15. គេនាំគ្នានិយាយមកកាន់នាងថា៖ «នាងឆ្កួតហើយ!» ប៉ុន្តែ នាងបានប្រកែកវិញថា៖ «លោកពិតជាមកដល់មែន»។
16. គេពោលថា៖ «ប្រហែលជាទេវតា*របស់លោកទេដឹង!»។ លោកពេត្រុសនៅតែគោះទ្វារដដែល គេក៏ចេញទៅបើកទ្វារឲ្យ ហើយពេលឃើញលោក គេងឿងឆ្ងល់យ៉ាងខ្លាំង។
17. លោកពេត្រុសធ្វើសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់អំពីរបៀបដែលព្រះអម្ចាស់បានជួយលោក ឲ្យចេញរួចពីទីឃុំឃាំង។ លោកមានប្រសាសន៍ទៅគេថា៖ «សូមយកដំណឹងនេះទៅជម្រាបលោកយ៉ាកុប និងពួកបងប្អូនផង»។ បន្ទាប់មក លោកបានចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅកន្លែងមួយផ្សេងទៀត។
18. លុះភ្លឺឡើង ពួកទាហាននាំគ្នាជ្រួលច្របល់យ៉ាងខ្លាំង ព្រោះមិនដឹងជាលោកពេត្រុសទៅណាបាត់។