9. គេបានសុំឲ្យលោកយ៉ាសូន និងអ្នកឯទៀតៗបង់ប្រាក់ធានា ទើបគេសុខចិត្តដោះលែងឲ្យទៅវិញ។
10. ពួកបងប្អូនបានបណ្ដោះលោកប៉ូល និងលោកស៊ីឡាស ឲ្យចេញដំណើរទៅក្រុងបេរា នៅយប់នោះភ្លាម។ លុះទៅដល់ហើយ លោកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំ*របស់សាសន៍យូដា។
11. សាសន៍យូដានៅក្រុងនេះ មានសន្ដានចិត្តល្អជាងសាសន៍យូដានៅក្រុងថេស្សាឡូនិក គឺគេបានទទួលព្រះបន្ទូលដោយចិត្តស្មោះសរ ហើយពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីឲ្យដឹងថា សេចក្ដីដែលលោកប៉ូល និងលោកស៊ីឡាសមានប្រសាសន៍ប្រាប់គេ ពិតជាត្រឹមត្រូវមែន ឬយ៉ាងណា។
12. ក្នុងចំណោមពួកគេ មានច្រើននាក់បានជឿ ហើយមានស្ត្រីៗអ្នកមុខអ្នកការជាតិក្រិក និងមានបុរសជាច្រើនបានជឿដែរ។
13. ប៉ុន្តែ កាលសាសន៍យូដានៅក្រុងថេស្សាឡូនិកដឹងថា លោកប៉ូលផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រុងបេរាដែរនោះ គេក៏នាំគ្នាមកបំបះបំបោរមហាជនឲ្យជ្រួលច្របល់ឡើង។
14. ឃើញដូច្នោះ ពួកបងប្អូនបាននាំលោកប៉ូលឆ្ពោះទៅមាត់សមុទ្រភ្លាម រីឯលោកស៊ីឡាស និងលោកធីម៉ូថេវិញ ស្នាក់នៅទីនោះដដែល។
15. ពួកអ្នកជូនដំណើរលោកប៉ូលបានមកជាមួយលោក រហូតដល់ក្រុងអាថែន ទើបត្រឡប់ទៅវិញ ទាំងនាំពាក្យផ្ដែផ្ដាំពីលោកប៉ូល ទៅជម្រាបលោកស៊ីឡាស និងលោកធីម៉ូថេ ឲ្យមកតាមលោកយ៉ាងប្រញាប់បំផុត។
16. ពេលលោកប៉ូលរង់ចាំលោកស៊ីឡាស និងលោកធីម៉ូថេ នៅក្រុងអាថែន លោកតឹងទ្រូងជាខ្លាំងដោយឃើញមានរូបសំណាកពាសពេញក្នុងក្រុងនេះ។
17. លោកបានជជែកសន្ទនាជាមួយសាសន៍យូដា និងជាមួយអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់នៅក្នុងសាលាប្រជុំ* ហើយរៀងរាល់ថ្ងៃ លោកសន្ទនាជាមួយអស់អ្នកដែលលោកជួបនៅតាមទីលានសាធារណៈក្នុងក្រុង។
18. មានទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្ដូអ៊ីក ក៏បានសន្ទនាជាមួយលោកដែរ ខ្លះពោលថា៖ «តើអ្នកព្រោកប្រាជ្ញនេះចង់និយាយពីរឿងអ្វី?»។ ខ្លះទៀតពោលថា៖ «ប្រហែលគាត់ជាអ្នកឃោសនាអំពីព្រះរបស់សាសន៍បរទេសទេដឹង!»។ គេពោលដូច្នេះ មកពីឮលោកប៉ូលនិយាយពីដំណឹងល្អ*ស្ដីអំពីព្រះយេស៊ូ និងអំពីការរស់ឡើងវិញ។
19. គេក៏នាំលោកយកទៅមុខសភាក្រុង នៅទួលអើរីយ៉ូស ហើយពោលមកលោកថា៖ «តើលោកអាចប្រាប់ឲ្យយើងដឹងអំពីលទ្ធិថ្មី ដែលលោកបង្រៀននោះបានឬទេ?
20. ដ្បិតយើងបានឮលោកថ្លែងរឿងចម្លែកៗ យើងចង់ដឹងអត្ថន័យណាស់»។
21. អ្នកក្រុងអាថែន និងជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនធ្វើអ្វីផ្សេងទៀតក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗនោះឡើយ។
22. លោកប៉ូលក្រោកឈរនៅកណ្ដាលអង្គប្រជុំ នៅទួលអើរីយ៉ូស ហើយមានប្រសាសន៍ថា៖ «អស់លោកជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថាអស់លោកនិយមសាសនាខ្លាំងណាស់
23. ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយ ដែលមានចារឹកអក្សរថា “សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់”។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំ ទាំងពុំស្គាល់ហ្នឹងហើយ។
24. ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាព្រះអម្ចាស់នៃស្ថានបរមសុខ* និងព្រះអម្ចាស់នៃផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារ ដែលមនុស្សសង់នោះឡើយ
25. ហើយព្រះអង្គក៏មិនត្រូវការឲ្យមនុស្សបីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។
26. ព្រះអង្គប្រទានឲ្យប្រជាជាតិនានា កើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ។
27. ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះ ប្រហែលជាគេនឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ