2. ប៉ុន្តែ ជនជាតិយូដាដែលមិនព្រមជឿបានញុះញង់សាសន៍ដទៃ និងជំរុញគេឲ្យមានចិត្តប៉ុនប៉ងធ្វើបាបពួកបងប្អូនទៀតផង។
3. លោកប៉ូល និងលោកបារណាបាស ស្នាក់នៅក្នុងក្រុងអ៊ីកូនាមជាយូរថ្ងៃ។ លោកទាំងពីរមានចិត្តអង់អាច ដោយទុកចិត្តលើព្រះអម្ចាស់ ដែលទ្រង់បានបញ្ជាក់ព្រះបន្ទូលអំពីព្រះគុណរបស់ព្រះអង្គ គឺទ្រង់ប្រោសប្រទានឲ្យលោកទាំងពីរសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ។
4. មនុស្សម្នានៅក្រុងនោះបានបាក់បែកគ្នា អ្នកខ្លះកាន់ខាងសាសន៍យូដា អ្នកខ្លះទៀតកាន់ខាងក្រុមសាវ័ក*។
5. សាសន៍ដទៃ និងសាសន៍យូដា បានសមគំនិតគ្នាជាមួយពួកមេដឹកនាំរបស់គេ ចង់ធ្វើបាប និងចង់យកដុំថ្មគប់សម្លាប់លោកទាំងពីរ។
6. លោកប៉ូល និងលោកបារណាបាស យល់ថាសភាពការណ៍មិនស្រួល ក៏រត់ភៀសខ្លួនទៅស្រុកលូកៅនា គឺទៅក្រុងលីស្ដ្រា និងក្រុងឌើបេ ព្រមទាំងតំបន់ដែលនៅជុំវិញ
7. ហើយផ្សព្វផ្សាយដំណឹងល្អ*នៅទីនោះ។
8. នៅក្រុងលីស្ដ្រា មានបុរសម្នាក់ពិការជើងតាំងពីកំណើតមក គាត់មិនអាចដើរបានឡើយ
9. គាត់អង្គុយស្ដាប់លោកប៉ូលមានប្រសាសន៍។ លោកប៉ូលសម្លឹងមើលគាត់ ហើយយល់ឃើញថា គាត់មានជំនឿគួរនឹងជាបាន
10. លោកក៏មានប្រសាសន៍ទៅគាត់ខ្លាំងៗថា៖ «សុំក្រោកឡើង ឈរឲ្យត្រង់!»។ បុរសនោះស្ទុះក្រោកឈរឡើង ហើយដើរបាន។
11. កាលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលូកៅនាថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។
12. គេហៅលោកបារណាបាសថា «ព្រះសេយូស» និងហៅលោកប៉ូលថា «ព្រះហ៊ើមេស» ព្រោះលោកជាអ្នកនាំពាក្យ។
13. បូជាចារ្យរបស់ព្រះសេយូសដែលមានវិហារទល់មុខនឹងទីក្រុង បានដឹកគោឈ្មោលតុបតែងលំអដោយភួងផ្កា មកមាត់ទ្វារក្រុង ព្រោះគាត់ចង់ធ្វើបូជាយញ្ញរួមជាមួយមហាជន។
14. កាលសាវ័ក*បារណាបាស និងសាវ័កប៉ូល បានឮដំណឹងនេះ លោកក៏ហែកសម្លៀកបំពាក់ ហើយស្ទុះរត់ទៅរកប្រជាជន ទាំងស្រែកឡើងថា៖
15. «ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អ*មកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។
16. នៅជំនាន់មុនៗ ព្រះអង្គបានបណ្ដោយឲ្យជាតិសាសន៍នានា ដើរតាមមាគ៌ារៀងៗខ្លួន។
17. ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គនៅតែសម្តែងព្រះហឫទ័យសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីឲ្យគេបានស្គាល់ព្រះអង្គ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឲ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្តផង»។
18. ទោះបីលោកទាំងពីរមានប្រសាសន៍ដូច្នេះ ក៏លោករកឃាត់មហាជនមិនឲ្យធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។
19. បន្ទាប់មក មានជនជាតិយូដាមកពីក្រុងអន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានទាក់ទាញចិត្តមហាជនឲ្យចូលទៅខាងគេ ហើយយកដុំថ្មគប់សម្លាប់លោកប៉ូល រួចអូសយកទៅចោលនៅខាងក្រៅទីក្រុង ព្រោះគេនឹកស្មានថា លោកស្លាប់បាត់ទៅហើយ។