15. «ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អ*មកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។
16. នៅជំនាន់មុនៗ ព្រះអង្គបានបណ្ដោយឲ្យជាតិសាសន៍នានា ដើរតាមមាគ៌ារៀងៗខ្លួន។
17. ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គនៅតែសម្តែងព្រះហឫទ័យសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីឲ្យគេបានស្គាល់ព្រះអង្គ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឲ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្តផង»។
18. ទោះបីលោកទាំងពីរមានប្រសាសន៍ដូច្នេះ ក៏លោករកឃាត់មហាជនមិនឲ្យធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។
19. បន្ទាប់មក មានជនជាតិយូដាមកពីក្រុងអន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានទាក់ទាញចិត្តមហាជនឲ្យចូលទៅខាងគេ ហើយយកដុំថ្មគប់សម្លាប់លោកប៉ូល រួចអូសយកទៅចោលនៅខាងក្រៅទីក្រុង ព្រោះគេនឹកស្មានថា លោកស្លាប់បាត់ទៅហើយ។
20. ប៉ុន្តែ ក្រុមសិស្ស*នាំគ្នាមកជុំវិញលោក លោកក៏ក្រោកឡើង វិលចូលទៅទីក្រុងវិញ។ លុះស្អែកឡើង លោកចេញដំណើរទៅក្រុងឌើបេជាមួយលោកបារណាបាស។
21. លោកប៉ូល និងលោកបារណាបាសបានផ្សព្វផ្សាយដំណឹងល្អ*នៅក្រុងឌើបេ ហើយណែនាំមនុស្សជាច្រើនឲ្យធ្វើជាសិស្ស*។ បន្ទាប់មក លោកវិលទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និងក្រុងអន់ទីយ៉ូកវិញ។
22. លោកដាស់តឿនពួកសិស្សឲ្យតាំងចិត្តមាំមួន និងលើកទឹកចិត្តគេឲ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់»។
23. លោកបានតែងតាំងពួកព្រឹទ្ធាចារ្យ*នៅតាមក្រុមជំនុំនីមួយៗ។ លុះបានអធិស្ឋាន* និងតមអាហាររួចហើយ លោកទាំងពីរក៏ផ្ញើពួកសិស្សទុកនៅនឹងព្រះអម្ចាស់ ដែលគេបានជឿ។
24. បន្ទាប់មកទៀត លោកទាំងពីរធ្វើដំណើរឆ្លងកាត់ស្រុកពីស៊ីឌា មកដល់ស្រុកប៉ាមភីលា។
25. លោកបានប្រកាសព្រះបន្ទូលនៅក្រុងពើកា រួចលោកនាំគ្នាចុះទៅក្រុងអាតាលា។