18. លុះគេបានមកដល់ហើយ លោកមានប្រសាសន៍ទៅគេថា៖«បងប្អូនជ្រាបស្រាប់ហើយ អំពីអាកប្បកិរិយាដែលខ្ញុំមានចំពោះបងប្អូនរាល់ពេលវេលា តាំងពីថ្ងៃដំបូងដែលខ្ញុំបានទៅដល់ស្រុកអាស៊ីម៉្លេះ
19. គឺខ្ញុំបានបម្រើព្រះអម្ចាស់ ដោយចិត្តសុភាពរាបសា ទាំងទឹកភ្នែក ទាំងលំបាក ដោយជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។
20. ខ្ញុំបានជម្រាប និងបង្រៀនបងប្អូន តាមទីសាធារណៈ និងតាមផ្ទះ នូវសេចក្ដីទាំងប៉ុន្មានដែលមានសារប្រយោជន៍ដល់បងប្អូន ឥតមានលាក់លៀមត្រង់ណាសោះឡើយ
21. ខ្ញុំបានធ្វើជាបន្ទាល់ឲ្យទាំងសាសន៍យូដា ទាំងសាសន៍ក្រិក កែប្រែចិត្តគំនិតមករកព្រះជាម្ចាស់ និងមានជំនឿលើព្រះយេស៊ូជាព្រះអម្ចាស់របស់យើងផង។
22. ឥឡូវនេះ ព្រះវិញ្ញាណបានទាក់ទាញចិត្តខ្ញុំឲ្យធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយខ្ញុំមិនដឹងថានឹងមានហេតុការណ៍អ្វីកើតមានដល់ខ្ញុំ នៅក្រុងនោះឡើយ
23. គឺខ្ញុំគ្រាន់តែដឹងតាមព្រះវិញ្ញាណដ៏វិសុទ្ធបញ្ជាក់ប្រាប់ ពីក្រុងមួយទៅក្រុងមួយថា ខ្ញុំនឹងត្រូវគេចាប់ចង ហើយនឹងត្រូវរងទុក្ខវេទនា។
24. ប៉ុន្តែ ខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ ឲ្យតែខ្ញុំបានបង្ហើយមុខងារ និងសម្រេចកិច្ចការដែលព្រះអម្ចាស់យេស៊ូបានប្រទានឲ្យខ្ញុំធ្វើ គឺផ្ដល់សក្ខីភាពអំពីដំណឹងល្អ*នៃព្រះគុណរបស់ព្រះជាម្ចាស់។
25. ខ្ញុំធ្លាប់រស់នៅក្នុងចំណោមបងប្អូនទាំងអស់គ្នា ទាំងប្រកាសដំណឹងល្អ*អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ប៉ុន្តែ ឥឡូវនេះ ខ្ញុំដឹងថាបងប្អូននឹងលែងឃើញមុខខ្ញុំទៀតហើយ។
26. ហេតុនេះបានជាខ្ញុំផ្ដល់សក្ខីភាពឲ្យបងប្អូនដឹងនៅថ្ងៃនេះថា ប្រសិនបើមានម្នាក់ក្នុងចំណោមបងប្អូនត្រូវវិនាស មិនមែនមកពីកំហុសរបស់ខ្ញុំទេ
27. ដ្បិតខ្ញុំបានជម្រាបបងប្អូន អំពីគម្រោងការទាំងមូលរបស់ព្រះជាម្ចាស់រួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ
28. ដូច្នេះ សូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឲ្យបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាក្រុមជំនុំរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានលោះមក ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
29. ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុតទៅ នឹងមានមនុស្សចិត្តសាហាវដូចចចក នាំគ្នាចូលមកក្នុងចំណោមបងប្អូន គេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ
30. ថែមទាំងមានអ្នកខ្លះក្នុងចំណោមបងប្អូននាំគ្នាពោលពាក្យបញ្ឆោត ដើម្បីទាក់ទាញពួកសិស្សឲ្យទៅតាមគេទៀតផង។
31. ហេតុនេះ សូមបងប្អូនប្រុងស្មារតីឲ្យមែនទែន ដោយនឹកចាំថា ខ្ញុំបានដាស់តឿនបងប្អូនគ្រប់ៗរូបទាំងទឹកភ្នែក ក្នុងរវាងបីឆ្នាំ ទាំងយប់ ទាំងថ្ងៃ ឥតមានឈប់ឡើយ។
32. ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងព្រះជាម្ចាស់ ហើយផ្ញើនឹងព្រះបន្ទូលស្ដីអំពីព្រះគុណរបស់ព្រះអង្គ។ មានតែព្រះអង្គទេដែលអាចកសាងបងប្អូនឡើងជាក្រុមជំនុំ* ព្រមទាំងឲ្យបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ។
33. ខ្ញុំមិនដែលចង់បានមាស ប្រាក់ ឬសម្លៀកបំពាក់អ្វីពីនរណាឡើយ។
34. បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបានធ្វើការដោយផ្ទាល់ដៃ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។
35. ក្នុងគ្រប់កិច្ចការទាំងអស់ ខ្ញុំតែងតែប្រាប់ឲ្យបងប្អូនដឹងថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយទំនុកបម្រុងអស់អ្នកដែលក្រខ្សត់ ហើយត្រូវចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូថា: “បើឲ្យ នោះនឹងបានសុភមង្គលច្រើនជាងទទួល”»។
36. លោកមានប្រសាសន៍ដូច្នេះរួចហើយ ក៏លុតជង្គង់ចុះអធិស្ឋានជាមួយពួកគេទាំងអស់គ្នា។
37. ពួកព្រឹទ្ធាចារ្យទាំងនោះនាំគ្នាទ្រហោយំឱបកលោកប៉ូល ហើយថើបលោកទៀតផង