5. បងប្អូនទាំងនេះបានចេញដំណើរទៅមុន ហើយរង់ចាំយើងនៅក្រុងត្រូអាស
6. ចំណែកឯយើងវិញ ក្រោយថ្ងៃបុណ្យនំប៉័ងឥតមេ* យើងចេញពីក្រុងភីលីពទៅចុះសំពៅ។ ប្រាំថ្ងៃក្រោយមក យើងក៏បានមកដល់ក្រុងត្រូអាស ជួបជុំនឹងពួកគេ រួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
7. នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ យើងបានជួបជុំគ្នាដើម្បីធ្វើពិធីកាច់នំប៉័ង។ ដោយលោកប៉ូលត្រូវចេញដំណើរនៅថ្ងៃបន្ទាប់ លោកមានប្រសាសន៍ទៅកាន់អង្គប្រជុំ ហើយអធិប្បាយរហូតដល់ពាក់កណ្ដាលអធ្រាត្រ។
8. ក្នុងបន្ទប់ដែលយើងប្រជុំគ្នានៅជាន់ខាងលើ មានចង្កៀងជាច្រើន។
9. ពេលលោកប៉ូលកំពុងតែមានប្រសាសន៍យ៉ាងយូរនោះ យុវជនម្នាក់ឈ្មោះ អ៊ើទីកុស អង្គុយនៅលើមាត់បង្អួច ហើយលង់លក់ ក៏ដាច់ផ្ងារធ្លាក់ពីជាន់ទីបីនោះមក។ ពេលគេលើកគាត់ឡើង គាត់ស្លាប់ផុតទៅហើយ។
10. លោកប៉ូលចុះទៅក្រោម ឱនពីលើអ៊ើទីកុស ត្រកងគាត់លើកឡើង ទាំងពោលថា៖ «សូមបងប្អូនកុំបារម្ភឲ្យសោះ គាត់នៅរស់ទេ!»។
11. កាលលោកឡើងទៅលើវិញ លោកក៏ធ្វើពិធីកាច់នំប៉័ង និងបរិភោគ។ បន្ទាប់មក លោកមានប្រសាសន៍បន្តទៅទៀតយ៉ាងយូរ រហូតដល់ភ្លឺ ទើបលោកចេញដំណើរទៅ។
12. គេបាននាំយុវជនដែលនៅមានជីវិតនោះទៅវិញ ហើយពួកគេធូរស្រាលក្នុងចិត្តឥតឧបមា។
13. រីឯយើងវិញ យើងបានចុះសំពៅទៅមុន ធ្វើដំណើរដល់ក្រុងអាសុស ដើម្បីចាំលោកប៉ូលនៅទីនោះ ដូចលោកបានគ្រោងទុក ព្រោះលោកចង់ធ្វើដំណើរដោយថ្មើរជើង។
14. កាលលោកបានមកជួបជុំជាមួយពួកយើងនៅក្រុងអាសុសហើយ យើងក៏ទទួលលោកមកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទូឡែន។
15. យើងបានចេញពីទីនោះ បន្តដំណើរតាមសមុទ្រ ទៅដល់ទន្ទឹមនឹងកោះឃីយ៉ូសនៅថ្ងៃបន្ទាប់។ នៅថ្ងៃបន្ទាប់មកទៀត យើងទៅដល់កោះសាម៉ូស ហើយនៅថ្ងៃទីបី យើងក៏បានទៅដល់ក្រុងមីលេត។