2. លោកមហាបូជាចារ្យ*អណាណាសបង្គាប់ឲ្យអស់អ្នកដែលឈរក្បែរលោកប៉ូល ទះមាត់លោក។
3. លោកប៉ូលមានប្រសាសន៍ទៅលោកមហាបូជាចារ្យថា៖ «នែ៎ កំពែងទ្រុឌទ្រោមលាបពណ៌សអើយ! ព្រះជាម្ចាស់នឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ តែលោកបែរជាបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យទៅវិញ!»។
4. ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថលោកមហាបូជាចារ្យរបស់ព្រះជាម្ចាស់ផងឬ!»។
5. លោកប៉ូលតបវិញថា៖ «បងប្អូនអើយ ខ្ញុំនិយាយដូច្នេះ មកពីខ្ញុំមិនបានដឹងថាលោកជាមហាបូជាចារ្យទេ ដ្បិតមានចែងទុកក្នុងគម្ពីរថា: “អ្នកមិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជាតិរបស់អ្នកឡើយ”»។
6. ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំ មានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី* និងមួយផ្នែកទៀតខាងគណៈផារីស៊ី* លោកក៏មានប្រសាសន៍ខ្លាំងៗនៅកណ្ដាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ ខ្ញុំជាអ្នកខាងគណៈផារីស៊ី ហើយឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោស ព្រោះតែសេចក្ដីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។
7. លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ី* ឈ្លោះប្រកែកគ្នាធ្វើឲ្យបាក់បែកអង្គប្រជុំ។
8. ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ និងពុំជឿថា មានទេវតា* ឬមានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញ គេជឿថាមានទាំងអស់។
9. ពេលនោះ គេនាំគ្នាស្រែកឡើងយ៉ាងទ្រហឹងអឺងអាប់ ហើយអាចារ្យខ្លះពីខាងគណៈផារីស៊ីក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយ ប្រហែលជាមានអារក្ស ឬទេវតា*ណាមួយបាននិយាយមកកាន់គាត់ទេមើលទៅ!»។
10. ដោយឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការក៏បញ្ជាឲ្យកងទាហានចុះមក នាំលោកប៉ូលចេញពីកណ្ដាលចំណោមពួកគេ ចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់លោក។
11. នៅយប់បន្ទាប់ ព្រះអម្ចាស់យាងចូលមកជិតលោកប៉ូល រួចមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! អ្នកត្រូវតែផ្ដល់សក្ខីភាពនៅក្រុងរ៉ូម ដូចអ្នកបានផ្ដល់សក្ខីភាពអំពីខ្ញុំ នៅក្រុងយេរូសាឡឹមនេះដែរ»។
12. នៅថ្ងៃបន្ទាប់មកទៀត ជនជាតិយូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។
13. អស់អ្នកដែលបានឃុបឃិតគ្នានេះ មានចំនួនជាងសែសិបនាក់។
14. គេបាននាំគ្នាទៅជួបពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*ជម្រាបថា៖ «យើងខ្ញុំបានស្បថស្បែថានឹងមិនប៉ះពាល់ម្ហូបអាហារអ្វីឡើយ ដរាបណាមិនបានសម្លាប់ប៉ូលសិនទេនោះ។