7. គាត់រស់នៅជាមួយលោកស៊ើគាស-ប៉ូឡូស ដែលជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង ហើយដែលជាមនុស្សមានប្រាជ្ញា។ លោកប្រតិភូចាត់គេឲ្យទៅអញ្ជើញលោកបារណាបាស និងលោកសូលមក ព្រោះលោកមានបំណងចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។
8. ប៉ុន្តែ អេលីម៉ាស (ភាសាក្រិក ប្រែថាគ្រូមន្តអាគម) ចេះតែប្រឆាំងនឹងលោកទាំងពីរ ហើយរកមធ្យោបាយពង្វាងលោកប្រតិភូ ឲ្យងាកចេញពីជំនឿ។
9. ពេលនោះ លោកសូល ដែលហៅថាប៉ូលបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកសម្លឹងមើលទៅអេលីម៉ាស
10. ហើយមានប្រសាសន៍ថា៖ «នែ៎! ជនពោរពេញទៅដោយពុតត្បុត និងល្បិចកិច្ចកលអើយ! អ្នកជាកូនរបស់មារ* អ្នកជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង តើអ្នកនៅតែពង្វាងគេឲ្យងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដល់ណាទៀត!។
11. ឥឡូវនេះ ព្រះបារមីរបស់ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកខ្វាក់ភ្នែក លែងឃើញពន្លឺថ្ងៃអស់មួយរយៈ»។ រំពេចនោះ ស្រាប់តែភ្នែករបស់គាត់ងងឹតមើលអ្វីពុំឃើញ។ គាត់ដើរស្ទាបៗ វិលវល់ រកគេជួយដឹកដៃ។
12. កាលលោកប្រតិភូឃើញហេតុការណ៍កើតឡើងដូច្នេះ លោកក៏ជឿ ហើយស្ញប់ស្ញែងនឹងសេចក្ដីដែលគេបង្រៀនអំពីព្រះអម្ចាស់ខ្លាំងណាស់។
13. លោកប៉ូល និងមិត្តភក្ដិរបស់លោក បានចុះសំពៅពីក្រុងប៉ាផូសឆ្ពោះទៅក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ ពេលនោះ លោកយ៉ូហានបានបែកចេញពីពួកគេ វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
14. រីឯលោកប៉ូល និងមិត្តភក្ដិរបស់លោក បានបន្តដំណើរពីក្រុងពើកា រហូតទៅដល់ក្រុងអន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃសប្ប័ទ* លោកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ*។
15. បន្ទាប់ពីបានអានគម្ពីរវិន័យ* និងគម្ពីរព្យាការី*រួចហើយ ពួកអ្នកទទួលខុសត្រូវលើសាលាប្រជុំ សុំឲ្យគេជម្រាបពួកលោកប៉ូលថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍មកចុះ»។
16. លោកប៉ូលក្រោកឡើងលើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «សូមជម្រាបបងប្អូនជនជាតិអ៊ីស្រាអែល និងបងប្អូនដែលជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ សូមជ្រាប!
17. ព្រះរបស់ជនជាតិអ៊ីស្រាអែលបានជ្រើសរើសបុព្វបុរសរបស់យើង និងប្រទានឲ្យប្រជារាស្ដ្រនេះបានចម្រើនឡើង នៅពេលគេស្នាក់នៅក្នុងប្រទេសអេស៊ីប។ បន្ទាប់មក ព្រះអង្គបាននាំគេចេញពីប្រទេសនោះ ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
18. ព្រះអង្គបានផ្គត់ផ្គង់គេអស់រយៈពេលប្រមាណសែសិបឆ្នាំ នៅវាលរហោស្ថាន។
19. ក្រោយពីព្រះអង្គរំលាយជាតិសាសន៍ទាំងប្រាំពីរនៅស្រុកកាណានរួចហើយ ព្រះអង្គបានប្រទានទឹកដីនោះឲ្យប្រជារាស្ត្ររបស់ព្រះអង្គធ្វើជាកម្មសិទ្ធិ។
20. ហេតុការណ៍ទាំងនោះកើតមានក្នុងអំឡុងពេលប្រមាណបួនរយហាសិបឆ្នាំ។ ក្រោយមក ព្រះអង្គប្រទានឲ្យមានអ្នកគ្រប់គ្រងរហូតដល់ជំនាន់ព្យាការីសាំយូអែល។
21. បន្ទាប់មកទៀត គេបាននាំគ្នាទូលសូមស្ដេចមួយអង្គ ព្រះជាម្ចាស់ក៏ប្រទានព្រះបាទសូល ជាបុត្ររបស់លោកគីស ក្នុងកុលសម្ព័ន្ធ*បេនយ៉ាមីន ឲ្យគ្រងរាជ្យអស់រយៈពេលសែសិបឆ្នាំ។
22. ក្រោយពីបានដករាជ្យពីព្រះបាទសូល ព្រះជាម្ចាស់ប្រទានឲ្យព្រះបាទដាវីឌឡើងគ្រងរាជ្យ។ ព្រះអង្គប្រទានសក្ខីភាពអំពីព្រះបាទដាវីឌនេះថា: “យើងរកបានមនុស្សម្នាក់ជាទីគាប់ចិត្តយើងណាស់ គឺដាវីឌជាបុត្ររបស់អ៊ីសាយ ដ្បិតដាវីឌនឹងបំពេញតាមបំណងទាំងប៉ុន្មានរបស់យើង”។
23. ក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌនេះហើយ ដែលព្រះជាម្ចាស់ប្រទានឲ្យព្រះយេស៊ូកើតមក និងធ្វើជាព្រះសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។
24. មុននឹងព្រះយេស៊ូយាងមកដល់ លោកយ៉ូហានបានប្រកាសឲ្យជនជាតិអ៊ីស្រាអែលទាំងមូលកែប្រែចិត្តគំនិត ដោយទទួលពិធីជ្រមុជទឹក។