7. លោកក៏ចាកចេញពីទីនោះឆ្ពោះទៅផ្ទះបុរសម្នាក់ ឈ្មោះយូស្ទូស ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយផ្ទះគាត់នៅជាប់នឹងសាលាប្រជុំ*។
8. រីឯលោកគ្រីសប៉ុស ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ និងក្រុមគ្រួសាររបស់លោកវិញ ក៏ជឿលើព្រះអម្ចាស់ដែរ។ មានអ្នកក្រុងកូរិនថូសជាច្រើនទៀត បានស្ដាប់លោកប៉ូល ហើយជឿ ព្រមទាំងទទួលពិធីជ្រមុជទឹក*ផង។
9. យប់មួយ លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «កុំខ្លាចអី ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ
10. ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ ពុំមាននរណាអាចធ្វើបាបអ្នកបានទេ ព្រោះនៅក្រុងនេះ មានមនុស្សជាច្រើនជាប្រជារាស្ត្ររបស់យើង»។
11. លោកប៉ូលស្នាក់នៅក្រុងកូរិនថូស អស់រយៈពេលមួយឆ្នាំប្រាំមួយខែ លោកបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់អ្នកក្រុងនោះ។
12. នៅគ្រាដែលលោកកាលីយ៉ូកាន់តំណែងជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង នៅស្រុកអាខៃ សាសន៍យូដាបានសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំលោកយកទៅសាលាកាត់ក្ដី
13. ទាំងចោទថា៖ «ជននេះបញ្ចុះបញ្ចូលមនុស្សម្នាឲ្យគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមរបៀបមួយខុសច្បាប់»។
14. ពេលលោកប៉ូលបម្រុងនឹងហាមាត់និយាយ លោកកាលីយ៉ូមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «ជនជាតិយូដាអើយ ប្រសិនបើរឿងនេះទាក់ទងនឹងបទឧក្រិដ្ឋ ឬបទល្មើសណាមួយនោះ ខ្ញុំមុខជាសុខចិត្តស្ដាប់អ្នករាល់គ្នាមិនខាន។
15. ប៉ុន្តែ បើជារឿងជជែកវែកញែកស្ដីអំពីពាក្យពេចន៍ អំពីឈ្មោះ ឬអំពីធម៌វិន័យ*របស់អ្នករាល់គ្នាទេនោះ ចូរដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនព្រមកាត់ក្ដីឲ្យអ្នករាល់គ្នាអំពីរឿងនេះឡើយ»។
16. លោកក៏ដេញពួកគេចេញពីសាលាកាត់ក្ដី។
17. ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្តែន ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ* មកវាយនៅមុខសាលាកាត់ក្ដី តែលោកកាលីយ៉ូមិនអើពើទេ។
18. លោកប៉ូលបានស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃ។ ក្រោយមក លោកក៏ជម្រាបលាពួកបងប្អូន ចុះសំពៅឆ្ពោះទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីល និងលោកអគីឡាជូនដំណើរទៅជាមួយដែរ។ លោកបានកោរសក់លាបំណន់ នៅកំពង់ផែកេងគ្រា។
19. លុះមកដល់ក្រុងអេភេសូ លោកប៉ូលក៏ជម្រាបលានាងព្រីស៊ីល និងលោកអគីឡា។ លោកបានចូលទៅសាលាប្រជុំ* ហើយសន្ទនាជាមួយសាសន៍យូដា។