6. បន្ទាប់មក យើងបានជម្រាបលាគ្នា រួចចុះសំពៅ រីឯពួកគេវិញ ពួកគេវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។
7. យើងបានបន្តដំណើរពីក្រុងទីរ៉ុស ទៅដល់ក្រុងផ្ទោឡេម៉ៃស៍ ហើយដំណើរតាមផ្លូវទឹកក៏ចប់ត្រឹមណេះ។ យើងបានចូលទៅជម្រាបសួរពួកបងប្អូននៅក្រុងផ្ទោឡេម៉ៃស៍ និងស្នាក់នៅជាមួយពួកគេមួយថ្ងៃ។
8. នៅថ្ងៃបន្ទាប់ យើងបន្តដំណើរដល់ក្រុងសេសារា។ យើងបានចូលផ្ទះលោកភីលីព ជាអ្នកផ្សាយដំណឹងល្អ និងជាម្នាក់នៅក្នុងចំណោមក្រុមប្រាំពីររូប ហើយយើងក៏ស្នាក់នៅផ្ទះគាត់។
9. លោកភីលីពមានកូនក្រមុំបួននាក់ ដែលថ្លែងព្រះបន្ទូល*របស់ព្រះជាម្ចាស់។
10. យើងស្នាក់នៅទីនោះជាច្រើនថ្ងៃ។ ពេលនោះ មានព្យាការីមួយរូបឈ្មោះអកាប៊ូស ធ្វើដំណើរមកពីស្រុកយូដា។
11. គាត់មកជួបយើង ហើយយកខ្សែក្រវាត់លោកប៉ូលមកចងជើងចងដៃរបស់ខ្លួន ទាំងពោលថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា នៅក្រុងយេរូសាឡឹម សាសន៍យូដានឹងចងដៃចងជើងម្ចាស់ខ្សែក្រវាត់នេះដូច្នេះដែរ ហើយថែមទាំងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃផង»។
12. កាលបានឮពាក្យនេះ ទាំងយើង ទាំងបងប្អូនដែលនៅក្រុងនោះ ក៏អង្វរលោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។
13. ប៉ុន្តែ លោកប៉ូលតបមកវិញថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាយំ ព្រមទាំងធ្វើឲ្យខ្ញុំពិបាកចិត្តដូច្នេះ? ខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ គឺថែមទាំងឲ្យគេសម្លាប់នៅក្រុងយេរូសាឡឹម ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់យេស៊ូទៀតផង»។
14. ដោយយើងពុំអាចឃាត់លោកបានទេនោះ យើងក៏ឈប់អង្វរលោក ហើយពោលថា៖ «សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ចុះ»។
15. ក្រោយពីបានស្នាក់នៅទីនោះយូរបន្តិចមក យើងរៀបចំខ្លួនទៅក្រុងយេរូសាឡឹម។
16. ពួកសិស្ស*នៅក្រុងសេសារាខ្លះបានរួមដំណើរជាមួយយើង ហើយនាំយើងទៅស្នាក់នៅផ្ទះបុរសម្នាក់ ឈ្មោះម៉្នាសុន ជាអ្នកកោះគីប្រុស និងជាសិស្ស*តាំងដើមដំបូងមក។