22. លោកមេបញ្ជាការបានឲ្យយុវជននោះត្រឡប់ទៅវិញ ទាំងផ្ដែផ្ដាំមិនឲ្យនិយាយប្រាប់នរណាថាខ្លួនបានជម្រាបគាត់អំពីរឿងនេះឡើយ។
23. បន្ទាប់មក លោកបានហៅនាយទាហានរបស់លោក ពីររូបមកប្រាប់ថា៖ «សុំលោករៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និងពលកាន់លំពែងពីររយនាក់ ដើម្បីចេញដំណើរទៅក្រុងសេសារា នៅវេលាម៉ោងប្រាំបួនយប់។
24. សុំរៀបចំសេះជាជំនិះ សម្រាប់លោកប៉ូលផង ដើម្បីនាំគាត់ទៅជួបលោកទេសាភិបាលភេលិច ដោយសុខសាន្ត»។
25. លោកមេបញ្ជាការបានសរសេរសំបុត្រមួយ ដូចតទៅនេះ៖
26. «ខ្ញុំបាទឈ្មោះក្លូឌាស លូស៊ា សូមជម្រាបមកឯកឧត្ដមភេលិច ជាទេសាភិបាល សូមទានជ្រាប។
27. ជនជាតិយូដាបាននាំគ្នាចាប់បុរសនេះ បម្រុងនឹងសម្លាប់ចោល។ កាលខ្ញុំបាទដឹងថា គាត់ជាជនជាតិរ៉ូម៉ាំង ខ្ញុំបាទឲ្យទាហានទៅធ្វើអន្តរាគមន៍រំដោះគាត់មក។
28. ដោយខ្ញុំបាទចង់ដឹងមូលហេតុដែលនាំឲ្យគេចោទប្រកាន់គាត់ ខ្ញុំបាទក៏នាំគាត់ទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់*របស់ពួកគេ។
29. ខ្ញុំបាទបានឃើញថា ពួកគេគ្រាន់តែចោទប្រកាន់គាត់ អំពីបញ្ហាដែលទាក់ទងទៅនឹងធម៌វិន័យរបស់គេប៉ុណ្ណោះ គាត់មិនបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ឃុំឃាំងឡើយ។
30. បន្ទាប់មក មានគេប្រាប់ខ្ញុំបាទថា ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងសម្លាប់គាត់។ ហេតុនេះហើយបានជាខ្ញុំបាទបញ្ជូនគាត់មកឯកឧត្ដមភ្លាម ហើយខ្ញុំបាទបានប្រាប់អស់អ្នកដែលចោទប្រកាន់គាត់ ឲ្យនាំពាក្យបណ្ដឹងមកជូនឯកឧត្ដមតែម្ដង»។