យលោកភេស្ទុសមេត្តាអនុគ្រោះបញ្ជូនលោកប៉ូលមកក្រុងយេរូសាឡឹម ព្រោះពួកគេបានឃុបឃិតគ្នាថានឹងពួនស្ទាក់ ចាំសម្លាប់លោកតាមផ្លូវ។
4. ប៉ុន្តែ លោកភេស្ទុសតបទៅវិញថា លោកប៉ូលជាប់ឃុំឃាំងនៅក្រុងសេសារាឯណោះ រីឯខ្លួនលោកផ្ទាល់ លោកក៏ត្រូវត្រឡប់ទៅវិញ ក្នុងពេលបន្តិចទៀតដែរ។
5. លោកមានប្រសាសន៍ថា៖ «សុំឲ្យអ្នកដែលមានសមត្ថភាពក្នុងចំណោមអស់លោក អញ្ជើញទៅជាមួយខ្ញុំ ហើយបើឃើញថា បុរសនោះមានកំហុសអ្វី សុំចោទប្រកាន់គាត់ទៅ»។
6. លោកភេស្ទុសស្នាក់នៅជាមួយពួកគេ បួនដប់ថ្ងៃប៉ុណ្ណោះ រួចលោកចុះទៅក្រុងសេសារាវិញ។ នៅថ្ងៃបន្ទាប់ លោកបានអង្គុយនៅទីកាត់ក្ដី ហើយបង្គាប់ឲ្យគេនាំលោកប៉ូលមក។
7. ពេលលោកប៉ូលមកដល់ ជនជាតិយូដាដែលមកពីក្រុងយេរូសាឡឹម បាននាំគ្នាចោមរោមលោក ហើយចោទប្រកាន់យ៉ាងធ្ងន់ៗជាច្រើន តែគេពុំអាចបង្ហាញភស្ដុតាងអ្វីបានទេ។
8. លោកប៉ូលមានប្រសាសន៍ការពារខ្លួនថា៖ «ខ្ញុំពុំបានប្រព្រឹត្តអ្វីខុសនឹងវិន័យរបស់សាសន៍យូដា ខុសនឹងព្រះវិហារ ឬក៏ខុសនឹងព្រះចៅអធិរាជឡើយ»។
9. ដោយលោកភេស្ទុសចង់យកចិត្តជនជាតិយូដា លោកមានប្រសាសន៍មកកាន់លោកប៉ូលថា៖ «តើអ្នកចង់ឡើងទៅក្រុងយេរូសាឡឹម ឲ្យគេកាត់ក្ដីអ្នកអំពីរឿងទាំងនេះនៅចំពោះមុខខ្ញុំឬទេ?»។
10. លោកប៉ូលតបថា៖ «ខ្ញុំបាទឈរនៅមុខតុលាការរបស់ព្រះចៅអធិរាជដូច្នេះ គឺទីនេះហើយដែលឯកឧត្ដមត្រូវកាត់ក្ដីឲ្យខ្ញុំបាទ។ ខ្ញុំបាទពុំបានធ្វើអ្វីខុសនឹងសាសន៍យូដាទេ ដូចឯកឧត្ដមជ្រាបច្បាស់ហើយ។
11. ប្រសិនបើខ្ញុំបាទមានទោសអ្វី ឬបានប្រព្រឹត្តអ្វីខុស សមនឹងមានទោសដល់ជីវិតនោះ ខ្ញុំបាទមិនរួញរានឹងស្លាប់ទេ។ ប៉ុន្តែ ប្រសិនបើពាក្យដែលលោកទាំងនេះចោទខ្ញុំបាទមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំបាទទៅឲ្យគេឡើយ។ ខ្ញុំបាទសូមឡើងទៅព្រះចៅអធិរាជវិញ»។
12. លោកភេស្ទុសពិភាក្សាជាមួយក្រុមប្រឹក្សា ហើយមានប្រសាសន៍ថា៖ «អ្នកបានសុំឡើងទៅព្រះចៅអធិរាជ ដូច្នេះ អ្នកនឹងទៅជួបព្រះចៅអធិរាជ!»។
13. ប៉ុន្មានថ្ងៃក្រោយមកទៀត ព្រះបាទអគ្រីប៉ា និងម្ចាស់ក្សត្រីយ៍បេរេនីស យាងមកដល់ក្រុងសេសារា ដើម្បីសួរសុខទុក្ខលោកភេស្ទុស។
14. ដោយស្ដេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ទូលស្ដេចពីរឿងលោកប៉ូលថា៖ «លោកភេលិចបានទុកបុរសម្នាក់ នៅក្នុងទីឃុំឃាំង។
15. កាលទូលបង្គំទៅក្រុងយេរូសាឡឹម ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នៃសាសន៍យូដាបាននាំគ្នាប្ដឹងពីគាត់ ដោយសុំឲ្យទូលបង្គំកាត់ទោសគាត់។
16. ទូលបង្គំបានប្រាប់លោកទាំងនោះវិញថា ជនជាតិរ៉ូម៉ាំងពុំធ្លាប់បញ្ជូននរណាម្នាក់ទៅឲ្យគេសម្លាប់ ដោយមិនបានឲ្យនិយាយតទល់ជាមួយអ្នកដើមចោទ ព្រមទាំងឆ្លើយការពារខ្លួនចំពោះពាក្យចោទជាមុនសិននោះឡើយ។
17. លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ ទូលបង្គំបានអង្គុយនៅទីកាត់ក្ដី និងឲ្យគេនាំបុរសនោះមក ឥតបង្អង់ឡើយ។
18. ពួកដើមចោទក៏នៅទីកាត់ក្ដីដែរ តែគេពុំបានចោទគាត់ពីអំពើអាក្រក់ណាមួយ ដូចទូលបង្គំនឹកស្មាននោះទេ
19. គឺមានតែជជែកវែកញែកអំពីរឿងសាសនារបស់គេ និងអំពីបុរសម្នាក់ឈ្មោះយេស៊ូ ដែលបានស្លាប់ ហើយលោកប៉ូលថា នៅមានជីវិតរស់នោះតែប៉ុណ្ណោះ។