8. ខ្ញុំបានសួរវិញថា “លោកម្ចាស់អើយ តើលោកជានរណា?”។ សំឡេងនោះឆ្លើយមកខ្ញុំថា “ខ្ញុំជាយេស៊ូ អ្នកស្រុកណាសារ៉ែត ដែលអ្នកកំពុងតែបៀតបៀន”។
9. រីឯអស់អ្នកដែលធ្វើដំណើរជាមួយខ្ញុំ ក៏បានឃើញពន្លឺនោះដែរ តែមិនបានឮព្រះសូរសៀងទេ។
10. ខ្ញុំក៏សួរថា “ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវធ្វើដូចម្ដេច?”។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរក្រោកឡើង ទៅក្រុងដាម៉ាសទៅ នៅទីនោះ គេនឹងប្រាប់អ្នកអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បង្គាប់ឲ្យអ្នកធ្វើ”។
11. ដោយខ្ញុំពុំអាចមើលអ្វីឃើញ ព្រោះតែពន្លឺរស្មីដ៏រុងរឿងនោះ អស់អ្នកដែលនៅជាមួយខ្ញុំបានដឹកដៃនាំខ្ញុំទៅក្រុងដាម៉ាស។
12. នៅក្រុងនោះ មានបុរសម្នាក់ឈ្មោះអណាណាស ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ស្របតាមក្រឹត្យវិន័យ* ហើយជនជាតិយូដានៅក្រុងដាម៉ាសគោរពរាប់អានគាត់គ្រប់ៗគ្នា។
13. គាត់មកឈរជិតខ្ញុំ ហើយពោលថា “បងសូលអើយ សូមឲ្យបងមើលឃើញវិញចុះ!”។ រំពេចនោះ ភ្នែកខ្ញុំក៏ភ្លឺឡើង ហើយខ្ញុំមើលឃើញគាត់។
14. គាត់មានប្រសាសន៍ថា “ព្រះនៃបុព្វបុរស*របស់យើង បានជ្រើសរើសបង ដើម្បីឲ្យបងស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ឲ្យបងបានឃើញព្រះដ៏សុចរិត និងឲ្យបងបានឮព្រះបន្ទូលរបស់ព្រះអង្គផ្ទាល់តែម្ដង
15. ដ្បិតបងនឹងធ្វើជាបន្ទាល់របស់ព្រះអង្គ នៅមុខមនុស្សទាំងអស់ អំពីហេតុការណ៍ដែលបងបានឃើញ និងអំពីសេចក្ដីដែលបងបានឮ។
16. ដូច្នេះ តើបងនៅបង្អែបង្អង់ដល់កាលណាទៀត សូមក្រោកឡើង ទទួលពិធីជ្រមុជទឹក* ហើយអង្វររកព្រះនាមព្រះអង្គទៅ ដើម្បីព្រះអង្គលាងបាប*ឲ្យ”។
17. ខ្ញុំវិលមកដល់ក្រុងយេរូសាឡឹមវិញ ហើយនៅពេលខ្ញុំកំពុងអធិស្ឋានក្នុងព្រះវិហារ ខ្ញុំលង់ស្មារតី
18. ឃើញព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរប្រញាប់ចាកចេញពីក្រុងយេរូសាឡឹមភ្លាមទៅ ដ្បិតអ្នកក្រុងនេះមិនព្រមទទួលសក្ខីភាពដែលអ្នកនិយាយអំពីយើងទេ”។
19. ខ្ញុំទូលថា “បពិត្រព្រះអម្ចាស់ អ្នកទាំងនោះបានដឹងស្រាប់ហើយថា ទូលបង្គំធ្លាប់ចូលទៅសាលាប្រជុំ*នានា ចាប់អស់អ្នកដែលជឿព្រះអង្គយកទៅឃុំឃាំង និងវាយដំទៀតផង។
20. នៅពេលគេសម្លាប់លោកស្ទេផានដែលជាបន្ទាល់របស់ព្រះអង្គ ទូលបង្គំក៏នៅទីនោះ ហើយបានយល់ស្របជាមួយពួកគេ ទាំងនៅយាមសម្លៀកបំពាក់របស់ពួកអ្នកដែលប្រហារជីវិតលោកផងដែរ”។
21. ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “ទៅចុះ ដ្បិតយើងនឹងចាត់អ្នកឲ្យទៅរកសាសន៍ដទៃដែលនៅឆ្ងាយៗ”»។
22. បណ្ដាជនបានស្ដាប់លោកប៉ូលមានប្រសាសន៍មកដល់ត្រឹមនេះ ក៏ស្រែកឡើងថា៖ «សូមសម្លាប់មនុស្សបែបនេះចោលទៅ កុំទុកឲ្យនៅរស់ឡើយ!»។