4. អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា តាមព្រះវិញ្ញាណប្រោសប្រទានឲ្យ។
5. ពេលនោះ មានជនជាតិយូដាជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ មកពីប្រទេសនានា ក្នុងពិភពលោកទាំងមូល ស្នាក់នៅក្រុងយេរូសាឡឹមដែរ។
6. ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងដូច្នោះ មហាជននាំគ្នារត់មកមើល ហើយភ្ញាក់ផ្អើលក្រៃលែង ព្រោះម្នាក់ៗបានឮពួកសិស្សនិយាយភាសារបស់ខ្លួន។
7. អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ គេស្ងើចសរសើរ ទាំងពោលថា៖ «អ្នកដែលកំពុងនិយាយនេះសុទ្ធតែជាអ្នកស្រុកកាលីឡេទេតើ។
8. ចុះហេតុដូចម្ដេចបានជាយើងឮគេនិយាយភាសារបស់យើងរៀងៗខ្លួនទៅវិញដូច្នេះ?
9. គឺទាំងអ្នកស្រុកផាថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី
10. ស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីប ស្រុកលីប៊ីដែលនៅក្បែរស្រុកគីរេន និងអស់អ្នកមកពីក្រុងរ៉ូម
11. ទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះក្រែត ទាំងជនជាតិអារ៉ាប់ យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។
12. អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ មិនដឹងគិតយ៉ាងណា គេសួរគ្នាទៅវិញទៅមកថា៖ «តើហេតុការណ៍នេះមានន័យដូចម្ដេច?»។
13. ប៉ុន្តែ មានអ្នកខ្លះទៀតបែរជានិយាយចំអកថា៖ «ពួកអស់ហ្នឹងសុទ្ធតែស្រវឹងស្រាទេតើ!»។
14. លោកពេត្រុសក៏ក្រោកឈរឡើងជាមួយសាវ័កដប់មួយរូបទៀត ហើយមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «បងប្អូនយូដា និងបងប្អូនទាំងអស់ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ! សូមបងប្អូនជ្រាប ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យរបស់ខ្ញុំ។