19. ខ្ញុំទូលថា “បពិត្រព្រះអម្ចាស់ អ្នកទាំងនោះបានដឹងស្រាប់ហើយថា ទូលបង្គំធ្លាប់ចូលទៅសាលាប្រជុំ*នានា ចាប់អស់អ្នកដែលជឿព្រះអង្គយកទៅឃុំឃាំង និងវាយដំទៀតផង។
20. នៅពេលគេសម្លាប់លោកស្ទេផានដែលជាបន្ទាល់របស់ព្រះអង្គ ទូលបង្គំក៏នៅទីនោះ ហើយបានយល់ស្របជាមួយពួកគេ ទាំងនៅយាមសម្លៀកបំពាក់របស់ពួកអ្នកដែលប្រហារជីវិតលោកផងដែរ”។
21. ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “ទៅចុះ ដ្បិតយើងនឹងចាត់អ្នកឲ្យទៅរកសាសន៍ដទៃដែលនៅឆ្ងាយៗ”»។
22. បណ្ដាជនបានស្ដាប់លោកប៉ូលមានប្រសាសន៍មកដល់ត្រឹមនេះ ក៏ស្រែកឡើងថា៖ «សូមសម្លាប់មនុស្សបែបនេះចោលទៅ កុំទុកឲ្យនៅរស់ឡើយ!»។
23. គេនាំគ្នាស្រែក ទាំងបោះអាវរបស់ខ្លួន និងបាចធូលីដីឡើងលើទៀតផង។
24. លោកមេបញ្ជាការបង្គាប់ឲ្យគេនាំលោកប៉ូលចូលទៅក្នុងបន្ទាយ និងឲ្យគេវាយសួរចម្លើយ ចង់ដឹងមូលហេតុដែលនាំឲ្យបណ្ដាជនស្រែកប្រឆាំងនឹងលោកបែបនេះ។
25. នៅពេលគេកំពុងយកខ្សែចងលោក លោកប៉ូលមានប្រសាសន៍ទៅកាន់នាយទាហានម្នាក់នៅជិតនោះថា៖ «តើអស់លោកមានសិទ្ធិវាយអ្នកដែលមានសញ្ជាតិរ៉ូម៉ាំង ដោយមិនកាត់ទោសជាមុនឬ!»។
26. នាយទាហានឮពាក្យនេះ ក៏ទៅជម្រាបលោកមេបញ្ជាការថា៖ «តើលោកគិតធ្វើអីហ្នឹង បុរសនោះជាជនជាតិរ៉ូម៉ាំងទេតើ»។
27. លោកមេបញ្ជាការមកសួរលោកប៉ូលថា៖ «សុំប្រាប់ខ្ញុំមើល៍ តើអ្នកជាជនជាតិរ៉ូម៉ាំងមែនឬ?»។ លោកឆ្លើយថា៖ «បាទ ខ្ញុំជាជនជាតិរ៉ូម៉ាំងមែន»។
28. លោកមេបញ្ជាការក៏មានប្រសាសន៍ទៀតថា៖ «ខ្ញុំបានចំណាយប្រាក់ជាច្រើន ដើម្បីឲ្យបានសញ្ជាតិរ៉ូម៉ាំង»។ លោកប៉ូលតបថា៖ «រីឯខ្ញុំវិញ ខ្ញុំមានសញ្ជាតិរ៉ូម៉ាំង តាំងពីកំណើតមកម៉្លេះ»។
29. ពួកអ្នកដែលបម្រុងនឹងសួរចម្លើយលោក នាំគ្នាដកខ្លួនថយពីទីនោះភ្លាម រីឯលោកមេបញ្ជាការក៏ភិតភ័យដែរ នៅពេលដឹងថាលោកប៉ូលមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ព្រោះគាត់បានឲ្យគេដាក់ច្រវាក់លោក។