32. ព្រះជាម្ចាស់បានប្រោសលោកយេស៊ូនេះឲ្យរស់ឡើងវិញ យើងខ្ញុំទាំងអស់គ្នាជាសាក្សី។
33. ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ លោកយេស៊ូបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាតាមព្រះបន្ទូលសន្យា ហើយចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញបានឮស្រាប់។
34. ព្រះបាទដាវីឌមិនបានយាងឡើងទៅស្ថានបរមសុខ*ទេ តែព្រះអង្គមានរាជឱង្ការថា: “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង
35. ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ”។
36. ហេតុនេះ សូមឲ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង ព្រះជាម្ចាស់បានតែងតាំងលោកឡើងជាព្រះអម្ចាស់ និងជាព្រះគ្រិស្ដ*ហើយ»។
37. កាលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្តជាខ្លាំង ហើយសួរលោកពេត្រុស និងសាវ័កឯទៀតៗថា៖ «បងប្អូនអើយ! តើឲ្យយើងខ្ញុំធ្វើដូចម្ដេច?»។
38. លោកពេត្រុសមានប្រសាសន៍ទៅគេថា៖ «សូមបងប្អូនកែប្រែចិត្តគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក* ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ*ទៅ ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូនឲ្យរួចពីបាប* ហើយបងប្អូននឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់
39. ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។
40. លោកពេត្រុសបានពន្យល់បញ្ជាក់ និងដាស់តឿនពួកគេ ដោយពាក្យពេចន៍ជាច្រើនទៀត គឺលោកមានប្រសាសន៍ថា៖ «សូមបងប្អូនទទួលការសង្គ្រោះ ឲ្យរួចផុតពីមនុស្សអាក្រក់សម័យនេះ»។
41. អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់លោក ក៏ទទួលពិធីជ្រមុជទឹក* ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ ចូលមករួមក្នុងក្រុមសិស្ស*។
42. សិស្សទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមសាវ័ក* រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំប៉័ង* និងព្យាយាមអធិស្ឋាន។
43. មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមសាវ័កបានសម្តែងឫទ្ធិបាដិហារិយ៍ និងធ្វើទីសម្គាល់ផ្សេងៗជាច្រើន។
44. អស់អ្នកដែលបានជឿលើព្រះអម្ចាស់ មានចិត្តគំនិតតែមួយ ហើយយករបស់របរដែលខ្លួនមាន មកដាក់រួមគ្នាទាំងអស់។
45. គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួន យកប្រាក់មកចែកគ្នាតាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។
46. ជារៀងរាល់ថ្ងៃ គេរួមចិត្តគំនិតគ្នាព្យាយាមចូលព្រះវិហារ* ធ្វើពិធីកាច់នំប៉័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និងដោយចិត្តស្មោះសរផង។
47. គេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា។ ព្រះអម្ចាស់បន្ថែមចំនួនអ្នកដែលព្រះអង្គបានសង្គ្រោះ មកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។