34. ព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីកុំឲ្យព្រះសពព្រះអង្គត្រូវរលួយឡើយ ដូចមានចែងទុកមកថា: អ្វីៗដ៏វិសុទ្ធ* និងដ៏ជាទីទុកចិត្ត ដែលយើងបានសន្យាថានឹងឲ្យដាវីឌ យើងនឹងប្រគល់ឲ្យអ្នករាល់គ្នា ។
35. ហេតុនេះហើយបានជាមានចែងទុកក្នុងអត្ថបទគម្ពីរមួយទៀតថា: ព្រះអង្គមិនបណ្ដោយឲ្យសពអ្នកបម្រើ ដ៏វិសុទ្ធរបស់ព្រះអង្គ រលួយឡើយ។
36. ព្រះបាទដាវីឌបានបម្រើព្រះជាម្ចាស់ តាមគម្រោងការព្រះអង្គនៅជំនាន់នោះ រួចសោយទិវង្គតទៅ។ គេបានបញ្ចុះសពព្រះបាទដាវីឌក្នុងផ្នូរ ជាមួយព្រះអយ្យកោ ហើយសពរបស់ទ្រង់ក៏បានរលួយអស់ដែរ។
37. រីឯព្រះយេស៊ូដែលព្រះជាម្ចាស់បានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញនោះ ព្រះសពរបស់ព្រះអង្គពុំបានរលួយទេ។
38. ដូច្នេះ បងប្អូនអើយ! សូមបងប្អូនជ្រាបឲ្យច្បាស់ថា ព្រះជាម្ចាស់លើកលែងទោសឲ្យបងប្អូនរួចពីបាប តាមរយៈព្រះយេស៊ូ ដូចយើងបានជម្រាបមកស្រាប់។ បងប្អូនពុំអាចទៅជាមនុស្សសុចរិត* រួចផុតអំពើបាបទាំងប៉ុន្មាន ដោយគោរពតាមវិន័យរបស់លោកម៉ូសេបានឡើយ។
39. ផ្ទុយទៅវិញ ព្រះជាម្ចាស់ប្រោសឲ្យអស់អ្នកជឿបានសុចរិត តាមរយៈព្រះយេស៊ូ។
40. ហេតុនេះសូមបងប្អូនប្រយ័ត្ន ក្រែងត្រូវតាមសេចក្ដីដែលព្យាការី*ថ្លែងទុកមកថា:
41. “មនុស្សដែលចេះតែមើលងាយគេអើយ! ចូរនាំគ្នាមើល ហើយងឿងឆ្ងល់ រួចវិនាសបាត់ទៅចុះ! ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់ របស់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿ ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នា ក៏ដោយ” »។
42. ពេលលោកប៉ូល និងលោកបារណាបាសចេញពីសាលាប្រជុំ ពួកគេបានអញ្ជើញលោកឲ្យមានប្រសាសន៍អំពីសេចក្ដីទាំងនេះ នៅថ្ងៃសប្ប័ទ*ខាងមុខទៀត។
43. លុះអង្គប្រជុំបែកគ្នាហើយ មានសាសន៍យូដា និងអ្នកចូលសាសនាយូដាជាច្រើននាក់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ នាំគ្នាទៅតាមលោកប៉ូល និងលោកបារណាបាស។ លោកទាំងពីរបានសន្ទនាជាមួយពួកគេ ហើយក្រើនរំឭកគេឲ្យនៅខ្ជាប់ខ្ជួននឹងព្រះគុណរបស់ព្រះជាម្ចាស់ជានិច្ច។
44. នៅថ្ងៃសប្ប័ទបន្ទាប់មកទៀត ប្រជាជននៅក្រុងនោះបានមកជួបជុំ ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ទើរតែទាំងអស់គ្នា។
45. កាលជនជាតិយូដាឃើញមហាជនដូច្នោះ គេមានចិត្តច្រណែនជាខ្លាំង ក៏នាំគ្នានិយាយជំទាស់នឹងពាក្យដែលលោកប៉ូលមានប្រសាសន៍ ហើយថែមទាំងជេរប្រមាថលោកទៀតផង។
46. លោកប៉ូល និងលោកបារណាបាសក៏មានប្រសាសន៍ទៅគេ ដោយចិត្តអង់អាចថា៖ «មុនដំបូង យើងខ្ញុំត្រូវតែប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់បងប្អូន។ ប៉ុន្តែ ដោយបងប្អូនបដិសេធមិនព្រមទទួលព្រះបន្ទូលនេះ ហើយដោយបងប្អូនយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ