24. សូមបងនាំគេទៅ ហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ*ជាមួយគេ ព្រមទាំងចេញប្រាក់ឲ្យគេកោរសក់ផង ដើម្បីឲ្យមនុស្សម្នាដឹងគ្រប់គ្នាថា ដំណឹងដែលគេបានឮអំពីបងនោះមិនពិតទេ ផ្ទុយទៅវិញ បងក៏ប្រព្រឹត្តតាមក្រឹត្យវិន័យ*ដែរ។
25. រីឯសាសន៍ដទៃដែលបានជឿនោះ យើងបានសរសេរសេចក្ដីដែលយើងបានសម្រេចជូនទៅគេរួចហើយ ថាកុំឲ្យបរិភោគសាច់ដែលបានសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់-ក និងកុំរួមរស់ជាមួយគ្នាដោយឥតរៀបការ»។
26. នៅថ្ងៃបន្ទាប់ លោកប៉ូលបាននាំបងប្អូនទាំងបួននាក់នោះ ទៅធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ*ជាមួយលោក។ លោកក៏ចូលទៅក្នុងព្រះវិហារ* ប្រាប់គេអំពីពេលកំណត់ដែលពិធីជម្រះកាយឲ្យបានបរិសុទ្ធនេះនឹងត្រូវចប់ និងពេលកំណត់ដែលម្នាក់ៗត្រូវថ្វាយតង្វាយ។
27. លុះរយៈពេលមួយសប្ដាហ៍នោះជិតផុត មានជនជាតិយូដាមកពីស្រុកអាស៊ី បានឃើញលោកនៅក្នុងព្រះវិហារ* ក៏បំបះបំបោរបណ្ដាជនទាំងមូលឲ្យនាំគ្នាចាប់លោក។
28. ពួកគេស្រែកឡើងថា៖ «បងប្អូនជនជាតិអ៊ីស្រាអែលអើយ សូមជួយផង! ជននេះហើយដែលបានប្រៀនប្រដៅមនុស្សម្នានៅគ្រប់ទីកន្លែងឲ្យប្រឆាំងនឹងប្រជារាស្ត្រអ៊ីស្រាអែល ប្រឆាំងនឹងក្រឹត្យវិន័យ* ហើយប្រឆាំងនឹងព្រះវិហារ*។ គាត់ថែមទាំងបាននាំសាសន៍ក្រិកចូលមកក្នុងព្រះវិហារ គឺបង្អាប់បង្អោនទីកន្លែងដ៏វិសុទ្ធ*នេះ»។
29. គេថាដូច្នេះ មកពីគេបានឃើញលោកត្រូភីម ជាអ្នកក្រុងអេភេសូ នៅជាមួយលោកប៉ូលក្នុងទីក្រុង ហើយគេស្មានថា លោកបាននាំគាត់ចូលក្នុងព្រះវិហារដែរ។
30. ពេលនោះ មានកើតចលាចលពេញទីក្រុង ប្រជាជននាំគ្នារត់មកពីគ្រប់ទិសទី។ គេបានចាប់លោកប៉ូលអូសចេញពីព្រះវិហារ* រួចបិទទ្វារភ្លាម។
31. នៅពេលដែលពួកគេបម្រុងនឹងសម្លាប់លោកប៉ូល ដំណឹងអំពីចលាចលនៅក្រុងយេរូសាឡឹមក៏បានឮទៅដល់មេបញ្ជាការកងទាហានរ៉ូម៉ាំង
32. គាត់នាំកូនទាហាន និងនាយទាហាន រត់ទៅកាន់បណ្ដាជនភ្លាម។ កាលប្រជាជនបានឃើញមេបញ្ជាការ និងពួកទាហាន គេឈប់វាយលោកប៉ូល។
33. ពេលនោះ មេបញ្ជាការបានចូលទៅជិត ហើយចាប់លោក ព្រមទាំងបញ្ជាគេឲ្យដាក់ច្រវាក់ពីរថែមទៀតផង រួចទើបសាកសួរថា លោកប៉ូលនេះជានរណា បានធ្វើអ្វី។
34. ប៉ុន្តែ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ។ ដោយមានសំឡេងអឺងកងពេក លោកមេបញ្ជាការពុំអាចដឹងរឿងហេតុច្បាស់លាស់ឡើយ គាត់ក៏បញ្ជាគេឲ្យនាំលោកប៉ូលទៅបន្ទាយ។