កិច្ចការ 21:23-40 Khmer Standard Version (KHSV)

23. សូម​ធ្វើ​តាម​យោបល់​យើង​ចុះ ដ្បិត​គ្នា​យើង​បួន​នាក់​មាន​ជាប់​បំណន់

24. សូម​បង​នាំ​គេ​ទៅ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ*​ជា​មួយ​គេ ព្រម​ទាំង​ចេញ​ប្រាក់​ឲ្យ​គេ​កោរ​សក់​ផង ដើម្បី​ឲ្យ​មនុស្ស‌ម្នា​ដឹង​គ្រប់​គ្នា​ថា ដំណឹង​ដែល​គេ​បាន​ឮ​អំពី​បង​នោះ​មិន​ពិត​ទេ ផ្ទុយ​ទៅ​វិញ បង​ក៏​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ*​ដែរ។

25. រីឯ​សាសន៍​ដទៃ​ដែល​បាន​ជឿ​នោះ យើង​បាន​សរសេរ​សេចក្ដី​ដែល​យើង​បាន​សម្រេច​ជូន​ទៅ​គេ​រួច​ហើយ ថា​កុំ​ឲ្យ​បរិភោគ​សាច់​ដែល​បាន​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់-ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​ឥត​រៀប‌ការ»។

26. នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​នាំ​បង‌ប្អូន​ទាំង​បួន​នាក់​នោះ ទៅ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ*​ជា​មួយ​លោក។ លោក​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ* ប្រាប់​គេ​អំពី​ពេល​កំណត់​ដែល​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​នេះ​នឹង​ត្រូវ​ចប់ និង​ពេល​កំណត់​ដែល​ម្នាក់ៗ​ត្រូវ​ថ្វាយ​តង្វាយ។

27. លុះ​រយៈ​ពេល​មួយ​សប្ដាហ៍​នោះ​ជិត​ផុត មាន​ជន‌ជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​លោក​នៅ​ក្នុង​ព្រះ‌វិហារ* ក៏​បំបះ‌បំបោរ​បណ្ដា‌ជន​ទាំង​មូល​ឲ្យ​នាំ​គ្នា​ចាប់​លោក។

28. ពួក​គេ​ស្រែក​ឡើង​ថា៖ «បង‌ប្អូន​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​ជួយ​ផង! ជន​នេះ​ហើយ​ដែល​បាន​ប្រៀន‌ប្រដៅ​មនុស្ស‌ម្នា​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រឆាំង​នឹង​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ប្រឆាំង​នឹង​ក្រឹត្យ‌វិន័យ* ហើយ​ប្រឆាំង​នឹង​ព្រះ‌វិហារ*។ គាត់​ថែម​ទាំង​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ព្រះ‌វិហារ គឺ​បង្អាប់‌បង្អោន​ទី​កន្លែង​ដ៏‌វិសុទ្ធ*​នេះ»។

29. គេ​ថា​ដូច្នេះ មក​ពី​គេ​បាន​ឃើញ​លោក​ត្រូភីម ជា​អ្នក​ក្រុង​អេភេសូ នៅ​ជា​មួយ​លោក​ប៉ូល​ក្នុង​ទីក្រុង ហើយ​គេ​ស្មាន​ថា លោក​បាន​នាំ​គាត់​ចូល​ក្នុង​ព្រះ‌វិហារ​ដែរ។

30. ពេល​នោះ មាន​កើត​ចលាចល​ពេញ​ទីក្រុង ប្រជា‌ជន​នាំ​គ្នា​រត់​មក​ពី​គ្រប់​ទិស‌ទី។ គេ​បាន​ចាប់​លោក​ប៉ូល​អូស​ចេញ​ពី​ព្រះ‌វិហារ* រួច​បិទ​ទ្វារ​ភ្លាម។

31. នៅ​ពេល​ដែល​ពួក​គេ​បម្រុង​នឹង​សម្លាប់​លោក​ប៉ូល ដំណឹង​អំពី​ចលាចល​នៅ​ក្រុង​យេរូ‌សាឡឹម​ក៏​បាន​ឮ​ទៅ​ដល់​មេ‌បញ្ជា‌ការ​កង​ទាហាន​រ៉ូម៉ាំង

32. គាត់​នាំ​កូន​ទាហាន និង​នាយ​ទាហាន រត់​ទៅ​កាន់​បណ្ដា‌ជន​ភ្លាម។ កាល​ប្រជា‌ជន​បាន​ឃើញ​មេ‌បញ្ជា‌ការ និង​ពួក​ទាហាន គេ​ឈប់​វាយ​លោក​ប៉ូល។

33. ពេល​នោះ មេ‌បញ្ជា‌ការ​បាន​ចូល​ទៅ​ជិត ហើយ​ចាប់​លោក ព្រម​ទាំង​បញ្ជា​គេ​ឲ្យ​ដាក់​ច្រវាក់​ពីរ​ថែម​ទៀត​ផង រួច​ទើប​សាក​សួរ​ថា លោក​ប៉ូល​នេះ​ជា​នរណា បាន​ធ្វើ​អ្វី។

34. ប៉ុន្តែ ក្នុង​ចំណោម​បណ្ដា‌ជន មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ។ ដោយ​មាន​សំឡេង​អឺង‌កង​ពេក លោក​មេ‌បញ្ជា‌ការ​ពុំ​អាច​ដឹង​រឿង​ហេតុ​ច្បាស់​លាស់​ឡើយ គាត់​ក៏​បញ្ជា​គេ​ឲ្យ​នាំ​លោក​ប៉ូល​ទៅ​បន្ទាយ។

35. ពេល​លោក​ប៉ូល​មក​ដល់​ជណ្ដើរ​បន្ទាយ ពួក​ទាហាន​នាំ​គ្នា​សែង​លោក ព្រោះ​បណ្ដា‌ជន​មក​តាម​ទាំង​កំរោល

36. និង​ស្រែក​ថា៖ «សម្លាប់​ចោល​ទៅ!»។

37. នៅ​ពេល​គេ​ហៀប​នឹង​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ លោក​មាន​ប្រសាសន៍​ទៅ​មេ‌បញ្ជា‌ការ​ថា៖ «តើ​ខ្ញុំ​មាន​សិទ្ធិ​និយាយ​ជា​មួយ​លោក​បន្តិច​បាន​ឬ​ទេ?»។ មេ‌បញ្ជា‌ការ​ពោល​មក​លោក​ថា៖ «អ្នក​ចេះ​និយាយ​ភាសា​ក្រិក​ដែរ!

38. ដូច្នេះ អ្នក​មិន​មែន​ជា​ជន‌ជាតិ​អេស៊ីប​ដែល​បាន​បំបះ‌បំបោរ​ប្រជា‌ជន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហើយ​នាំ​ពួក​ឧទ្ទាម​បួន​ពាន់​នាក់​ចូល​ព្រៃ​នោះ​ទេ​ឬ?»។

39. លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ជន‌ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ជា​ក្រុង​ដ៏​ល្បី‌ល្បាញ​ក្នុង​ស្រុក​គីលី‌គា​នោះ​ទេ​តើ! សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជា‌ជន​នេះ​ផង»។

40. លោក​មេ‌បញ្ជា‌ការ​ក៏​អនុញ្ញាត​ឲ្យ។ លោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជា‌ជន ពេល​នោះ ប្រជា‌ជន​នៅ​ស្ងាត់‌ជ្រៀប ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖

កិច្ចការ 21