16. ហេតុនេះហើយបានជាខ្ញុំបាទខំប្រឹងធ្វើយ៉ាងណា ឲ្យមានចិត្តស្អាតបរិសុទ្ធ*គ្រប់ចំពូកចំពោះព្រះជាម្ចាស់ និងចំពោះមនុស្សលោក។
17. ខ្ញុំបាទបានចាកចេញពីក្រុងយេរូសាឡឹមជាច្រើនឆ្នាំ ហើយខ្ញុំបាទវិលត្រឡប់មកវិញ ដើម្បីជួយជនរួមជាតិរបស់ខ្ញុំបាទ និងថ្វាយតង្វាយទៅព្រះជាម្ចាស់ផង។
18. នៅពេលនោះ ពួកគេឃើញខ្ញុំបាទធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធនៅក្នុងព្រះវិហារ តែឥតមានការប្រជុំបណ្ដាជន ឬកើតវឹកវរអ្វីឡើយ។
19. ប៉ុន្តែ មានសាសន៍យូដាខ្លះមកពីស្រុកអាស៊ី នៅក្នុងព្រះវិហារពេលនោះដែរ គឺអ្នកទាំងនោះទេតើដែលសមនឹងមកជួបឯកឧត្ដម ដើម្បីចោទប្រកាន់ខ្ញុំបាទ ប្រសិនបើគេមានរឿងហេតុណាមួយទាស់នឹងខ្ញុំបាទ។
20. ខ្ញុំបាទឈរមុខក្រុមប្រឹក្សាជាន់ខ្ពស់ស្រាប់ហើយ បើអស់លោកដែលនៅទីនេះបានឃើញខ្ញុំបាទមានទោសអ្វី សូមថាមកចុះ
21. លើកលែងតែពាក្យដែលខ្ញុំបាទបាននិយាយយ៉ាងខ្លាំងៗនៅកណ្ដាលចំណោមពួកគេថា “បងប្អូនយកខ្ញុំមកកាត់ទោសនៅថ្ងៃនេះ ព្រោះតែខ្ញុំជឿថាមនុស្សស្លាប់នឹងរស់ឡើងវិញ”»។
22. លោកភេលិចក៏បានជ្រាបច្បាស់លាស់អំពីមាគ៌ារបស់ព្រះអម្ចាស់ដែរ។ លោកប្រាប់ពួកគេឲ្យត្រឡប់ទៅវិញ ដោយពោលថា៖ «ពេលលោកមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងវិនិច្ឆ័យសំណុំរឿងរបស់អស់លោក»។
23. លោកបញ្ជាឲ្យគេយកលោកប៉ូលទៅឃុំ តែលោកទុកឲ្យលោកប៉ូល មានសេរីភាពខ្លះៗដែរ ព្រមទាំងបើកឲ្យអ្នកជិតដិតនឹងលោកប៉ូលចូលទៅជួយទំនុកបម្រុងលោកថែមទៀតផង។
24. ប៉ុន្មានថ្ងៃកន្លងមកទៀត លោកភេលិចបានមកជាមួយភរិយារបស់លោក គឺម្ចាស់ក្សត្រីយ៍ទ្រូស៊ីលជាជនជាតិយូដា លោកឲ្យគេទៅហៅលោកប៉ូលមក ហើយស្ដាប់លោកប៉ូលមានប្រសាសន៍អំពីជំនឿលើព្រះគ្រិស្ដយេស៊ូ។
25. ប៉ុន្តែ កាលលោកប៉ូលវែកញែកអំពីសេចក្ដីសុចរិត* អំពីការទប់ចិត្តនឹងតណ្ហា និងអំពីការវិនិច្ឆ័យទោសនៅអនាគតកាល លោកភេលិចក៏ភ័យ ហើយពោលទៅលោកប៉ូលថា៖ «ឥឡូវនេះ ចូរអ្នកត្រឡប់ទៅវិញសិនចុះ កាលណាខ្ញុំមានពេល ខ្ញុំនឹងហៅអ្នកមកទៀត!»។