កិច្ចការ 22:7-18 Khmer Standard Version (KHSV)

7. ខ្ញុំ​ក៏​ដួល ហើយ​ឮ​សំឡេង​មួយ​ពោល​មក​ខ្ញុំ​ថា “សូល​អើយ សូល! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ​ដូច្នេះ?”។

8. ខ្ញុំ​បាន​សួរ​វិញ​ថា “លោក​ម្ចាស់​អើយ តើ​លោក​ជា​នរណា?”។ សំឡេង​នោះ​ឆ្លើយ​មក​ខ្ញុំ​ថា “ខ្ញុំ​ជា​យេស៊ូ អ្នក​ស្រុក​ណាសា‌រ៉ែត ដែល​អ្នក​កំពុង​តែ​បៀត‌បៀន”។

9. រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​ខ្ញុំ ក៏​បាន​ឃើញ​ពន្លឺ​នោះ​ដែរ តែ​មិន​បាន​ឮ​ព្រះ​សូរសៀង​ទេ។

10. ខ្ញុំ​ក៏​សួរ​ថា “ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ក្រោក​ឡើង ទៅ​ក្រុង​ដាម៉ាស​ទៅ នៅ​ទី​នោះ គេ​នឹង​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បង្គាប់​ឲ្យ​អ្នក​ធ្វើ”។

11. ដោយ​ខ្ញុំ​ពុំ​អាច​មើល​អ្វី​ឃើញ ព្រោះ​តែ​ពន្លឺ​រស្មី​ដ៏​រុងរឿង​នោះ អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ទៅ​ក្រុង​ដាម៉ាស។

12. នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​អណា‌ណាស ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ស្រប​តាម​ក្រឹត្យ‌វិន័យ* ហើយ​ជន‌ជាតិ​យូដា​នៅ​ក្រុង​ដាម៉ាស​គោរព​រាប់​អាន​គាត់​គ្រប់ៗ​គ្នា។

13. គាត់​មក​ឈរ​ជិត​ខ្ញុំ ហើយ​ពោល​ថា “បង​សូល​អើយ សូម​ឲ្យ​បង​មើល​ឃើញ​វិញ​ចុះ!”។ រំពេច​នោះ ភ្នែក​ខ្ញុំ​ក៏​ភ្លឺ​ឡើង ហើយ​ខ្ញុំ​មើល​ឃើញ​គាត់។

14. គាត់​មាន​ប្រសាសន៍​ថា “ព្រះ​នៃ​បុព្វបុរស*​របស់​យើង បាន​ជ្រើស​រើស​បង ដើម្បី​ឲ្យ​បង​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ឲ្យ​បង​បាន​ឃើញ​ព្រះ​ដ៏​សុចរិត និង​ឲ្យ​បង​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផ្ទាល់​តែ​ម្ដង

15. ដ្បិត​បង​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ព្រះ‌អង្គ នៅ​មុខ​មនុស្ស​ទាំង​អស់ អំពី​ហេតុ‌ការណ៍​ដែល​បង​បាន​ឃើញ និង​អំពី​សេចក្ដី​ដែល​បង​បាន​ឮ។

16. ដូច្នេះ តើ​បង​នៅ​បង្អែ‌បង្អង់​ដល់​កាល​ណា​ទៀត សូម​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អង្គ​ទៅ ដើម្បី​ព្រះ‌អង្គ​លាង​បាប*​ឲ្យ”។

17. ខ្ញុំ​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​នៅ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ ខ្ញុំ​លង់​ស្មារតី

18. ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រញាប់​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ភ្លាម​ទៅ ដ្បិត​អ្នក​ក្រុង​នេះ​មិន​ព្រម​ទទួល​សក្ខីភាព​ដែល​អ្នក​និយាយ​អំពី​យើង​ទេ”។

កិច្ចការ 22