20. កាលបានឮលោកប៉ូលមានប្រសាសន៍ដូច្នេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោលមកកាន់លោកថា៖ «បងអើយ បងឃើញទេ មានជនជាតិយូដារាប់ម៉ឺននាក់បានជឿ ហើយបងប្អូនទាំងនោះជាប់ចិត្តនឹងក្រឹត្យវិន័យ*ខ្លាំងណាស់។
21. ប៉ុន្តែ គេបានឮដំណឹងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ ដែលរស់នៅក្នុងចំណោមសាសន៍ដទៃ មិនឲ្យប្រតិបត្តិតាមគម្ពីរវិន័យរបស់លោកម៉ូសេ*ទេ គឺឮថាបងប្រាប់គេមិនឲ្យធ្វើពិធីកាត់ស្បែក*កូនចៅ និងមិនឲ្យកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ។
22. បើដូច្នេះ តើត្រូវធ្វើដូចម្ដេច? គេមុខជាដឹងថាបងនៅទីនេះមិនខាន។
23. សូមធ្វើតាមយោបល់យើងចុះ ដ្បិតគ្នាយើងបួននាក់មានជាប់បំណន់
24. សូមបងនាំគេទៅ ហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ*ជាមួយគេ ព្រមទាំងចេញប្រាក់ឲ្យគេកោរសក់ផង ដើម្បីឲ្យមនុស្សម្នាដឹងគ្រប់គ្នាថា ដំណឹងដែលគេបានឮអំពីបងនោះមិនពិតទេ ផ្ទុយទៅវិញ បងក៏ប្រព្រឹត្តតាមក្រឹត្យវិន័យ*ដែរ។
25. រីឯសាសន៍ដទៃដែលបានជឿនោះ យើងបានសរសេរសេចក្ដីដែលយើងបានសម្រេចជូនទៅគេរួចហើយ ថាកុំឲ្យបរិភោគសាច់ដែលបានសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់-ក និងកុំរួមរស់ជាមួយគ្នាដោយឥតរៀបការ»។
26. នៅថ្ងៃបន្ទាប់ លោកប៉ូលបាននាំបងប្អូនទាំងបួននាក់នោះ ទៅធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ*ជាមួយលោក។ លោកក៏ចូលទៅក្នុងព្រះវិហារ* ប្រាប់គេអំពីពេលកំណត់ដែលពិធីជម្រះកាយឲ្យបានបរិសុទ្ធនេះនឹងត្រូវចប់ និងពេលកំណត់ដែលម្នាក់ៗត្រូវថ្វាយតង្វាយ។
27. លុះរយៈពេលមួយសប្ដាហ៍នោះជិតផុត មានជនជាតិយូដាមកពីស្រុកអាស៊ី បានឃើញលោកនៅក្នុងព្រះវិហារ* ក៏បំបះបំបោរបណ្ដាជនទាំងមូលឲ្យនាំគ្នាចាប់លោក។
28. ពួកគេស្រែកឡើងថា៖ «បងប្អូនជនជាតិអ៊ីស្រាអែលអើយ សូមជួយផង! ជននេះហើយដែលបានប្រៀនប្រដៅមនុស្សម្នានៅគ្រប់ទីកន្លែងឲ្យប្រឆាំងនឹងប្រជារាស្ត្រអ៊ីស្រាអែល ប្រឆាំងនឹងក្រឹត្យវិន័យ* ហើយប្រឆាំងនឹងព្រះវិហារ*។ គាត់ថែមទាំងបាននាំសាសន៍ក្រិកចូលមកក្នុងព្រះវិហារ គឺបង្អាប់បង្អោនទីកន្លែងដ៏វិសុទ្ធ*នេះ»។
29. គេថាដូច្នេះ មកពីគេបានឃើញលោកត្រូភីម ជាអ្នកក្រុងអេភេសូ នៅជាមួយលោកប៉ូលក្នុងទីក្រុង ហើយគេស្មានថា លោកបាននាំគាត់ចូលក្នុងព្រះវិហារដែរ។
30. ពេលនោះ មានកើតចលាចលពេញទីក្រុង ប្រជាជននាំគ្នារត់មកពីគ្រប់ទិសទី។ គេបានចាប់លោកប៉ូលអូសចេញពីព្រះវិហារ* រួចបិទទ្វារភ្លាម។
31. នៅពេលដែលពួកគេបម្រុងនឹងសម្លាប់លោកប៉ូល ដំណឹងអំពីចលាចលនៅក្រុងយេរូសាឡឹមក៏បានឮទៅដល់មេបញ្ជាការកងទាហានរ៉ូម៉ាំង
32. គាត់នាំកូនទាហាន និងនាយទាហាន រត់ទៅកាន់បណ្ដាជនភ្លាម។ កាលប្រជាជនបានឃើញមេបញ្ជាការ និងពួកទាហាន គេឈប់វាយលោកប៉ូល។
33. ពេលនោះ មេបញ្ជាការបានចូលទៅជិត ហើយចាប់លោក ព្រមទាំងបញ្ជាគេឲ្យដាក់ច្រវាក់ពីរថែមទៀតផង រួចទើបសាកសួរថា លោកប៉ូលនេះជានរណា បានធ្វើអ្វី។
34. ប៉ុន្តែ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ។ ដោយមានសំឡេងអឺងកងពេក លោកមេបញ្ជាការពុំអាចដឹងរឿងហេតុច្បាស់លាស់ឡើយ គាត់ក៏បញ្ជាគេឲ្យនាំលោកប៉ូលទៅបន្ទាយ។
35. ពេលលោកប៉ូលមកដល់ជណ្ដើរបន្ទាយ ពួកទាហាននាំគ្នាសែងលោក ព្រោះបណ្ដាជនមកតាមទាំងកំរោល
36. និងស្រែកថា៖ «សម្លាប់ចោលទៅ!»។