5. រីឯជនជាតិយូដាវិញ គេមានចិត្តច្រណែន ហើយប្រមូលពួកពាលដែលនៅតាមផ្លូវ មកបំបះបំបោរប្រជាជន ឲ្យកើតចលាចលក្នុងក្រុង។ គេបានទៅផ្ទះលោកយ៉ាសូន ក្នុងគោលបំណងចាប់លោកប៉ូល និងលោកស៊ីឡាស យកទៅឲ្យប្រជាជនកាត់ទោស
6. តែដោយគេរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូន និងបងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖ «ពួកដែលបង្កឲ្យជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។
7. យ៉ាសូនបានទទួលពួកគេឲ្យស្នាក់នៅផ្ទះគាត់! អ្នកទាំងនោះបានប្រព្រឹត្តខុសនឹងព្រះរាជក្រឹត្យរបស់ព្រះចៅអធិរាជ ដ្បិតពួកគេប្រកាសថា មានស្ដេចមួយអង្គទៀត នាមយេស៊ូ»។
8. ពាក្យនេះបានធ្វើឲ្យបណ្ដាជន និងលោកអភិបាលក្រុងខ្វល់ចិត្ត។
9. គេបានសុំឲ្យលោកយ៉ាសូន និងអ្នកឯទៀតៗបង់ប្រាក់ធានា ទើបគេសុខចិត្តដោះលែងឲ្យទៅវិញ។
10. ពួកបងប្អូនបានបណ្ដោះលោកប៉ូល និងលោកស៊ីឡាស ឲ្យចេញដំណើរទៅក្រុងបេរា នៅយប់នោះភ្លាម។ លុះទៅដល់ហើយ លោកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំ*របស់សាសន៍យូដា។
11. សាសន៍យូដានៅក្រុងនេះ មានសន្ដានចិត្តល្អជាងសាសន៍យូដានៅក្រុងថេស្សាឡូនិក គឺគេបានទទួលព្រះបន្ទូលដោយចិត្តស្មោះសរ ហើយពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីឲ្យដឹងថា សេចក្ដីដែលលោកប៉ូល និងលោកស៊ីឡាសមានប្រសាសន៍ប្រាប់គេ ពិតជាត្រឹមត្រូវមែន ឬយ៉ាងណា។
12. ក្នុងចំណោមពួកគេ មានច្រើននាក់បានជឿ ហើយមានស្ត្រីៗអ្នកមុខអ្នកការជាតិក្រិក និងមានបុរសជាច្រើនបានជឿដែរ។
13. ប៉ុន្តែ កាលសាសន៍យូដានៅក្រុងថេស្សាឡូនិកដឹងថា លោកប៉ូលផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រុងបេរាដែរនោះ គេក៏នាំគ្នាមកបំបះបំបោរមហាជនឲ្យជ្រួលច្របល់ឡើង។
14. ឃើញដូច្នោះ ពួកបងប្អូនបាននាំលោកប៉ូលឆ្ពោះទៅមាត់សមុទ្រភ្លាម រីឯលោកស៊ីឡាស និងលោកធីម៉ូថេវិញ ស្នាក់នៅទីនោះដដែល។
15. ពួកអ្នកជូនដំណើរលោកប៉ូលបានមកជាមួយលោក រហូតដល់ក្រុងអាថែន ទើបត្រឡប់ទៅវិញ ទាំងនាំពាក្យផ្ដែផ្ដាំពីលោកប៉ូល ទៅជម្រាបលោកស៊ីឡាស និងលោកធីម៉ូថេ ឲ្យមកតាមលោកយ៉ាងប្រញាប់បំផុត។
16. ពេលលោកប៉ូលរង់ចាំលោកស៊ីឡាស និងលោកធីម៉ូថេ នៅក្រុងអាថែន លោកតឹងទ្រូងជាខ្លាំងដោយឃើញមានរូបសំណាកពាសពេញក្នុងក្រុងនេះ។