13. នៅពេលលោកគោះទ្វារ មានស្ត្រីបម្រើម្នាក់ ឈ្មោះនាងរ៉ូដាចេញមកសួរ
14. នាងស្គាល់ថាជាសំឡេងរបស់លោកពេត្រុស។ ដោយនាងត្រេកអរខ្លាំងពេក នាងពុំបានបើកទ្វារឲ្យទេ នាងបែរជារត់ចូលទៅជូនដំណឹងប្រាប់ពួកបងប្អូនថា៖ «លោកពេត្រុសមកដល់ហើយ លោកឈរនៅមាត់ទ្វារ»។
15. គេនាំគ្នានិយាយមកកាន់នាងថា៖ «នាងឆ្កួតហើយ!» ប៉ុន្តែ នាងបានប្រកែកវិញថា៖ «លោកពិតជាមកដល់មែន»។
16. គេពោលថា៖ «ប្រហែលជាទេវតា*របស់លោកទេដឹង!»។ លោកពេត្រុសនៅតែគោះទ្វារដដែល គេក៏ចេញទៅបើកទ្វារឲ្យ ហើយពេលឃើញលោក គេងឿងឆ្ងល់យ៉ាងខ្លាំង។
17. លោកពេត្រុសធ្វើសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់អំពីរបៀបដែលព្រះអម្ចាស់បានជួយលោក ឲ្យចេញរួចពីទីឃុំឃាំង។ លោកមានប្រសាសន៍ទៅគេថា៖ «សូមយកដំណឹងនេះទៅជម្រាបលោកយ៉ាកុប និងពួកបងប្អូនផង»។ បន្ទាប់មក លោកបានចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅកន្លែងមួយផ្សេងទៀត។
18. លុះភ្លឺឡើង ពួកទាហាននាំគ្នាជ្រួលច្របល់យ៉ាងខ្លាំង ព្រោះមិនដឹងជាលោកពេត្រុសទៅណាបាត់។
19. ព្រះបាទហេរ៉ូដបញ្ជាឲ្យគេរកលោក តែរកមិនឃើញសោះ ស្ដេចក៏ឲ្យគេកាត់ទោសពួកអ្នកយាម រួចឲ្យគេនាំយកទៅសម្លាប់។ បន្ទាប់មក ស្ដេចយាងចុះពីស្រុកយូដា ទៅប្រថាប់នៅក្រុងសេសារា។
20. ព្រះបាទហេរ៉ូដមានទំនាស់ជាមួយអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន។ អ្នកទាំងនោះបានរួមចិត្តគំនិតគ្នាចូលទៅគាល់ស្ដេច។ គេបានបញ្ចុះបញ្ចូលលោកប្លាសតុស ជាមហាតលិកឲ្យមកខាងគេ ហើយទូលសូមសន្តិភាពពីស្ដេច ដ្បិតស្រុករបស់គេទទួលស្បៀងអាហារពីនគរព្រះបាទហេរ៉ូដ។
21. លុះដល់ថ្ងៃកំណត់ ព្រះបាទហេរ៉ូដទ្រង់គ្រឿងគង់លើបល្ល័ង្ក ហើយមានព្រះរាជឱង្ការឲ្យប្រជាជនស្ដាប់។
22. ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាព្រះសូរសៀងរបស់ព្រះ មិនមែនសំឡេងរបស់មនុស្សទេ!»។
23. រំពេចនោះ ស្រាប់តែមានទេវតារបស់ព្រះជាម្ចាស់មកប្រហារស្ដេចហេរ៉ូដ ព្រោះទ្រង់ពុំបានថ្វាយសិរីរុងរឿងទៅព្រះជាម្ចាស់។ ស្ដេចត្រូវដង្កូវចោះ ហើយក៏ផុតដង្ហើមទៅ។
24. មនុស្សម្នាបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចំនួនអ្នកជឿបានកើនឡើងជាលំដាប់។
25. រីឯលោកបារណាបាស និងលោកសូល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់សព្វគ្រប់ហើយ លោកវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដោយយកលោកយ៉ូហានហៅម៉ាកុស ទៅជាមួយផង។