14. កូនប្រុសទាំងប្រាំពីររបស់លោកស្កេវ៉ា ដែលជានាយកបូជាចារ្យ*របស់សាសន៍យូដា ក៏បានធ្វើដូច្នេះដែរ។
15. វិញ្ញាណអាក្រក់បានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់ព្រះយេស៊ូ ហើយក៏ដឹងថា លោកប៉ូលជានរណាដែរ ចុះឯងរាល់គ្នាវិញ ឯងជានរណា?»។
16. អ្នកដែលមានវិញ្ញាណអាក្រក់ចូលបានស្ទុះមកសង្កត់ពួកគេជាប់ ហើយវិញ្ញាណអាក្រក់មានកម្លាំងជាង រហូតទាល់តែធ្វើឲ្យអ្នកទាំងនោះរត់ចេញពីផ្ទះ របូតខោ របូតអាវ និងត្រូវរបួសទៀតផង។
17. មនុស្សម្នានៅក្រុងអេភេសូ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានដឹងរឿងនេះ ហើយកោតខ្លាចគ្រប់ៗគ្នា។ ពេលនោះ គេលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ។
18. មានអ្នកជឿជាច្រើននាក់បាននាំគ្នាមកទទួលសារភាពជាសាធារណៈ នូវអំពើដែលខ្លួនធ្លាប់ប្រព្រឹត្តកាលពីមុន
19. ហើយក៏មានអស់អ្នកដែលធ្លាប់ប្រព្រឹត្តអំពើអាបធ្មប់ ក៏បានយកក្បួនតម្រារបស់ខ្លួនមកដុតចោល នៅមុខគេឯងទាំងអស់គ្នាផង។ គេបានគិតគូររបស់ទាំងនោះ ឃើញថាមានតម្លៃប្រាំម៉ឺនដួង*។
20. មកពីព្រះអម្ចាស់បានសម្តែងព្រះចេស្ដាដូច្នេះហើយ បានជាព្រះបន្ទូលរីកចម្រើន និងមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងៗ។
21. ក្រោយពីព្រឹត្តិការណ៍នោះមក ព្រះវិញ្ញាណណែនាំលោកប៉ូលឲ្យសម្រេចចិត្តទៅក្រុងយេរូសាឡឹម ដោយធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន និងស្រុកអាខៃ។ លោកមានប្រសាសន៍ថា៖ «កាលណាទៅដល់ស្រុកនោះ ខ្ញុំត្រូវតែទៅក្រុងរ៉ូមទៀត»។
22. លោកបានចាត់សហការីរបស់លោកពីររូប គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូនមុន រីឯលោក លោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។
23. នៅគ្រានោះ មានកើតការបះបោរមួយយ៉ាងខ្លាំង ព្រោះតែមាគ៌ារបស់ព្រះអម្ចាស់។
24. មានជាងចម្លាក់ម្នាក់ឈ្មោះដេមេទ្រាស ដែលបានធ្វើរូបវិហាររបស់ព្រះនាងឌីអានពីប្រាក់ ហើយគាត់បានផ្ដល់កំរៃជាច្រើនដល់ពួកកូនជាង។
25. គាត់បានប្រមូលកូនជាងរបស់គាត់ និងអស់អ្នកដែលមានមុខរបរដូចគ្នាមក រួចពោលថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា យើងបានរស់ស្រួល ក៏ដោយសារតែមុខរបរនេះ
26. ហើយបងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំមហាជនឲ្យទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេ គឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផង ដោយពោលថា រូបព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះឡើយ។
27. ការនេះមិនត្រឹមតែបន្ថោកបន្ទាបមុខរបររបស់យើងប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យព្រះវិហារនៃព្រះនាងឌីអានដ៏ប្រសើរឧត្ដមរបស់យើងត្រូវរលាយ ហើយកិត្តិនាមរបស់ព្រះនាង ដែលអ្នកស្រុកអាស៊ី និងសកលលោកទាំងមូលធ្លាប់ថ្វាយបង្គំ មុខជាត្រូវធ្លាក់ចុះអន់ថយទៀតផង»។
28. កាលបានឮពាក្យនេះហើយ គេខឹងយ៉ាងខ្លាំង ក៏នាំគ្នាស្រែកឡើងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។
29. ពេលនោះ មានកើតវឹកវរពាសពេញទីក្រុង គេលើកគ្នាដើរតម្រង់ទៅលានមហោស្រព ទាំងអូសទាញលោកកៃយុស និងលោកអើរីស្ដាក ជាអ្នកស្រុកម៉ាសេដូន ដែលរួមដំណើរជាមួយលោកប៉ូលទៅផង។