13. ប៉ុន្តែ មានអ្នកខ្លះទៀតបែរជានិយាយចំអកថា៖ «ពួកអស់ហ្នឹងសុទ្ធតែស្រវឹងស្រាទេតើ!»។
14. លោកពេត្រុសក៏ក្រោកឈរឡើងជាមួយសាវ័កដប់មួយរូបទៀត ហើយមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «បងប្អូនយូដា និងបងប្អូនទាំងអស់ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ! សូមបងប្អូនជ្រាប ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យរបស់ខ្ញុំ។
15. អ្នកទាំងនេះមិនមែនស្រវឹងស្រាដូចបងប្អូនស្មាននោះទេ ព្រោះទើបតែម៉ោងប្រាំបួនព្រឹកប៉ុណ្ណោះ!។
16. ហេតុការណ៍នេះកើតមាន ស្របតាមសេចក្ដីដែលព្យាការី*យ៉ូអែលបានថ្លែងទុកមកថា៖
17. “ព្រះជាម្ចាស់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងយកវិញ្ញាណយើងមកចាក់បង្ហូរ លើមនុស្សលោកផងទាំងពួង។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងព្រះបន្ទូល ពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ ហើយពួកចាស់ទុំរបស់អ្នករាល់គ្នា នឹងយល់សុបិននិមិត្ត។
18. នៅគ្រានោះ យើងពិតជាយកវិញ្ញាណយើង មកចាក់បង្ហូរលើអ្នកបម្រើទាំងប្រុសទាំងស្រី របស់យើង ហើយគេនឹងថ្លែងព្រះបន្ទូល។
19. យើងនឹងសម្តែងឫទ្ធិបាដិហារិយ៍នៅលើមេឃ សម្តែងទីសម្គាល់ផ្សេងៗនៅលើផែនដី គឺមានឈាម មានភ្លើង និងមានកំសួលផ្សែង។
20. ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី ព្រះច័ន្ទនឹងប្រែទៅជាឈាម នៅមុនថ្ងៃព្រះអម្ចាស់យាងមក គឺជាថ្ងៃដ៏រុងរឿងឧត្ដុង្គឧត្ដម
21. ពេលនោះ អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ” »។
22. បងប្អូនអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យនេះចុះ! ព្រះជាម្ចាស់បានរ៉ាប់រងទទួលលោកយេស៊ូ ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នា ដោយព្រះអង្គបានសម្តែងការអស្ចារ្យ ឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូន តាមរយៈលោកដូចបងប្អូនជ្រាបស្រាប់ហើយ។
23. បងប្អូនបានចាប់បញ្ជូនលោកយេស៊ូនេះទៅឲ្យពួកជនពាល ឥតសាសនា ឆ្កាងលោក ដូចព្រះជាម្ចាស់បានកំណត់ទុក ដោយព្រះអង្គទ្រង់ញាណជាមុន។
24. ព្រះជាម្ចាស់បានប្រោសលោកឲ្យរស់ឡើងវិញ ទ្រង់ដោះលែងលោកឲ្យរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់មិនអាចឃុំលោកទុកបានឡើយ។
25. ព្រះបាទដាវីឌមានរាជឱង្ការអំពីលោកយេស៊ូនេះថា៖ «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ មិនឲ្យទូលបង្គំត្រូវញាប់ញ័រឡើយ។
26. ហេតុនេះហើយបានជាចិត្តទូលបង្គំរីករាយ ទូលបង្គំពោលពាក្យដោយអំណរដ៏លើសលប់ ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ ក៏នឹងសម្រាកដោយសេចក្ដីសង្ឃឹមដែរ