29. យើងគ្រាន់តែសុំឲ្យបងប្អូនចៀសវាងកុំប្រព្រឹត្តដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ ដោយច្របាច់-ក និងកុំរួមរស់ជាមួយគ្នា ដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្តិដូច្នេះបាន នោះប្រពៃហើយ។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ»។
30. ពួកអ្នកតំណាងក៏លាគេ ចេញដំណើរទៅដល់ក្រុងអន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំ រួចប្រគល់សំបុត្រជូន។
31. គេបានអានសំបុត្រ ហើយមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្តពួកគេ។
32. លោកយូដាស និងលោកស៊ីឡាស ដែលជាព្យាការី*មានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្ត និងពង្រឹងជំនឿរបស់បងប្អូន។
33. បន្តិចក្រោយមក ពួកបងប្អូនសុខចិត្តឲ្យលោកទាំងពីរវិលត្រឡប់ទៅឯក្រុមជំនុំ ដែលបានចាត់គេឲ្យមកនោះវិញ ទាំងជូនពរឲ្យលោកធ្វើដំណើរប្រកបដោយសុខសាន្ត។ [
34. ប៉ុន្តែ លោកស៊ីឡាសសម្រេចចិត្តស្នាក់នៅទីនោះបន្តទៅទៀត។]
35. រីឯលោកប៉ូល និងលោកបារណាបាស ក៏បានស្នាក់នៅក្នុងក្រុងអន់ទីយ៉ូក ទាំងបង្រៀន និងផ្សព្វផ្សាយដំណឹងល្អអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ រួមជាមួយបងប្អូនជាច្រើននាក់ទៀតផង។
36. ប៉ុន្មានថ្ងៃកន្លងមកទៀត លោកប៉ូលមានប្រសាសន៍ទៅកាន់លោកបារណាបាសថា៖ «យើងត្រូវត្រឡប់ទៅសួរសុខទុក្ខបងប្អូននៅតាមក្រុងទាំងប៉ុន្មាន ដែលយើងបានផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះអម្ចាស់»។
37. លោកបារណាបាសមានបំណងនាំលោកយ៉ូហាន ហៅម៉ាកុសទៅជាមួយដែរ
38. ប៉ុន្តែ លោកប៉ូលយល់ឃើញថាមិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកលោកកាលពីនៅក្រុងប៉ាមភីលា គឺគាត់មិនបានធ្វើការរួមជាមួយពួកលោកទេ។
39. លោកទាំងពីរក៏ខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ទៅបែកផ្លូវគ្នា។ លោកបារណាបាសបាននាំលោកម៉ាកុសទៅជាមួយ រួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។
40. រីឯលោកប៉ូល លោកនាំលោកស៊ីឡាសទៅជាមួយ ដោយពួកបងប្អូនបានផ្ញើលោកទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអម្ចាស់
41. លោកធ្វើដំណើរឆ្លងកាត់ស្រុកស៊ីរី និងស្រុកគីលីគា ទាំងពង្រឹងជំនឿក្រុមជំនុំនានាផង។