កិច្ចការ 21:14-28 Khmer Standard Version (KHSV)

14. ដោយ​យើង​ពុំ​អាច​ឃាត់​លោក​បាន​ទេ​នោះ យើង​ក៏​ឈប់​អង្វរ​លោក ហើយ​ពោល​ថា៖ «សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់​ចុះ»។

15. ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្តិច​មក យើង​រៀប‌ចំ​ខ្លួន​ទៅ​ក្រុង​យេរូ‌សាឡឹម។

16. ពួក​សិស្ស*​នៅ​ក្រុង​សេសារា​ខ្លះ​បាន​រួម​ដំណើរ​ជា​មួយ​យើង ហើយ​នាំ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​ម៉្នាសុន ជា​អ្នក​កោះ​គីប្រុស និង​ជា​សិស្ស*​តាំង​ដើម​ដំបូង​មក។

17. ពេល​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ពួក​បង‌ប្អូន​បាន​ទទួល​យើង​យ៉ាង​រាក់‌ទាក់។

18. នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​ទៅ​ផ្ទះ​លោក​យ៉ាកុប​ជា​មួយ​យើង រីឯ​ពួក​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​ក៏​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។

19. ក្រោយ​ពី​បាន​ជម្រាប​សួរ​ពួក​បង‌ប្អូន​រួច​ហើយ លោក​ប៉ូល​រៀប​រាប់​យ៉ាង​ល្អិត‌ល្អន់​អំពី​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ ក្នុង​ចំណោម​សាសន៍​ដទៃ តាម​រយៈ​ការ‌ងារ​របស់​លោក។

20. កាល​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពោល​មក​កាន់​លោក​ថា៖ «បង​អើយ បង​ឃើញ​ទេ មាន​ជន‌ជាតិ​យូដា​រាប់​ម៉ឺន​នាក់​បាន​ជឿ ហើយ​បង‌ប្អូន​ទាំង​នោះ​ជាប់​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ*​ខ្លាំង​ណាស់។

21. ប៉ុន្តែ គេ​បាន​ឮ​ដំណឹង​ថា បង​បាន​បង្រៀន​ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ មិន​ឲ្យ​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ*​ទេ គឺ​ឮ​ថា​បង​ប្រាប់​គេ​មិន​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក*​កូន​ចៅ និង​មិន​ឲ្យ​កាន់​តាម​ទំនៀម‌ទម្លាប់​ផ្សេងៗ​ឡើយ។

22. បើ​ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច? គេ​មុខ​ជា​ដឹង​ថា​បង​នៅ​ទី​នេះ​មិន​ខាន។

23. សូម​ធ្វើ​តាម​យោបល់​យើង​ចុះ ដ្បិត​គ្នា​យើង​បួន​នាក់​មាន​ជាប់​បំណន់

24. សូម​បង​នាំ​គេ​ទៅ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ*​ជា​មួយ​គេ ព្រម​ទាំង​ចេញ​ប្រាក់​ឲ្យ​គេ​កោរ​សក់​ផង ដើម្បី​ឲ្យ​មនុស្ស‌ម្នា​ដឹង​គ្រប់​គ្នា​ថា ដំណឹង​ដែល​គេ​បាន​ឮ​អំពី​បង​នោះ​មិន​ពិត​ទេ ផ្ទុយ​ទៅ​វិញ បង​ក៏​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ*​ដែរ។

25. រីឯ​សាសន៍​ដទៃ​ដែល​បាន​ជឿ​នោះ យើង​បាន​សរសេរ​សេចក្ដី​ដែល​យើង​បាន​សម្រេច​ជូន​ទៅ​គេ​រួច​ហើយ ថា​កុំ​ឲ្យ​បរិភោគ​សាច់​ដែល​បាន​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់-ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​ឥត​រៀប‌ការ»។

26. នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​នាំ​បង‌ប្អូន​ទាំង​បួន​នាក់​នោះ ទៅ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ*​ជា​មួយ​លោក។ លោក​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ* ប្រាប់​គេ​អំពី​ពេល​កំណត់​ដែល​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​នេះ​នឹង​ត្រូវ​ចប់ និង​ពេល​កំណត់​ដែល​ម្នាក់ៗ​ត្រូវ​ថ្វាយ​តង្វាយ។

27. លុះ​រយៈ​ពេល​មួយ​សប្ដាហ៍​នោះ​ជិត​ផុត មាន​ជន‌ជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​លោក​នៅ​ក្នុង​ព្រះ‌វិហារ* ក៏​បំបះ‌បំបោរ​បណ្ដា‌ជន​ទាំង​មូល​ឲ្យ​នាំ​គ្នា​ចាប់​លោក។

28. ពួក​គេ​ស្រែក​ឡើង​ថា៖ «បង‌ប្អូន​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​ជួយ​ផង! ជន​នេះ​ហើយ​ដែល​បាន​ប្រៀន‌ប្រដៅ​មនុស្ស‌ម្នា​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រឆាំង​នឹង​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ប្រឆាំង​នឹង​ក្រឹត្យ‌វិន័យ* ហើយ​ប្រឆាំង​នឹង​ព្រះ‌វិហារ*។ គាត់​ថែម​ទាំង​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ព្រះ‌វិហារ គឺ​បង្អាប់‌បង្អោន​ទី​កន្លែង​ដ៏‌វិសុទ្ធ*​នេះ»។

កិច្ចការ 21