កិច្ចការ 19:16-25 Khmer Standard Version (KHSV)

16. អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​បាន​ស្ទុះ​មក​សង្កត់​ពួក​គេ​ជាប់ ហើយ​វិញ្ញាណ​អាក្រក់​មាន​កម្លាំង​ជាង រហូត​ទាល់​តែ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​រត់​ចេញ​ពី​ផ្ទះ របូត​ខោ របូត​អាវ និង​ត្រូវ​របួស​ទៀត​ផង។

17. មនុស្ស‌ម្នា​នៅ​ក្រុង​អេភេសូ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ដឹង​រឿង​នេះ ហើយ​កោត​ខ្លាច​គ្រប់ៗ​គ្នា។ ពេល​នោះ គេ​លើក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូ។

18. មាន​អ្នក​ជឿ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​មក​ទទួល​សារ‌ភាព​ជា​សាធារណៈ នូវ​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​កាល​ពី​មុន

19. ហើយ​ក៏​មាន​អស់​អ្នក​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​អាប‌ធ្មប់ ក៏​បាន​យក​ក្បួន​តម្រា​របស់​ខ្លួន​មក​ដុត​ចោល នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ផង។ គេ​បាន​គិត‌គូរ​របស់​ទាំង​នោះ ឃើញ​ថា​មាន​តម្លៃ​ប្រាំ​ម៉ឺន​ដួង*។

20. មក​ពី​ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌ចេស្ដា​ដូច្នេះ​ហើយ បាន​ជា​ព្រះ‌បន្ទូល​រីក​ចម្រើន និង​មាន​ប្រសិទ្ធ‌ភាព​កាន់​តែ​ខ្លាំង​ឡើងៗ។

21. ក្រោយ​ពី​ព្រឹត្តិ‌ការណ៍​នោះ​មក ព្រះ‌វិញ្ញាណ​ណែ‌នាំ​លោក​ប៉ូល​ឲ្យ​សម្រេច​ចិត្ត​ទៅ​ក្រុង​យេរូ‌សាឡឹម ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ។ លោក​មាន​ប្រសាសន៍​ថា៖ «កាល​ណា​ទៅ​ដល់​ស្រុក​នោះ ខ្ញុំ​ត្រូវ​តែ​ទៅ​ក្រុង​រ៉ូម​ទៀត»។

22. លោក​បាន​ចាត់​សហការី​របស់​លោក​ពីរ​រូប គឺ​លោក​ធីម៉ូថេ និង​លោក​អេរ៉ា‌ស្ទុស ឲ្យ​ទៅ​ស្រុក​ម៉ាសេ‌ដូន​មុន រីឯ​លោក លោក​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​ពេល​សិន។

23. នៅ​គ្រា​នោះ មាន​កើត​ការ​បះ‌បោរ​មួយ​យ៉ាង​ខ្លាំង ព្រោះ​តែ​មាគ៌ា​របស់​ព្រះ‌អម្ចាស់។

24. មាន​ជាង​ចម្លាក់​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រាស ដែល​បាន​ធ្វើ​រូប​វិហារ​របស់​ព្រះ‌នាង​ឌីអាន​ពី​ប្រាក់ ហើយ​គាត់​បាន​ផ្ដល់​កំរៃ​ជា​ច្រើន​ដល់​ពួក​កូន​ជាង។

25. គាត់​បាន​ប្រមូល​កូន​ជាង​របស់​គាត់ និង​អស់​អ្នក​ដែល​មាន​មុខ​របរ​ដូច​គ្នា​មក រួច​ពោល​ថា៖ «បង‌ប្អូន​អើយ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​រស់​ស្រួល ក៏​ដោយ‌សារ​តែ​មុខ​របរ​នេះ

កិច្ចការ 19