4. យើងបានជួបពួកសិស្ស*នៅទីនោះ ហើយស្នាក់នៅជាមួយពួកគេ អស់រយៈពេលប្រាំពីរថ្ងៃ។ ដោយព្រះវិញ្ញាណសម្តែងឲ្យគេដឹង គេបានឃាត់លោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។
5. លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត។ បងប្អូនទាំងអស់ ព្រមទាំងភរិយា និងកូនចៅរបស់គេ ជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងនាំគ្នាលុតជង្គង់ អធិស្ឋាននៅមាត់សមុទ្រ។
6. បន្ទាប់មក យើងបានជម្រាបលាគ្នា រួចចុះសំពៅ រីឯពួកគេវិញ ពួកគេវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។
7. យើងបានបន្តដំណើរពីក្រុងទីរ៉ុស ទៅដល់ក្រុងផ្ទោឡេម៉ៃស៍ ហើយដំណើរតាមផ្លូវទឹកក៏ចប់ត្រឹមណេះ។ យើងបានចូលទៅជម្រាបសួរពួកបងប្អូននៅក្រុងផ្ទោឡេម៉ៃស៍ និងស្នាក់នៅជាមួយពួកគេមួយថ្ងៃ។
8. នៅថ្ងៃបន្ទាប់ យើងបន្តដំណើរដល់ក្រុងសេសារា។ យើងបានចូលផ្ទះលោកភីលីព ជាអ្នកផ្សាយដំណឹងល្អ និងជាម្នាក់នៅក្នុងចំណោមក្រុមប្រាំពីររូប ហើយយើងក៏ស្នាក់នៅផ្ទះគាត់។
9. លោកភីលីពមានកូនក្រមុំបួននាក់ ដែលថ្លែងព្រះបន្ទូល*របស់ព្រះជាម្ចាស់។
10. យើងស្នាក់នៅទីនោះជាច្រើនថ្ងៃ។ ពេលនោះ មានព្យាការីមួយរូបឈ្មោះអកាប៊ូស ធ្វើដំណើរមកពីស្រុកយូដា។
11. គាត់មកជួបយើង ហើយយកខ្សែក្រវាត់លោកប៉ូលមកចងជើងចងដៃរបស់ខ្លួន ទាំងពោលថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា នៅក្រុងយេរូសាឡឹម សាសន៍យូដានឹងចងដៃចងជើងម្ចាស់ខ្សែក្រវាត់នេះដូច្នេះដែរ ហើយថែមទាំងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃផង»។
12. កាលបានឮពាក្យនេះ ទាំងយើង ទាំងបងប្អូនដែលនៅក្រុងនោះ ក៏អង្វរលោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។
13. ប៉ុន្តែ លោកប៉ូលតបមកវិញថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាយំ ព្រមទាំងធ្វើឲ្យខ្ញុំពិបាកចិត្តដូច្នេះ? ខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ គឺថែមទាំងឲ្យគេសម្លាប់នៅក្រុងយេរូសាឡឹម ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់យេស៊ូទៀតផង»។