10. ទេវតា និងលោកពេត្រុសបានឆ្លងផុតកន្លែងយាមទីមួយ និងកន្លែងយាមទីពីរ ហើយមកដល់ទ្វារដែកដែលបែរទៅរកទីក្រុង ទ្វារនោះរបើកនៅមុខអ្នកទាំងពីរ។ អ្នកទាំងពីរដើរទៅតាមដងផ្លូវមួយ ហើយរំពេចនោះ ស្រាប់តែទេវតាចេញបាត់ពីលោកពេត្រុសទៅ។
11. លោកពេត្រុសបានដឹងខ្លួន ក៏ពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាហេតុការណ៍នេះជាការពិតមែន ព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គមកដោះលែងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចហេរ៉ូដ និងរួចពីបំណងដែលប្រជាជនយូដាបម្រុងធ្វើមកលើរូបខ្ញុំ»។
12. យល់ឃើញដូច្នោះហើយ លោកក៏ទៅផ្ទះនាងម៉ារី ជាម្ដាយយ៉ូហាន ហៅម៉ាកុស ជាកន្លែងមានបងប្អូនជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។
13. នៅពេលលោកគោះទ្វារ មានស្ត្រីបម្រើម្នាក់ ឈ្មោះនាងរ៉ូដាចេញមកសួរ
14. នាងស្គាល់ថាជាសំឡេងរបស់លោកពេត្រុស។ ដោយនាងត្រេកអរខ្លាំងពេក នាងពុំបានបើកទ្វារឲ្យទេ នាងបែរជារត់ចូលទៅជូនដំណឹងប្រាប់ពួកបងប្អូនថា៖ «លោកពេត្រុសមកដល់ហើយ លោកឈរនៅមាត់ទ្វារ»។
15. គេនាំគ្នានិយាយមកកាន់នាងថា៖ «នាងឆ្កួតហើយ!» ប៉ុន្តែ នាងបានប្រកែកវិញថា៖ «លោកពិតជាមកដល់មែន»។
16. គេពោលថា៖ «ប្រហែលជាទេវតា*របស់លោកទេដឹង!»។ លោកពេត្រុសនៅតែគោះទ្វារដដែល គេក៏ចេញទៅបើកទ្វារឲ្យ ហើយពេលឃើញលោក គេងឿងឆ្ងល់យ៉ាងខ្លាំង។
17. លោកពេត្រុសធ្វើសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់អំពីរបៀបដែលព្រះអម្ចាស់បានជួយលោក ឲ្យចេញរួចពីទីឃុំឃាំង។ លោកមានប្រសាសន៍ទៅគេថា៖ «សូមយកដំណឹងនេះទៅជម្រាបលោកយ៉ាកុប និងពួកបងប្អូនផង»។ បន្ទាប់មក លោកបានចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅកន្លែងមួយផ្សេងទៀត។
18. លុះភ្លឺឡើង ពួកទាហាននាំគ្នាជ្រួលច្របល់យ៉ាងខ្លាំង ព្រោះមិនដឹងជាលោកពេត្រុសទៅណាបាត់។
19. ព្រះបាទហេរ៉ូដបញ្ជាឲ្យគេរកលោក តែរកមិនឃើញសោះ ស្ដេចក៏ឲ្យគេកាត់ទោសពួកអ្នកយាម រួចឲ្យគេនាំយកទៅសម្លាប់។ បន្ទាប់មក ស្ដេចយាងចុះពីស្រុកយូដា ទៅប្រថាប់នៅក្រុងសេសារា។
20. ព្រះបាទហេរ៉ូដមានទំនាស់ជាមួយអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន។ អ្នកទាំងនោះបានរួមចិត្តគំនិតគ្នាចូលទៅគាល់ស្ដេច។ គេបានបញ្ចុះបញ្ចូលលោកប្លាសតុស ជាមហាតលិកឲ្យមកខាងគេ ហើយទូលសូមសន្តិភាពពីស្ដេច ដ្បិតស្រុករបស់គេទទួលស្បៀងអាហារពីនគរព្រះបាទហេរ៉ូដ។