1. លុះចលាចលនេះបានស្ងប់ទៅវិញហើយ លោកប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ត រួចជម្រាបលាគេ ធ្វើដំណើរទៅស្រុកម៉ាសេដូន។
2. លោកធ្វើដំណើរកាត់ស្រុកនោះ ទាំងមានប្រសាសន៍លើកទឹកចិត្តអ្នកជឿយ៉ាងច្រើនផង។ បន្ទាប់មក លោកក៏បានទៅដល់ស្រុកក្រិក
3. ហើយស្នាក់នៅស្រុកនោះអស់រយៈពេលបីខែ។ ពេលលោកហៀបនឹងចុះសំពៅធ្វើដំណើរទៅស្រុកស៊ីរី ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបលោក។ លោកជ្រាបដូច្នេះ ក៏សម្រេចចិត្តវិលត្រឡប់ទៅវិញ កាត់តាមស្រុកម៉ាសេដូន។
4. អ្នកដែលបានរួមដំណើរជាមួយលោកនៅពេលនោះ មានលោកសូប៉ាត្រុស កូនរបស់លោកពីរូស ជាអ្នកស្រុកបេរា លោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកស្រុកថេស្សាឡូនិក លោកកៃយុសជាអ្នកស្រុកឌើបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃីកុស និងលោកត្រូភីម ជាអ្នកស្រុកអាស៊ីផង។
5. បងប្អូនទាំងនេះបានចេញដំណើរទៅមុន ហើយរង់ចាំយើងនៅក្រុងត្រូអាស
6. ចំណែកឯយើងវិញ ក្រោយថ្ងៃបុណ្យនំប៉័ងឥតមេ* យើងចេញពីក្រុងភីលីពទៅចុះសំពៅ។ ប្រាំថ្ងៃក្រោយមក យើងក៏បានមកដល់ក្រុងត្រូអាស ជួបជុំនឹងពួកគេ រួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
7. នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ យើងបានជួបជុំគ្នាដើម្បីធ្វើពិធីកាច់នំប៉័ង។ ដោយលោកប៉ូលត្រូវចេញដំណើរនៅថ្ងៃបន្ទាប់ លោកមានប្រសាសន៍ទៅកាន់អង្គប្រជុំ ហើយអធិប្បាយរហូតដល់ពាក់កណ្ដាលអធ្រាត្រ។
8. ក្នុងបន្ទប់ដែលយើងប្រជុំគ្នានៅជាន់ខាងលើ មានចង្កៀងជាច្រើន។
9. ពេលលោកប៉ូលកំពុងតែមានប្រសាសន៍យ៉ាងយូរនោះ យុវជនម្នាក់ឈ្មោះ អ៊ើទីកុស អង្គុយនៅលើមាត់បង្អួច ហើយលង់លក់ ក៏ដាច់ផ្ងារធ្លាក់ពីជាន់ទីបីនោះមក។ ពេលគេលើកគាត់ឡើង គាត់ស្លាប់ផុតទៅហើយ។