1. ពេលដែលលោកអប៉ូឡូសនៅក្រុងកូរិនថូស លោកប៉ូលបានឆ្លងកាត់តំបន់ខ្ពង់រាប ធ្វើដំណើរមកដល់ក្រុងអេភេសូ។ លោកបានជួបសិស្ស*ខ្លះ ហើយសួរថា៖
2. «កាលបងប្អូនចាប់ផ្ដើមជឿនោះ តើបងប្អូនទទួលព្រះវិញ្ញាណដ៏វិសុទ្ធ*ហើយឬនៅ?»។ គេតបមកលោកវិញថា៖ «យើងខ្ញុំមិនដែលទាំងឮថា មានព្រះវិញ្ញាណដ៏វិសុទ្ធផង!»។
3. លោកសួរគេទៀតថា៖ «ដូច្នេះ តើបងប្អូនបានទទួលពិធីជ្រមុជទឹក*ណា?»។ គេតបថា៖ «ពិធីជ្រមុជទឹករបស់លោកយ៉ូហាន»។
4. លោកប៉ូលក៏មានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឲ្យអស់អ្នកដែលកែប្រែចិត្តគំនិត ទាំងមានប្រសាសន៍ប្រាប់ប្រជាជនឲ្យជឿលើព្រះអង្គ ដែលយាងមកក្រោយលោក គឺព្រះយេស៊ូនេះហើយ»។
5. ក្រោយបានឮលោកប៉ូលមានប្រសាសន៍ដូច្នោះ ពួកសិស្សក៏ទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។
6. លោកប៉ូលបានដាក់ដៃលើគេ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងមកសណ្ឋិតលើគេ ហើយគេនាំគ្នានិយាយភាសាចម្លែកអស្ចារ្យ* និងថ្លែងព្រះបន្ទូលផង។
7. អ្នកទាំងនោះមានគ្នាទាំងអស់ប្រមាណដប់ពីរនាក់។
8. លោកប៉ូលបានចូលទៅសាលាប្រជុំ* ហើយមានប្រសាសន៍ដោយចិត្តអង់អាច ក្នុងអំឡុងពេលបីខែ។ លោកបានសន្ទនាជាមួយពួកគេអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ និងខិតខំណែនាំពួកគេឲ្យជឿ។
9. ប៉ុន្តែ ដោយអ្នកខ្លះនៅតែមានចិត្តមានះមិនព្រមជឿ ថែមទាំងប្រមាថមាគ៌ារបស់ព្រះអម្ចាស់នៅមុខប្រជុំជនផងនោះ លោកក៏ចាកចេញពីពួកគេ នាំសិស្សទៅដាច់ឡែក ហើយបង្រៀនគេជារៀងរាល់ថ្ងៃនៅក្នុងសាលាទីរ៉ាណុស
10. លោកបានបង្រៀនគេអស់រយៈពេលពីរឆ្នាំ គឺរហូតទាល់តែអ្នកស្រុកអាស៊ីទាំងអស់ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានឮព្រះបន្ទូលរបស់ព្រះអម្ចាស់។
11. ពេលនោះ ព្រះអម្ចាស់បានធ្វើការអស្ចារ្យដ៏ធំៗជាច្រើន តាមរយៈលោកប៉ូល
12. គឺបើគេគ្រាន់តែយកក្រណាត់ ឬកន្សែងដែលបានប៉ះលោកប៉ូល មកដាក់ពីលើអ្នកជំងឺ អ្នកជំងឺនឹងបានជា ហើយវិញ្ញាណអាក្រក់ក៏នឹងចេញពីគេទៅដែរ។
13. មានគ្រូដេញវិញ្ញាណអាក្រក់ជាតិយូដាខ្លះ តែងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ចង់ដេញវិញ្ញាណអាក្រក់ចេញពីមនុស្ស ដោយប្រើព្រះនាមព្រះអម្ចាស់យេស៊ូ គឺគេនិយាយទៅវិញ្ញាណអាក្រក់ថា៖ «យើងបញ្ជាពួកឯង ក្នុងព្រះនាមព្រះយេស៊ូដែលលោកប៉ូលប្រកាស ចូរចេញទៅ!»។
14. កូនប្រុសទាំងប្រាំពីររបស់លោកស្កេវ៉ា ដែលជានាយកបូជាចារ្យ*របស់សាសន៍យូដា ក៏បានធ្វើដូច្នេះដែរ។
15. វិញ្ញាណអាក្រក់បានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់ព្រះយេស៊ូ ហើយក៏ដឹងថា លោកប៉ូលជានរណាដែរ ចុះឯងរាល់គ្នាវិញ ឯងជានរណា?»។
16. អ្នកដែលមានវិញ្ញាណអាក្រក់ចូលបានស្ទុះមកសង្កត់ពួកគេជាប់ ហើយវិញ្ញាណអាក្រក់មានកម្លាំងជាង រហូតទាល់តែធ្វើឲ្យអ្នកទាំងនោះរត់ចេញពីផ្ទះ របូតខោ របូតអាវ និងត្រូវរបួសទៀតផង។
17. មនុស្សម្នានៅក្រុងអេភេសូ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានដឹងរឿងនេះ ហើយកោតខ្លាចគ្រប់ៗគ្នា។ ពេលនោះ គេលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ។