17. ខ្ញុំវិលមកដល់ក្រុងយេរូសាឡឹមវិញ ហើយនៅពេលខ្ញុំកំពុងអធិស្ឋានក្នុងព្រះវិហារ ខ្ញុំលង់ស្មារតី
18. ឃើញព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរប្រញាប់ចាកចេញពីក្រុងយេរូសាឡឹមភ្លាមទៅ ដ្បិតអ្នកក្រុងនេះមិនព្រមទទួលសក្ខីភាពដែលអ្នកនិយាយអំពីយើងទេ”។
19. ខ្ញុំទូលថា “បពិត្រព្រះអម្ចាស់ អ្នកទាំងនោះបានដឹងស្រាប់ហើយថា ទូលបង្គំធ្លាប់ចូលទៅសាលាប្រជុំ*នានា ចាប់អស់អ្នកដែលជឿព្រះអង្គយកទៅឃុំឃាំង និងវាយដំទៀតផង។
20. នៅពេលគេសម្លាប់លោកស្ទេផានដែលជាបន្ទាល់របស់ព្រះអង្គ ទូលបង្គំក៏នៅទីនោះ ហើយបានយល់ស្របជាមួយពួកគេ ទាំងនៅយាមសម្លៀកបំពាក់របស់ពួកអ្នកដែលប្រហារជីវិតលោកផងដែរ”។
21. ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “ទៅចុះ ដ្បិតយើងនឹងចាត់អ្នកឲ្យទៅរកសាសន៍ដទៃដែលនៅឆ្ងាយៗ”»។
22. បណ្ដាជនបានស្ដាប់លោកប៉ូលមានប្រសាសន៍មកដល់ត្រឹមនេះ ក៏ស្រែកឡើងថា៖ «សូមសម្លាប់មនុស្សបែបនេះចោលទៅ កុំទុកឲ្យនៅរស់ឡើយ!»។
23. គេនាំគ្នាស្រែក ទាំងបោះអាវរបស់ខ្លួន និងបាចធូលីដីឡើងលើទៀតផង។
24. លោកមេបញ្ជាការបង្គាប់ឲ្យគេនាំលោកប៉ូលចូលទៅក្នុងបន្ទាយ និងឲ្យគេវាយសួរចម្លើយ ចង់ដឹងមូលហេតុដែលនាំឲ្យបណ្ដាជនស្រែកប្រឆាំងនឹងលោកបែបនេះ។
25. នៅពេលគេកំពុងយកខ្សែចងលោក លោកប៉ូលមានប្រសាសន៍ទៅកាន់នាយទាហានម្នាក់នៅជិតនោះថា៖ «តើអស់លោកមានសិទ្ធិវាយអ្នកដែលមានសញ្ជាតិរ៉ូម៉ាំង ដោយមិនកាត់ទោសជាមុនឬ!»។
26. នាយទាហានឮពាក្យនេះ ក៏ទៅជម្រាបលោកមេបញ្ជាការថា៖ «តើលោកគិតធ្វើអីហ្នឹង បុរសនោះជាជនជាតិរ៉ូម៉ាំងទេតើ»។
27. លោកមេបញ្ជាការមកសួរលោកប៉ូលថា៖ «សុំប្រាប់ខ្ញុំមើល៍ តើអ្នកជាជនជាតិរ៉ូម៉ាំងមែនឬ?»។ លោកឆ្លើយថា៖ «បាទ ខ្ញុំជាជនជាតិរ៉ូម៉ាំងមែន»។
28. លោកមេបញ្ជាការក៏មានប្រសាសន៍ទៀតថា៖ «ខ្ញុំបានចំណាយប្រាក់ជាច្រើន ដើម្បីឲ្យបានសញ្ជាតិរ៉ូម៉ាំង»។ លោកប៉ូលតបថា៖ «រីឯខ្ញុំវិញ ខ្ញុំមានសញ្ជាតិរ៉ូម៉ាំង តាំងពីកំណើតមកម៉្លេះ»។
29. ពួកអ្នកដែលបម្រុងនឹងសួរចម្លើយលោក នាំគ្នាដកខ្លួនថយពីទីនោះភ្លាម រីឯលោកមេបញ្ជាការក៏ភិតភ័យដែរ នៅពេលដឹងថាលោកប៉ូលមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ព្រោះគាត់បានឲ្យគេដាក់ច្រវាក់លោក។
30. នៅថ្ងៃបន្ទាប់ ដោយលោកមេបញ្ជាការចង់ដឹងច្បាស់នូវមូលហេតុ ដែលនាំឲ្យជនជាតិយូដាចោទប្រកាន់លោកប៉ូល គាត់ក៏ឲ្យគេដោះច្រវាក់ចេញពីលោក។ គាត់បញ្ជាឲ្យពួកនាយកបូជាចារ្យ* និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូលជួបជុំគ្នា ហើយឲ្យនាំលោកប៉ូលចុះមកឈរនៅមុខអង្គប្រជុំ។