កិច្ចការ 21:11-21 Khmer Standard Version (KHSV)

11. គាត់​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​លោក​ប៉ូល​មក​ចង​ជើង​ចង​ដៃ​របស់​ខ្លួន ទាំង​ពោល​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា នៅ​ក្រុង​យេរូ‌សាឡឹម សាសន៍​យូដា​នឹង​ចង​ដៃ​ចង​ជើង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ផង»។

12. កាល​បាន​ឮ​ពាក្យ​នេះ ទាំង​យើង ទាំង​បង‌ប្អូន​ដែល​នៅ​ក្រុង​នោះ ក៏​អង្វរ​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។

13. ប៉ុន្តែ លោក​ប៉ូល​តប​មក​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​បង‌ប្អូន​នាំ​គ្នា​យំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ដូច្នេះ? ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឲ្យ​គេ​សម្លាប់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូ​ទៀត​ផង»។

14. ដោយ​យើង​ពុំ​អាច​ឃាត់​លោក​បាន​ទេ​នោះ យើង​ក៏​ឈប់​អង្វរ​លោក ហើយ​ពោល​ថា៖ «សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់​ចុះ»។

15. ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្តិច​មក យើង​រៀប‌ចំ​ខ្លួន​ទៅ​ក្រុង​យេរូ‌សាឡឹម។

16. ពួក​សិស្ស*​នៅ​ក្រុង​សេសារា​ខ្លះ​បាន​រួម​ដំណើរ​ជា​មួយ​យើង ហើយ​នាំ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​ម៉្នាសុន ជា​អ្នក​កោះ​គីប្រុស និង​ជា​សិស្ស*​តាំង​ដើម​ដំបូង​មក។

17. ពេល​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ពួក​បង‌ប្អូន​បាន​ទទួល​យើង​យ៉ាង​រាក់‌ទាក់។

18. នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​ទៅ​ផ្ទះ​លោក​យ៉ាកុប​ជា​មួយ​យើង រីឯ​ពួក​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​ក៏​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។

19. ក្រោយ​ពី​បាន​ជម្រាប​សួរ​ពួក​បង‌ប្អូន​រួច​ហើយ លោក​ប៉ូល​រៀប​រាប់​យ៉ាង​ល្អិត‌ល្អន់​អំពី​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ ក្នុង​ចំណោម​សាសន៍​ដទៃ តាម​រយៈ​ការ‌ងារ​របស់​លោក។

20. កាល​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពោល​មក​កាន់​លោក​ថា៖ «បង​អើយ បង​ឃើញ​ទេ មាន​ជន‌ជាតិ​យូដា​រាប់​ម៉ឺន​នាក់​បាន​ជឿ ហើយ​បង‌ប្អូន​ទាំង​នោះ​ជាប់​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ*​ខ្លាំង​ណាស់។

21. ប៉ុន្តែ គេ​បាន​ឮ​ដំណឹង​ថា បង​បាន​បង្រៀន​ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ មិន​ឲ្យ​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ*​ទេ គឺ​ឮ​ថា​បង​ប្រាប់​គេ​មិន​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក*​កូន​ចៅ និង​មិន​ឲ្យ​កាន់​តាម​ទំនៀម‌ទម្លាប់​ផ្សេងៗ​ឡើយ។

កិច្ចការ 21