26. បងប្អូនជាពូជពង្សលោកអប្រាហាំ និងបងប្អូនដែលគោរពកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានចាត់ព្រះបន្ទូលស្ដីអំពីការសង្គ្រោះ មកឲ្យយើងទាំងអស់គ្នានេះហើយ
27. ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេ ពុំបានដឹងថាព្រះយេស៊ូជានរណាឡើយ។ គេបានកាត់ទោសព្រះអង្គ ស្របនឹងសេចក្ដីដែលព្យាការី*ថ្លែងទុកមក ហើយគេអានរៀងរាល់ថ្ងៃសប្ប័ទ*
28. ទោះបីគេរកកំហុសអ្វីមកកាត់ទោសលោកមិនឃើញក៏ដោយ ក៏គេនៅតែសុំឲ្យលោកពីឡាតប្រហារជីវិតព្រះអង្គដែរ។
29. កាលគេបានធ្វើស្របនឹងសេចក្ដីដែលមានចែងទុកអំពីព្រះអង្គចប់សព្វគ្រប់ហើយ គេក៏យកព្រះសពព្រះអង្គចុះពីឈើឆ្កាងទៅបញ្ចុះក្នុងផ្នូរ។
30. ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ។
31. ព្រះយេស៊ូបានបង្ហាញខ្លួនឲ្យអស់អ្នកដែលបានរួមដំណើរជាមួយព្រះអង្គ ពីស្រុកកាលីឡេទៅក្រុងយេរូសាឡឹម ឃើញអស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះធ្វើជាបន្ទាល់របស់ព្រះអង្គ នៅចំពោះមុខប្រជាជនទៀតផង។
32. រីឯយើងខ្ញុំវិញ យើងខ្ញុំសូមជូនដំណឹងល្អនេះប្រាប់បងប្អូនថា ព្រះបន្ទូលដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរសរបស់យើង
33. ព្រះអង្គបានធ្វើតាម ដើម្បីជាប្រយោជន៍ដល់យើង ដែលជាពូជពង្សរបស់លោកទាំងនោះហើយ គឺព្រះអង្គបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ដូចមានចែងទុកក្នុងទំនុកតម្កើងទីពីរថា: ព្រះអង្គជាបុត្ររបស់យើង គឺយើងដែលបានបង្កើតព្រះអង្គមក នៅថ្ងៃនេះ ។
34. ព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីកុំឲ្យព្រះសពព្រះអង្គត្រូវរលួយឡើយ ដូចមានចែងទុកមកថា: អ្វីៗដ៏វិសុទ្ធ* និងដ៏ជាទីទុកចិត្ត ដែលយើងបានសន្យាថានឹងឲ្យដាវីឌ យើងនឹងប្រគល់ឲ្យអ្នករាល់គ្នា ។